ត្រៀមខ្លួនឆ្លើយសំណួររបស់អ្នកមិនជឿ

ហើយ​ឲ្យ​ប្រុងប្រៀប​ជានិច្ច ដោយ​សុភាព ហើយ​កោតខ្លាច ដើម្បីនឹង​តបឆ្លើយ​ដល់​អ្នកណា​ដែល​សួរ​ពី​ហេតុ​នៃ​សេចក្តី​សង្ឃឹម​របស់​អ្នករាល់គ្នា។ ១ពេត្រុស ៣:១៥

កាលពី​ឆ្នាំ១៩៤១ ក្លិប​លោក​សូ​ក្រាត​ត្រូវ​បាន​គេ​បង្កើត​ឡើង នៅ​សកលវិទ្យាល័យ​អក់​ស្វឺ​ត នៅ​ប្រទេស​អង់គ្លេស ក្នុង​គោលបំណង ដើម្បី​លើកទឹកចិត្ត​ឲ្យ​មានការ​ជជែកវែក​ញែក រវាង​អ្នកជឿ​ព្រះយេស៊ូវ​ ជាមួយ​អ្នក​មិន​ជឿ​ថា ​ព្រះ​មាន​មែនឬអត់។

ការ​ជជែកវែក​ញែក​អំពី​ជំនឿ​សាសនា នៅ​សកលវិទ្យាល័យ​របស់​អ្នក​មិន​ជឿ​ព្រះ មិនមែន​ជា​រឿង​ចម្លែក​នោះ​ទេ តែ​អ្វី​ដែល​គួរឲ្យ​ភ្ញាក់ផ្អើល​នោះ​គឺ លោក​ស៊ីអេស លូ​អ៊ី​ស(C. S. Lewis) ជា​អ្នកប្រាជ្ញ​គ្រីស្ទបរិស័ទ​ដ៏​ល្បីល្បាញ បាន​ធ្វើជា​ប្រធាន​របស់​ក្លិប​នេះ អស់​រយៈពេល១៥ឆ្នាំ។ គាត់​បាន​ស្ម័គ្រចិត្ត​ឲ្យ​គេ​ចោទសួរ អំពី​ជំនឿ និង​ទស្សនៈ​របស់​គាត់ ដោយ​គាត់​ជឿ​ថា ជំនឿ​លើ​ព្រះគ្រីស្ទ​អាច​ប្រឈមមុខ​ដាក់​ការ​ចោទសួរ​ដែល​ពិបាក​ៗ​បាន។ គាត់​ដឹង​ថា យើង​មាន​ភស្តុតាង​ដែល​អាច​ទទួលយក​បាន និង​សម​ហេតុផល សម្រាប់​ឲ្យ​យើង​ជឿ​ព្រះយេស៊ូវ​។

ត្រង់​ចំណុច​នេះ លោក​លូ​អ៊ីស​កំ​ពុង​អនុវត្ត​តាម​ការ​បង្រៀន​របស់​សាវ័ក​ពេត្រុស ដល់​អ្នកជឿ​សម័យ​ដើម ដែល​កំពុង​រស់នៅ​ខ្ចាត់ខ្ចាយ ដោយ​រំឭក​ពួក​គេ​ “​ឲ្យ​ប្រុងប្រៀប​ជានិច្ច ដោយ​សុភាព ហើយ​កោតខ្លាច ដើម្បីនឹង​តបឆ្លើយ​ដល់​អ្នកណា​ដែល​សួរ​ពី​ហេតុ​នៃ​សេចក្តី​សង្ឃឹម​” របស់​ពួកគេ(១ពេត្រុស ៣:១៥)។ ក្នុង​បទ​គម្ពីរ​នេះ សាវ័ក​ពេត្រុស​បាន​បង្ហាញ​ចំណុច​គន្លឹះ​ពីរ​យ៉ាង​គឺ : យើង​មានហេតុ​ផល​ដ៏​ល្អ ដែល​ត្រូវ​មាន​សង្ឃឹម​ក្នុង​ព្រះគ្រីស្ទ ហើយ​យើង​ត្រូវ​បង្ហាញ​ហេតុផល​របស់​យើង ដល់​អ្នកចោទ​សួរ ដោយចិត្ត​សុភាព និង​ការគោរព។

ការ​ជឿ​ព្រះយេស៊ូវ​ គឺ​មិនមែន​ជា​ការ​ជឿ​សាសនា ឬ​ជា​ការ​គិត​ផ្សង​នោះ​ទេ។ ជំនឿ​របស់​យើង​មាន​មូលដ្ឋាន​គ្រឹះ នៅក្នុង​ការពិត ក្នុង​ប្រវត្តិ​សាស្រ្ត ដែល​រាប់បញ្ចូល​ទាំង​ការ​មាន​ព្រះជន្ម​រស់​ឡើងវិញ​របស់​ព្រះយេស៊ូវ​ និង​ភស្តុតាង​នៃ​ស្នា​ព្រះហស្ត​ទាំងឡាយ​របស់​ព្រះ ដែល​បាន​ធ្វើ​បន្ទាល់​អំពី​ទ្រង់ ដែល​ជា​ព្រះ​អាទិករ។ ខណៈ​ពេល​ដែល​យើង​សម្រាក ក្នុង​ប្រាជ្ញា​របស់​ព្រះ និង​កម្លាំង​នៃ​ព្រះវិញ្ញាណ ចូរ​យើង​ត្រៀមខ្លួន​ជាស្រេច ដើម្បី​ចែកចាយ​អំពី​ហេតុផល ដែល​យើង​ជឿ​ព្រះ​ដ៏​ធំ​ប្រសើរ​នៃ​យើង។—BILL CROWDER

តើ​អ្នក​នឹង​ចែកចាយ​អំពី​ជំនឿ​របស់​អ្នក ដល់​នរណា​ម្នាក់ ដោយ​របៀបណា? តើមាន​ភស្តុតាង​ដ៏​សម​ហេតុផល​អ្វីខ្លះ ដែល​បញ្ជាក់​ថា ព្រះយេស៊ូវ​បាន​មាន​ព្រះជន្ម​រស់​ឡើងវិញ ទោះ​ព្រឹត្តិ​ការណ៍​នេះ​ជា​ការ​អស្ចារ្យ​ក៏ដោយ?

ឱ​ព្រះ​ដ៏​មាន​គ្រប់​ចេស្តា ទូលបង្គំ​សូម​អរព្រះគុណ​ព្រះអង្គ សម្រាប់​ការ​ប្រទាន​ទូលបង្គំ នូវ​ភស្តុតាង ដើម្បី​ការពារ​ជំនឿ ដែល​ទូលបង្គំ​មាន​មក​លើ​ព្រះអង្គ។

For further study, read Why We Believe: Evidences for Christian Faith at DiscoverySeries.org​/Q0608.

គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : អេសេគាល ១៤-១៥ និង យ៉ាកុប ២

Share this post:
Facebook
Twitter
LinkedIn
WhatsApp

More articles