ព្រឹក

បានចម្រើនឡើងទាំងអស់គ្នា
ដោយXochitl Dixon
October 31, 2022
ម៉ារី(Marie) ជាស្ត្រីមេម៉ាយ ដែលខិតខំធ្វើការចិញ្ចឹមកូន តែនាងកម្រខកខានមិនបានទៅព្រះវិហារ ឬចូលរួមការសិក្សាព្រះគម្ពីរ។ រៀងរាល់សប្តាហ៍ នាងតែងតែជិះឡានក្រុងទៅព្រះវិហារ ជាមួយកូនៗទាំង៥នាក់ ហើយក៏បានជួយរៀបចំកន្លែងថ្វាយបង្គំព្រះ និងសម្អាតព្រះវិហារ។ នៅថ្ងៃអាទិត្យមួយនោះ លោកគ្រូគង្វាលបានប្រាប់ម៉ារីថា សមាជិកពួកជំនុំខ្លះបានរៀបចំអំណោយ សម្រាប់គ្រួសាររបស់នាង។ ប្តីប្រពន្ធមួយគូរបានឲ្យគ្រួសារនាងជួលផ្ទះរបស់ពួកគេ ដោយថ្លៃជួលផ្ទះថោកជាងផ្ទះដែលនាងកំពុងស្នាក់នៅមុន។ ប្តីប្រពន្ធមួយគូរទៀតក៏បានផ្តល់ការងារ នៅហាងកាហ្វេរបស់ពួកគេ ដែលមានអត្ថប្រយោជន៍ជាច្រើនសម្រាប់នាង។ យុវជនម្នាក់បានឲ្យរថយន្តចាស់មួយគ្រឿងឲ្យនាងប្រើប្រាស់ ដែលគាត់បានជួសជុល ហើយបានសន្យាថា នឹងជួយជួសជុលឡាននោះ ពេលណាវាខូច។ ម៉ារីក៏បានអរព្រះគុណព្រះ ដែលបានប្រទានក្តីអំណរ ក្នុងការរស់នៅ ក្នុងសហគមន៍ ដែលមានការប្ដេជ្ញាចិត្តបម្រើព្រះ និងបម្រើគ្នាទៅវិញទៅមក។ យើងប្រហែលមិនអាចជួយអ្នកដទៃ ឲ្យបានច្រើនដូចពួកជំនុំរបស់ម៉ារីឡើយ តែព្រះទ្រង់បានរៀបចំរាស្រ្តទ្រង់ ឲ្យជួយគ្នាទៅវិញទៅមក។ កណ្ឌគម្ពីរកិច្ចការបានពិពណ៌នាថា អ្នកជឿព្រះយេស៊ូវ “នៅតែព្យាយាមក្នុងសេចក្តីបង្រៀនរបស់ពួកសាវ័ក ហើយក្នុងសេចក្តីប្រកបគ្នា”(កិច្ចការ ៤:៤២)។ ពេលណាយើងរួបរួមគ្នា ដោយការលះបង់ធនធានតាមលទ្ធភាពរបស់យើង យើងអាចជួយអ្នកដែលខ្វះខាតក្នុងពួកជំនុំ ដូចអ្នកជឿនៅសម័យពួកជំនុំដំបូងផងដែរ(ខ.៤៤-៤៥)។ កាលណាយើងចូលទៅជិតព្រះ និងចូលមកជិតគ្នា យើងអាចមើលថែគ្នាទៅវិញទៅមក។ ពេលណាអ្នកដទៃបានឃើញសេចក្តីស្រឡាញ់របស់ព្រះ តាមរយៈការប្រព្រឹត្តរបស់រាស្រ្តព្រះអង្គ ពួកគេអាចមានចិត្តចង់មានទំនាក់ទំនងជាមួយព្រះយេស៊ូវ ដោយទទួលសេចក្តីសង្គ្រោះ(ខ.៤៦-៤៧)។ យើងអាចបម្រើអ្នកដទៃ ដោយទឹកមុខញញឹម ឬដោយអំពើសប្បុរសធម៌។ យើងអាចដាក់ដង្វាយ ឬអធិស្ឋានឲ្យពួកគេជាដើម។ ខណៈពេលដែលព្រះទ្រង់ធ្វើការនៅក្នុង និងតាមរយៈយើង យើងនឹងមានការចម្រើនឡើងទាំងអស់គ្នា។—XOCHITL DIXON
ហេតុអ្វីបានជាយើងចាំបាច់ ត្រូវចូលរួមក្នុងសហគមន៍មួយ ដែលប្តូរផ្តាច់ក្នុងការបម្រើព្រះ និងបម្រើគ្នាទៅវិញទៅមក? តើអ្នកអាចបម្រើនរណាម្នាក់យ៉ាងណាខ្លះ ដោយគ្មានចិត្តអាត្មានិយម និងដោយចិត្តសប្បុរស ក្នុងសប្តាហ៍នេះ?
ឱព្រះវរបិតានៃសេចក្តីស្រឡាញ់ សូមព្រះអង្គជួយទូលបង្គំ ឲ្យមើលឃើញអ្នកដែលខ្វះខាត និងបម្រើព្រះអង្គ ដោយបម្រើអ្នកដទៃ។
For further study, read Understanding the Bible: The Book of Acts at DiscoverySeries.org/Q0418.
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : យេរេមា ២៤-២៦ និង ទីតុស ២
ល្ងាច

ទីបន្ទាល់របស់អ្នក មិនមែនជាដំណឹងល្អឡើយ
ដោយUltimately with R.C. Sproul
October 31, 2022
ទីបន្ទាល់របស់អ្នក មិនមែនជាដំណឹងល្អឡើយ1 ទីបន្ទាល់របស់គ្រីស្ទបរិស័ទ អាចជាដំណឹងដ៏ល្អមួយបាន ដែលប្រាប់យើងអំពីជីវិតផ្លាស់ប្រែ ប៉ុន្តែ ការចែកចាយទីបន្ទាល់តែម្យ៉ាង គឺមិនមែនជាការផ្សាយដំណឹងល្អនោះទេ។ នៅថ្ងៃនេះ លោកគ្រូ អ. ស៊ី. ស្ព្រោល (R.C. Sproul) បញ្ជាក់ឡើងវិញ ឲ្យបានច្បាស់ថា អំណាចចេស្ដាព្រះសម្រាប់ជួយសង្គ្រោះ គឺមាននៅក្នុងព្រះបន្ទូលរបស់ព្រះយេស៊ូវ នៅក្នុងព្រះជន្ម ការសុគត និងការមានព្រះជន្មរស់ឡើងវិញរបស់ព្រះគ្រីស្ទ ជំនួសមនុស្សមានបាប។ អត្ថបទ សព្វថ្ងៃនេះ យើងតែងតែឮគេនិយាយថា «ខ្ញុំបានប្ដេជ្ញាចិត្តចំពោះដំណឹងល្អ ខ្ញុំបានសម្រេចចិត្តចែកចាយដំណឹងល្អ ឬក៏ខ្ញុំនឹងផ្សាយដំណឹងល្អ»។ ប៉ុន្តែ បើយើងពិនិត្យមើលអ្វីដែលពួកគេកំពុងតែចែកចាយ និងផ្សព្វផ្សាយ ពួកគេប្រហែលជាគ្រាន់តែប្រាប់យើងថា ខ្ញុំបានចែកចាយដល់អ្នកជិតខាងខ្ញុំថា ព្រះយេស៊ូវបានធ្វើឲ្យជីវិតខ្ញុំផ្លាស់ប្រែ នេះជាទីបន្ទាល់ដ៏អស្ចារ្យ ប៉ុន្តែ ការចែកចាយដូចនេះមិនមែនជាការផ្សាយដំណឹងល្អនោះទេ។ ខ្ញុំអាចនិយាយប្រាប់មិត្តភក្តិខ្ញុំថា «ខ្ញុំមានដំណឹងល្អមួយចង់ប្រាប់អ្នក។ ព្រះស្រឡាញ់អ្នក»។ នេះជាដំណឹងដ៏ល្អមួយ តែមិនមែនជាដំណឹងល្អនោះទេ។ ក្នុងព្រះគម្ពីរសញ្ញាថ្មី យើងឃើញថា ដំណឹងល្អមានអត្ថរូបច្បាស់លាស់។ ហើយអត្ថរូបនោះមិនមែននិយាយអំពីខ្ញុំ ហើយពិតជាមិននិយាយអំពីអ្នក។ អត្ថរូបនោះផ្ដោតទៅលើអង្គព្រះយេស៊ូវ និងព្រះរាជកិច្ចរបស់ទ្រង់ ពោលគឺផ្ដោតទៅលើសេចក្តីដែលថា ព្រះអង្គជានរណា ព្រះអង្គបានធ្វើអ្វីខ្លះ ហើយជាងនេះទៅទៀត ដំណឹងល្អថែមទាំងផ្ដោតទៅលើរបៀបដែលយើងអាចទទួលលទ្ធផលនៃព្រះរាជកិច្ចរបស់ព្រះអង្គ ដោយជំនឿ។ ក្នុងកណ្ឌគម្ពីរកិច្ចការ មានការលើកឧទាហរណ៍ជាញឹកញាប់ អំពីការចែកចាយរបស់ពួកសាវ័ក។ យើងឃើញមាន ឧទាហរណ៍ អំពី «ការប្រកាសព្រះបន្ទូល» របស់ពួកជំនុំដំបូង ដែលពួកអ្នកប្រាជ្ញបានហៅថា «កេរូម៉ា» (kérugma)។ ពេលណាយើងចង់ដឹងអំពីរបៀបដែលយើងគួរទៅឈោងចាប់លោកីយ៍ដែលកំពុងសង្កេតមើលយើង និងលោកិយដែលកំពុងវិនាស លោកិយដែលមិនជឿព្រះ តើពួកគេត្រូវការឮដំណឹងល្អអ្វី? យើងឃើញមានការប្រកាសព្រះបន្ទូលដូចនេះ ក្នុងកណ្ឌគម្ពីរកិច្ចការ នៅត្រង់ចំណុចការអធិប្បាយព្រះបន្ទូលមួយហើយមួយទៀត ហើយអត្ថន័យនៃការប្រកាសព្រះបន្ទូលនោះ សុទ្ធតែនិយាយអំពីព្រះជន្ម និងព្រះរាជកិច្ចរបស់ព្រះយេស៊ូវ។ ខ្ញុំយល់ឃើញថា ការចែកចាយទីបន្ទាល់គឺជាការល្អហើយ តែសូមកុំច្រឡំថា ការចែកចាយទីបន្ទាល់ជាការផ្សាយដំណឹងល្អនោះឡើយ។ យើងអាចប្រើទីបន្ទាល់របស់យើង ជាឱកាសដើម្បីផ្សាយដំណឹងល្អ។ ទីបន្ទាល់របស់យើងអាចនាំឲ្យញាតិមិត្តយើងចង់ស្តាប់ដំណឹងល្អ ប៉ុន្តែខ្ញុំសូមនិយាយម្តងទៀតថា ការរស់នៅរបស់យើងមិនមែនជាដំណឹងល្អនោះឡើយ។ ព្រះជន្មរបស់ព្រះអង្គទើបជាដំណឹងល្អ។ ទីបន្ទាល់របស់លោកគ្រូ អ. ស៊ី. ស្ព្រោល ក៏មិនមែនជាអំណាចរបស់ព្រះ សម្រាប់ជួយសង្គ្រោះនោះទេ។ ដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទ ទើបជាអំណាចរបស់ព្រះសម្រាប់ជួយសង្គ្រោះ ដោយផ្ដោតទៅលើឈើឆ្កាង ពោលគឺទៅលើការលោះបាប។ ការចែកចាយអំពីការដែលព្រះទ្រង់ធ្វើការក្នុងជីវិតយើង អាចជាដំណឹងដ៏ល្អមួយ ប៉ុន្តែ បើមិនបាននិយាយអំពីឈើឆ្កាងទេ នោះវាមិនមែនជាការផ្សាយដំណឹងល្អនោះទេ។ វាមិនមែនជាដំណឹងល្អនោះឡើយ។ យើងអាចនិយាយបានម្យ៉ាងទៀតថា យើងអាចប្រាប់គេ អំពីរឿងដ៏អស្ចារ្យ អំពីព្រះ និងអំពីរបៀបដែលព្រះអង្គអាចកែប្រែជីវិតអ្នក និងថែមទាំងនិយាយអំពីព្រះយេស៊ូវ។ ប៉ុន្តែ បើទីបន្ទាល់នេះមិនបាននិយាយបញ្ជាក់ អំពីការមានព្រះជន្មរស់ឡើងវិញរបស់ព្រះគ្រីស្ទទេ នោះវាអាចជាដំណឹងដ៏ល្អៗ តែមិនមែនជាដំណឹងល្អតាមព្រះគម្ពីរនោះឡើយ។ ព្រោះឈើឆ្កាងនៃព្រះគ្រីស្ទ និងការមានព្រះជន្មរស់ឡើងវិញរបស់ព្រះគ្រីស្ទ ជាធាតុផ្សំដ៏សំខាន់នៃដំណឹងល្អ ដូចនេះ បើមិនមានធាតុផ្សំទាំងនេះទេ ការចែកចាយនោះមិនមែនជាការចែកចាយដំណឹងល្អតាមព្រះគម្ពីរឡើយ។ កម្មវិធីផ្តោតចិត្តលើព្រះដ៏ខ្ពស់បំផុត ជាសម្លេង គឺជាការផ្តួចផ្តើមឡើង ជាភាសាអង់គ្លេស ដោយ Ligonier Ministries ។