បង្កើនការប្រុងប្រយ័ត្ន

ត្រូវឲ្យ​ឯង​រាល់គ្នា​ប្រយ័ត្នខ្លួន ហើយ​រក្សា​ចិត្ត​ឲ្យ​មែនទែន ក្រែង​ភ្លេច​អស់ទាំង​ការ ដែល​ភ្នែក​ឯង​បានឃើញ។ ចោទិយកថា ៤:៩

មាន​បុរស​ម្នាក់​បាន​ទៅ​ជិះ​ស្គី​កម្សាន្ត​ជាមួយ​មិត្ត​ភក្តិ។ នៅ​ច្រក​ចូល​កន្លែង​ជិះ​ស្គី ពួក​គេ​ឃើញ​ផ្លាក​សញ្ញា​ដាស់តឿន​អំពី​គ្រោះថ្នាក់ ដែល​អាច​បណ្តាល​មក​ពី​ការ​បាក់​ស្រុត​ព្រឹល​ទឹកកក ហើយ​ពួក​គេ​ក៏បាន​ចាប់ផ្តើម​ជិះ​ក្តារ​រអិល​លើ​ព្រឹល​ទឹកកក​ចុះ​ពី​លើ​ជម្រាលភ្នំ​មក។ នៅ​ក្នុង​ដំណើរ​ចុះ​មក​ចង្កេះភ្នំ​ជា​លើក​ទី២ មាន​គេ​ស្រែក​ប្រាប់​ពួក​គេ​ថា មានការ​បាក់​ស្រុត​ព្រឹល​ទឹកកក។ អ្នកខ្លះ​បាន​រិះគន់​គាត់ ហើយ​ថា​គាត់​ទើប​តែ​ចេះ​ជិះ​ស្គី​លើ​ព្រឹល​ទឹកកក។ តែ​តាមពិត គាត់​ជា​អ្នកនាំ​គេ​ជិះ​ស្គី​ដែល​មាន​លិខិត​បញ្ជាក់​ការ​បណ្តុះបណ្តាល អំពី​ការ​បាក់​ស្រុត​ព្រឹល​ទឹកកក នៅ​តំបន់​ភ្នំ។ អ្នកស្រាវជ្រាវ​ម្នាក់​បាន​មានប្រសាសន៍​ថា អ្នក​ជិះ​ស្គី និង​ជិះ​ក្តារ​រអិល ដែល​បាន​ទទួល​បណ្តុះបណ្តាល​ច្រើន​បំផុត គឺ​ទំនងជា​ងាយ​នឹង​បោកប្រាស់​ខ្លួនឯង ញឹកញាប់​ជាងគេ។ អ្នក​ជិះ​ក្តារ​រអិល​នោះ​បាន​បាត់បង់ជីវិត ដោយសារ​គាត់​គិតថា ការ​បាក់​ស្រុត​ព្រឹល​ទឹកកក​នោះ​មិនទំនង​ជា​នឹង​កើតមាន។

កាល​ពួក​អ៊ីស្រាអែល​ត្រៀមខ្លួន​ចូល​ទឹកដី​សន្យា ព្រះ​ទ្រង់​សព្វព្រះទ័យ​ឲ្យ​រាស្រ្ត​ព្រះអង្គ មានការ​ប្រុងប្រយ័ត្ន​ជានិច្ច។ ដូចនេះ ព្រះអង្គ​បាន​បង្គាប់​ពួក​គេ​ឲ្យ​ស្តាប់​បង្គាប់​តាម​ក្រឹត្យវិន័យ​របស់​ព្រះអង្គ(ចោទិយកថា ៤:១-២) ហើយ​នឹក​ចាំ អំពី​ការ​ដាក់ទោស​របស់​ព្រះអង្គ មក​លើ​អ្នក​ដែល​មិន​ស្តាប់​បង្គាប់(ខ.៣-៤)។ ពួក​គេ​ចាំបាច់​ត្រូវ​មានការ​ប្រុងប្រយ័ត្ន ក្នុង​ការពិនិត្យ​មើល​ការប្រព្រឹត្ត និង​ចិត្ត​របស់​ខ្លួន(ខ.៩)។ ការ​នេះ​ជួយ​ពួក​គេ ឲ្យ​មានការ​ប្រុងប្រយ័ត្ន ចំពោះ​គ្រោះថ្នាក់​ខាងវិញ្ញាណ ដោយសារ​ការ​ធ្វេស​ប្រហែស។

យើង​ងាយ​នឹង​ខ្វះ​ការ​ការពារ និង​ធ្វេស​ប្រហែស ហើយ​បោកប្រាស់​ខ្លួនឯង។ តែ​ព្រះ​ទ្រង់​អាច​ប្រទាន​កម្លាំង ឲ្យ​យើង​ជៀសវាង​ការ​រអិលដួល​ក្នុង​ជីវិត និង​ប្រទាន​ការ​អត់ទោស​បាប ដោយ​ព្រះគុណ​របស់​ព្រះអង្គ ពេលណា​យើង​លន់តួ​បាប។ ពេលណា​យើង​ដើរតាម​ព្រះអង្គ និង​សម្រាក​ក្នុង​ប្រាជ្ញា និង​ការ​ផ្គត់ផ្គង់​របស់​ព្រះអង្គ យើង​អាច​បង្កើន​ការ​ប្រុងប្រយ័ត្ន និង​ធ្វើការ​សម្រេចចិត្ត​ត្រឹមត្រូវ!—MARVIN WILLIAMS

តើ​អ្នក​ងាយ​នឹង​ខ្វះ​ការ​ប្រុងប្រយ័ត្ន​ខាងវិញ្ញាណ នៅពេល​ណាខ្លះ? តើ​ធ្វើ​ដូចម្តេច​ឲ្យ​អ្នក​អាច​ដើរតាម​ប្រាជ្ញា​របស់​ព្រះ ហើយ​បន្ត​មានការ​ប្រុងប្រយ័ត្ន ចំពោះ​គ្រោះថ្នាក់​មក​លើ​ជំនឿ​របស់​អ្នក?

ឱ​ព្រះ​អម្ចាស់ សូម​ព្រះអង្គ​ជួយ​ទូលបង្គំ ឲ្យ​មានការ​ប្រុងប្រយ័ត្ន និង​ដើរតាម​ព្រះអង្គ ដោយ​ការ​ស្តាប់​បង្គាប់ ដោយ​សេចក្តី​ស្រឡាញ់។

គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : អេសេគាល ៣-៤ និង ហេព្រើរ ១១:២០-៤០

Share this post:
Facebook
Twitter
LinkedIn
WhatsApp

More articles