កេរដំណែលនៃមិត្តភាព

មិត្រ​សំឡាញ់​រមែង​ស្រឡាញ់​គ្នា​នៅ​គ្រប់វេលា ឯ​បងប្អូន​ក៏​កើតមក​សំរាប់​គ្រាលំបាក​ដែរ។ សុភាសិត ១៧:១៧

ខ្ញុំ​បាន​ជួប​គាត់ ក្នុង​ទសវត្សរ៍​ឆ្នាំ១៩៧០ កាល​ខ្ញុំ​កំពុង​បង្រៀន​មុខវិជ្ជា​ភាសា​អង់គ្លេស និង​កីឡា​បាល់បោះ នៅ​វិទ្យាល័យ ហើយ​គាត់​ជា​សិស្ស​ដែល​មាន​កម្ពស់​ខ្ពស់ និង​មាឌធំ។ មិនយូរ​ប៉ុន្មាន គាត់​ក៏បាន​ចូលក្នុង​ក្រុមកីឡា​បាល់បោះ​របស់ខ្ញុំ ហើយក៏​បាន​ចូលរៀន​ក្នុង​ថ្នាក់​ដែល​ខ្ញុំ​បង្រៀន។ មិត្តភាព​ក៏បាន​កើតមាន​រវាង​យើង​ទាំងពីរ។ មិត្តភក្ដិ​ដដែល​នេះ​ក៏បាន​បម្រើការ ជាមួយ​ខ្ញុំ ជា​អ្នក​កែសម្រួល​អត្ថបទ​ជាមួយ​ខ្ញុំ អស់​ជាច្រើន​ឆ្នាំ។ ក្នុង​ពិធី​ចូលនិវត្តន៍​របស់ខ្ញុំ គាត់​ក៏បាន​ឡើង​ចែកចាយ អំពី​កេរដំណែល​នៃ​មិត្តភាព​ដែល​យើង​មាន​ជាមួយគ្នា តាំង​ពី​យូរ​មក​ហើយ។

ចុះ​ចំណែក​ឯ​មិត្តភក្តិ​ដែល​មាន​ចំណងទាក់ទង​ ដោយ​សេចក្តី​ស្រឡាញ់​របស់​ព្រះ ដែល​លើកទឹកចិត្ត​យើង និង​នាំយើង​ចូល​ទៅ​ជិត​ព្រះយេស៊ូវ​? បទ​គម្ពីរ​សុភាសិត​បាន​បង្ហាញ​ឲ្យ​យើង​ដឹង​ថា មិត្តភាព​មាន​ធាតុផ្សំ​ពីរ​យ៉ាង ដែល​បាន​លើកទឹកចិត្ត​យើង។ ទីមួយ មិត្ត​ភក្តិ​ពិតប្រាកដ​ផ្តល់​ឲ្យ​យើង​នូវ​យោបល់​ដ៏​មានតម្លៃ ទោះ​វា​ជា​យោបល់ ដែល​គាត់​ពិបាក​ឲ្យ ឬ​យើង​ពិបាក​ទទួល​ក៏ដោយ(២៧:៦) គឺ​ដូច​មាន​សេចក្តី​ចែងថា : “របួស​ដែល​មិត្រ​សំឡាញ់​ធ្វើ​ដល់​យើង នោះ​តែង​ធ្វើ​ដោយ​ស្មោះត្រង់​ទេ”។ ទីពីរ មិត្ត​ភក្តិ​ដែល​នៅ​ក្បែរ​យើង ហើយ​ងាយ​ទំនាក់ទំនង មាន​សារៈសំខាន់ ក្នុង​ពេល​ដែល​មានរឿង​វិបត្តិ គឺ​ដូច​មាន​សេចក្តី​ចែងថា : “អ្នកមួយ​ដែល​នៅ​ជិតខាង​ខ្លួន នោះ​វិសេស​ជាង​បងប្អូន​ដែល​នៅ​ឆ្ងាយ​វិញ”(ខ.១០)។

ការ​ធ្វើដំណើរ​ក្នុង​ជីវិត តែម្នាក់ឯង មិនមែន​ជាការល្អ​ទេ។ គឺ​ដូចដែល​ស្តេច​សាឡូម៉ូន​បាន​កត់សំគាល់​ថា “មាន​គ្នា២នាក់ នោះ​វិសេស​ជាង​នៅតែ​ឯង ពីព្រោះ​គេ​មាន​រង្វាន់​យ៉ាង​ល្អ​កើត​ពី​ការនឿយហត់​របស់​ខ្លួន”(សាស្ដា ៤:៩)។ ក្នុង​ការ​រស់​នៅ យើង​ចាំបាច់​ត្រូវ​មាន​មិត្ត​ភក្តិ ហើយ​ធ្វើជា​មិត្ត​ល្អ​សម្រាប់​អ្នកដទៃ។ សូម​ព្រះ​ទ្រង់​ជួយ​យើង​ឲ្យ​ស្រឡាញ់​គ្នា​ជា​បង​ជា​ប្អូន (រ៉ូម ១២:១០) ហើយ​ជួយ​សម្រាល​បន្ទុក​គ្នា​ទៅវិញទៅមក (កាឡាទី ៦:២) ដើម្បីឲ្យ​យើង​ធ្វើជា​មិត្ត​ភក្តិ ដែល​អាច​លើកទឹកចិត្ត​គ្នា​ទៅវិញទៅមក ហើយ​នាំ​ពួក​គេ​ចូល​មក​ជិត​សេចក្តី​ស្រឡាញ់​របស់​ព្រះ​យេស៊ូវ​។—DAVE BRANON

តើ​អ្នក​ចង់​នៅ​ដាច់ដោយឡែក​ពី​អ្នកដទៃ ដោយ​មូលហេតុ​អ្វីខ្លះ? តើ​អ្នក​អាច​ភ្ជាប់​ទំនាក់ទំនង​ជា​ទៀងទាត់ ជាមួយ​អ្នកជឿ​ដែល​រឹងមាំ​យ៉ាងដូច​ម្តេច​ខ្លះ ដើម្បី​លើកទឹកចិត្ត​គ្នា​ទៅវិញទៅមក?

ឱ​ព្រះ​អម្ចាស់ សូម​ព្រះអង្គ​ពិនិត្យមើល​ចិត្ត​ទូលបង្គំ ក្នុង​ពេល​ដែល​ទូលបង្គំ​មាន​មិត្តភាព​ជាមួយ​អ្នកដទៃ។ សូម​ព្រះអង្គ​ជួយ​ទូលបង្គំ ឲ្យ​ផ្តល់​យោបល់​មក​ពី​ព្រះគ្រីស្ទ​ដល់​ពួក​គេ ហើយ​ទទួល​ប្រាជ្ញា​មក​ពី​ព្រះអង្គ តាមរយៈ​ពួក​គេ។

គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : យេរេមា ៤៨-៤៩ និង ហេព្រើរ ៧

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles