ហើយអស់អ្នកដែលតយុទ្ធគ្នា គេខំអត់សង្កត់ចិត្តគ្រប់ជំពូក គឺធ្វើដូច្នោះ ដើម្បីឲ្យបានតែភួងជ័យដែលត្រូវពុករលួយ តែយើងរាល់គ្នាវិញ គឺឲ្យបានមកុដ១ ដែលមិនចេះពុករលួយឡើយ។ ១កូរិនថូស ៩:២៥
អាជីពរបស់កីឡាករបាល់ទាត់ជម្រើសជាតិអាមេរិក មានរយៈតែ៣ឆ្នាំកន្លះជាមធ្យម ជារយៈពេលដ៏ខ្លី នេះបើយោងតាមវិបសាយ statista.com។ តែក្រោយមក លោកថម ប្រេឌី(Tom Brady) ដែលជាខ្សែប្រយុទ្ធក៏បាននាំឲ្យមានការផ្លាស់ប្តូរ។ កាលពីឆ្នាំ២០២១ គាត់បានចាប់ផ្តើមរដូវកាលនៃការប្រកួតជាលើកទី២២របស់គាត់ ពេលគាត់មានអាយុ៤៤ឆ្នាំ។ តើគាត់អាចធ្វើដូចនេះបាន ដោយរបៀបណា? របបអាហារដ៏ម៉ឺងម៉ាត់ និងការហាត់ប្រាណជាប្រចាំ ប្រហែលជាបានជួយឲ្យគាត់នៅតែអាចមានសមត្ថភាពប្រកួតបានយូរជាងកីឡាករដទៃ។ ចិញ្ចៀនទាំង៧ដែលលោកប្រេឌីបានទទួលជាពានរង្វាន់ បាននាំឲ្យគេហៅគាត់ថា កីឡាករឆ្នើមបំផុតក្នុងប្រវត្តិសាស្រ្តកីឡាបាល់ទាត់ជម្រើសជាតិអាមេរិក។ តែវាជារហ័សនាម ដែលគាត់អាចទទួលបាន ដោយសារការប្ដេជ្ញាចិត្ត និងការលះបង់ក្នុងជីវិត ដើម្បីសម្រេចនូវគោលដៅរបស់គាត់។
សាវ័កប៉ុលបានទទួលស្គាល់ថា កីឡាករនៅសម័យគាត់ ក៏មានផ្នត់គំនិតស្រដៀងនេះផងដែរ(១កូរិនថូស ៩:២៤)។ តែគាត់ក៏បានដឹងផងដែរថា ទោះពួកគេបានហ្វឹកហាត់ច្រើនប៉ុណ្ណាក៏ដោយ ភាពរុងរឿងរបស់ពួកគេនឹងសាបរលាបទៅវិញ នៅពេលអនាគត។ ដូចនេះ គាត់ក៏បានមានប្រសាសន៍ថា យើងមានឱកាសរស់នៅថ្វាយព្រះយេស៊ូវ ដែលនាំឲ្យយើងទទួលលទ្ធផលដ៏អស់កល្បជានិច្ច។ ត្រង់ចំណុចនេះ សាវ័កប៉ុលកំពុងនិយាយព្រលយពាក្យថា បើកីឡាករបានខិតខំហ្វឹកហាត់យ៉ាងខ្លាំង ដើម្បីឲ្យបានរង្វាន់ នោះតើយើងត្រូវប្រឹងប្រែងជាងអម្បាលម៉ាន ដើម្បីឲ្យបាន “មកុដដែលនឹងស្ថិតស្ថេរអស់កល្បជានិច្ច”(ខ.២៥)។
យើងហ្វឹកហាត់មិនមែនដើម្បីឲ្យបានសង្គ្រោះនោះទេ តែផ្ទុយទៅវិញ ដោយសារយើងដឹងថា សេចក្តីសង្រ្គោះដែលយើងបានទទួលមានភាពអស្ចារ្យប៉ុណ្ណា នោះយើងត្រូវដាក់អាទិភាព មានផ្នត់គំនិត និងរស់នៅ ឲ្យសមនឹងតម្លៃនៃសេចក្តីសង្គ្រោះ ខណៈពេលដែលយើងធ្វើការរត់ប្រណាំងនៃសេចក្តីជំនឿ ដោយពឹងអាងកម្លាំងមកពីព្រះ។—ADAM R. HOLZ
តើអ្នកគិតថា ជំនឿរបស់អ្នកបានបណ្តាលចិត្តអ្នក ឲ្យប្រឹងប្រែងអស់ពីសមត្ថភាពយ៉ាងដូចម្តេចខ្លះ? តើអ្នកអាចជៀសវាងក្រឹត្យវិន័យនិយមដូចម្តេចខ្លះ ខណៈពេលដែលអ្នកមានការលូតលាស់ខាងវិញ្ញាណ?
ឱព្រះវរបិតា សូមព្រះអង្គជួយទូលបង្គំឲ្យលូតលាស់ ក្នុងការហ្វឹកហាត់ខាងវិញ្ញាណ ជាការឆ្លើយតប ចំពោះសេចក្តីស្រឡាញ់របស់ព្រះអង្គ តែមិនមែនដើម្បីខំប្រឹងឲ្យបានអ្វីៗ ដែលព្រះអង្គបានប្រទានឲ្យទូលបង្គំរួចហើយនោះទេ។
To learn more about the basics of spiritual life, visit ODBU.org/SF104.
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : យេរេមា ៣៤-៣៦ និង ហេព្រើរ ២