ស្រឡាញ់អ្នកជិតខាងដូចខ្លួនឯង

មិន​ត្រូវ​សងសឹក ឬ​ចង​គំនុំ​គុំគួន​នឹង​ពួក​កូនចៅ​របស់​សាសន៍​ឯង​ឡើយ គឺ​ត្រូវឲ្យ​ស្រឡាញ់​អ្នកជិតខាង​ដូច​ខ្លួនឯង​វិញ អញ​នេះ​ជា​ព្រះយេហូវ៉ា។ លេវី​វិន័យ ១៩:១៨

ក្នុងអំឡុងពេល​មានការ​បិទ​ខ្ទប់ និង​រស់នៅ​ដាច់ដោយឡែក​ពី​គ្នា ក្នុងអំឡុងពេល​នៃ​ការ​រីក​រាលដាល​​វី​រូស​កូ​រ៉ូ​ណា ខ្ញុំ​បាន​នឹក​ចំា​ពាក្យ​សម្តី ក្នុង​សំបុត្រ​ដែល​លោក​ម៉ា​ធីន លូស័​រ ឃីង Jr(Martin Luther King Jr.) បាន​សរសេរ​ពី​ក្នុង​គុក នៅ​ទី​ក្រុង​បឺមីងហាំ។ គាត់​បាន​និយាយ​អំពី​ភាព​អយុត្តិធម៌ ដោយ​លើកឡើង​ថា គាត់​មិន​អាច​អង្គុយ​ស្ងៀម នៅក្នុង​ទីក្រុង​មួយ ដោយ​មិន​ធ្វើអ្វី​សោះ ហើយ​​មិន​ខ្វល់​អំពី​រឿង​ដែល​កំពុង​កើតឡើង ក្នុង​ទីក្រុង​មួយទៀត​នោះ​ឡើយ។ គាត់​មានប្រសាសន៍​ថា “យើង​កំពុង​ជាប់​នៅក្នុង​បណ្តាញ​ដែល​ចង​ភ្ជាប់គ្នា​ទៅវិញទៅមក ដូច​ខ្សែអំបោះ​ដែល​ត្បាញ​ចូលគ្នា​ជា​ក្រណាត់។ ការអ្វី​ដែល​មក​ផល​ប៉ះពាល់​មក​លើ​មនុស្ស​ម្នាក់​ដោយ​ផ្ទាល់ គឺ​មានផល​ប៉ះពាល់​មក​លើ​មនុស្ស​ទាំងអស់ ដោយប្រយោល”។

ដូចគ្នា​នេះ​ដែរ ក្នុងអំឡុងពេល​នៃ​ការ​រាតត្បាត​នៃ​ជំងឺ​កូ​វីត១៩ យើង​អាច​សង្កេតឃើញ​ចំណង​ទាក់​ទង នៅ​តាម​បណ្តា​ទីក្រុង និង​ប្រទេស​ក្នុង​ពិភពលោក ដែល​បាន​បិទ​ខ្ទប់ ដើម្បី​ទប់ស្កាត់​ការ​រីក​រាលដាល​មេរោគ​កូ​រ៉ូ​ណា។ បាន​សេចក្តី​ថា រឿង​អ្វី​ដែល​មានផល​ប៉ះពាល់​មក​លើ​ទីក្រុង​មួយ​មិនយូរ​ប៉ុន្មាន អាច​មានផល​ប៉ះពាល់​មក​លើ​ទីក្រុង​មួយទៀត។

ជាច្រើន​សតវត្សរ៍​មក​ហើយ ដែល​ព្រះ​ទ្រង់​បាន​បង្រៀន​រាស្រ្ត​ព្រះអង្គ អំពី​របៀប​បង្ហាញ​ការ​យកចិត្ត​ទុកដាក់​ចំពោះ​អ្នកដទៃ។ ព្រះអង្គ​បាន​ប្រទាន​ក្រឹត្យវិន័យ​តាមរយៈ​លោក​ម៉ូសេ ដើម្បី​ដឹកនាំ​ពួក​អ៊ីស្រាអែល និង​ជួយ​ពួក​គេ​ឲ្យ​រស់នៅ​ជា​មួយ​គ្នា។ ព្រះអង្គ​បាន​ប្រាប់​ពួក​គេ​ថា “មិន​ត្រូវ​ឈរ​ទាស់​នឹង​ឈាម​អ្នកជិតខាង​ឯង​ដែរ”(លេវី​វិន័យ ១៩:១៦) ហើយ​មិន​ត្រូវ​សងសឹក​មក​លើ​អ្នកដទៃ តែ​ត្រូវ “ស្រឡាញ់​អ្នកជិតខាង​ឲ្យ​ដូច​ខ្លួនឯង”(ខ.១៨)។ ព្រះអង្គ​ជ្រាប​ថា សហគមន៍​នឹង​ចាប់ផ្តើម​មានការ​បាក់បែក បើ​គេ​មិន​ជួយគ្នា​ទៅវិញទៅមក ដោយ​ឲ្យ​តម្លៃ​មក​លើ​ជីវិត​អ្នកដទៃ ដូចដែល​ពួក​គេ​ឲ្យ​តម្លៃ​មក​លើ​ជីវិត​ខ្លួនឯង​ទេ​នោះ។

យើង​ក៏​អាច​ឱបក្រសោប​យក​ប្រាជ្ញា​នៃ​ការ​បង្រៀន​របស់​ព្រះ។ ខណៈ​ពេល​ដែល​យើង​ធ្វើ​កិច្ចការ​ប្រចាំថ្ងៃ យើង​អាច​ចាំ​ថា យើង​មាន​ចំណងទាក់ទង​ជាមួយ​អ្នកដទៃ ហើយ​យើង​ត្រូវ​ទូល​សូម​ព្រះអង្គ ជួយ​យើង​ឲ្យ​ស្រឡាញ់ និង​បម្រើ​ពួក​គេ​ឲ្យបាន​ល្អ។—AMY BOUCHER PYE

ហេតុអ្វី​ព្រះយេស៊ូវ​បាន​ដក​ស្រង់​ក្រឹត្យវិន័យ​របស់​ព្រះ ពេល​ដែល​ព្រះអង្គ​ប្រាប់​ពួក​អ្នកដឹកនាំ​សាសនា ឲ្យ​ស្រឡាញ់​អ្នកជិតខាង​ដូច​ខ្លួនឯង? តើ​អ្នក​អាច​អនុវត្ត​តាម​ព្រះរាជ​បញ្ជា​នេះ នៅ​ថ្ងៃនេះ យ៉ាងដូច​ម្តេច​ខ្លះ?

ឱ​ព្រះ​អាទិករ នៃ​សេចក្តី​ស្រឡាញ់ សូម​ព្រះអង្គ​ជួយ​ទូលបង្គំ​នាំ​អ្នកដទៃ ឲ្យ​ស្គាល់​សេចក្តី​ស្រឡាញ់ និង​ព្រះគុណ​ព្រះអង្គ នៅ​ថ្ងៃនេះ។

គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : យេរេមា ៤៣-៤៥ និង ហេព្រើរ ៥

Share this post:
Facebook
Twitter
LinkedIn
WhatsApp

More articles