គ្មានអ្វីវិសេសដល់មនុស្សជាជាងការស៊ីហើយផឹកទេ ព្រមទាំងឲ្យចិត្តបានរីករាយសប្បាយ ដោយផលនៃការដែលខ្លួនបានធ្វើផង។ សាស្តា ២:២៤
ខ្ញុំធ្លាប់មានការភ័យខ្លាច ចំពោះថ្ងៃច័ន្ទ។ ជួនកាល ពេលណាខ្ញុំចុះពីរថភ្លើង ដើរទៅកន្លែងធ្វើការ ខ្ញុំក៏បានអង្គុយនៅស្ថានីយរថភ្លើង ដោយព្យាយាមពន្យារពេលយ៉ាងហោចណាស់ឲ្យបានពីរបីនាទី មុននឹងដើរទៅរកអាគាការិយាល័យ។ បេះដូងខ្ញុំក៏បានដើរញាប់ ខណៈពេលដែលខ្ញុំមានការព្រួយបារម្ភខ្លាចមិនបានបញ្ចប់កិច្ចការ ឲ្យបានមុនថ្ងៃផុតកំណត់ និងមិនចង់ជួបចៅហ្វាយនាយដែលមានការផ្លាស់ប្តូរអារម្មណ៍ឆាប់រហ័ស។
អ្នកខ្លះអាចមានការពិបាក នៅក្នុងការចូលទៅក្នុងសប្តាហ៍មួយទៀត ដែលមានការព្រួយបារម្ភច្រើន។ យើងប្រហែលមានអារម្មណ៍ថា ពិបាកពេក ឬគេមិនឲ្យតម្លៃយើង នៅកន្លែងធ្វើការ។ ស្តេចសាឡូម៉ូនបានពិពណ៌នា អំពីការលំបាកនៃការងារ យ៉ាងដូចនេះថា “ដ្បិតក្នុងអស់ទាំងការដែលមនុស្សធ្វើ និងសេចក្តីដែលចិត្តខំបង្កើត គឺជាការនឿយហត់ដែលខ្លួនខំធ្វើនៅក្រោមថ្ងៃ នោះតើមានផលអ្វីខ្លះ? ពីព្រោះអស់ទាំងថ្ងៃនៃអ្នកនោះមានសុទ្ធតែសេចក្តីទុក្ខព្រួយ ហើយកិច្ចធុរៈរបស់គេសុទ្ធតែលំបាកទទេ”(សាស្តា ២:២២-២៣)។
បទគម្ពីរនេះមិនបានប្រាប់យើង អំពីការងារដែលមានការពិបាកតិចជាង ឬមានរង្វាន់ច្រើនជាងនោះទេ តែបានបង្រៀនយើង ឲ្យផ្លាស់ប្តូរផ្នត់គំនិតរបស់យើង(ខ.២៤)។ ទោះការងារយើងមានការពិបាកយ៉ាងណាក៏ដោយ បទគម្ពីរសាស្តាបានលើកទឹកចិត្តយើង ឲ្យ “រកឃើញការស្កប់ចិត្ត” នៅក្នុងការងារនោះ ដោយជំនួយមកពីព្រះ(ខ.២៤)។ ការស្កប់ចិត្តនោះប្រហែលកើតមាន ពេលណាព្រះវិញ្ញាណបរិសុទ្ធជួយយើង ឲ្យបង្ហាញចេញនូវចារិកលក្ខណៈដូចព្រះគ្រីស្ទ។ ឬនៅពេលដែលយើងបានឮនរណាម្នាក់បានទទួលព្រះពរ តាមរយៈកិច្ចការរបស់យើង។ ឬក៏នៅពេលដែលយើងនឹកចាំ អំពីប្រាជ្ញា ដែលព្រះទ្រង់ប្រទាន ដើម្បីប្រឈមមុខដាក់ស្ថានភាពដ៏ពិបាកជាដើម។ ទោះការងារយើងមានការពិបាក ឬងាយស្រួលក៏ដោយ ក៏ព្រះដ៏ស្មោះត្រង់តែងតែគង់នៅជាមួយយើងជានិច្ច។ ព្រះវត្តមាន និងព្រះចេស្តាទ្រង់អាចប្រទានពន្លឺ នៅថ្ងៃដែលមានភាពងងឹត។ ដោយជំនួយមកពីព្រះអង្គ នោះយើងអាចអរព្រះគុណព្រះអង្គ ដែលបានប្រទានថ្ងៃច័ន្ទមក ដើម្បីឲ្យយើងបានរស់នៅក្នុងសប្តាហ៍ថ្មី ថ្វាយព្រះអង្គ។—POH FANG CHIA
តើមានរឿងអ្វីខ្លះ ដែលធ្វើឲ្យអ្នកមិនចង់ឲ្យថ្ងៃច័ន្ទមកដល់? តើអ្នកនឹងពឹងផ្អែកលើជំនួយរបស់ព្រះដូចម្តេចខ្លះ ដើម្បីស្វែងរកការស្កប់ចិត្ត ក្នុងការងាររបស់អ្នក នៅថ្ងៃនេះ?
ឱព្រះដ៏ស្មោះត្រង់ សូមព្រះអង្គជួយទូលបង្គំ ឲ្យមើលឃើញការល្អ ដែលព្រះអង្គកំពុងជួយទូលបង្គំ ឲ្យសម្រេចបាន តាមរយៈការងារទូលបង្គំ នៅថ្ងៃនេះ!
For further study, read How Can I Find Satisfaction in My Work at DiscoverySeries.org/Q0708
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : យេរេមា ៤០-៤២ និង ហេព្រើរ ៤