ការដឹងអំពីចុងបញ្ចប់ជាមុន

កាល​ទ្រង់​មាន​ព្រះជន្ម​រស់​ពី​ស្លាប់​ឡើងវិញ នោះ​ពួក​សិស្ស​នឹកឃើញ​ថា ទ្រង់​បាន​មាន​ព្រះបន្ទូល​ពាក្យ​នោះ។ យ៉ូហាន ២:២២

ការ​អាន​ជំពូក​ចុងក្រោយ​របស់​រឿងប្រលោមលោក​បែប​អាថ៌កំបាំង មុននឹង​អាន​សៀវភៅរឿង​នោះ​ទាំងមូល ស្តាប់​មើលទៅ ហាក់ដូច​មិនមែន​ជា​គំនិតល្អ សម្រាប់​អ្នក​ដែល​ចូលចិត្ត​តាមដាន​សាច់រឿង​ដ៏​ល្អ​មួយ។ តែ​អ្នកខ្លះ​មាន​ភាព​សប្បាយ​រីករាយ​ជាង នៅក្នុង​ការ​អាន​សៀវភៅរឿង បើសិនជា​ពួក​គេ​បានដឹង​មុន​ថា រឿង​នោះ​មានការ​បញ្ចប់​ដូចម្តេច​ខ្លះ។

ក្នុង​សៀវភៅ​ដែល​លោក រី​ឆាត ហេយ(Richard Hays) បាន​និពន្ធ មាន​ចំណងជើង​ថា ការ​អាន​សៀវភៅ​បញ្ច្រាស គាត់​បាន​បង្ហាញ​យើង អំពី​សារៈសំខាន់​នៃ​ការអនុវត្ត​ដូចនេះ នៅក្នុង​ការសិក្សា​ព្រះគម្ពីរ​ប៊ីប​របស់​យើង។ គាត់​បាន​បកស្រាយ អំពី​របៀប​ដែល​ពាក្យ​ដែល​មាន​ចែង និង​ព្រឹត្តិ​ការណ៍​ក្នុង​ព្រះគម្ពីរ បាន​ប្រាប់​ទុកជាមុន រំឭក និង​យោង​ឲ្យ​គ្នា​ទៅវិញទៅមក ហេតុនេះ​គាត់​ក៏បាន​ប្រាប់​យើង​អំពី​មូលហេតុ ដែល​ការ​ដឹង​ជាមុន អំពី​ចុងបញ្ចប់​នៃ​សាច់រឿង​ព្រះគម្ពីរ មាន​សារៈសំខាន់​ចំពោះ​ការសិក្សា​ព្រះគម្ពីរ។

គាត់​ក៏បាន​រំឭក​អ្នកអាន​របស់​គាត់​ថា ទាល់តែ​ព្រះយេស៊ូវ​បាន​មាន​ព្រះជន្ម​រស់​ឡើងវិញ ទើប​ពួក​សាវ័ក​ទ្រង់​យល់​អត្ថន័យ នៃ​ការ​អះអាង​របស់​ព្រះអង្គ​ថា ព្រះអង្គ​នឹង​សង់​ព្រះវិហារ​ឡើងវិញ​ក្នុងរយៈពេល៣ថ្ងៃ បន្ទាប់ពី​ព្រះវិហារ​ត្រូវ​បាន​បំផ្លាញ។ កណ្ឌ​គម្ពីរ​យ៉ូហាន​បាន​ប្រាប់​យើង​ថា “គឺ​ទ្រង់​មាន​ព្រះបន្ទូល​ពី​ព្រះវិហារ ដែល​ជា​រូបអង្គ​ទ្រង់​ទេ”(យ៉ូហាន ២:២១)។ ទាល់តែដល់​ពេលនោះ ទើប​ពួក​គេ​យល់​អត្ថន័យ នៃ​ការ​ប្រារព្ធ​ពិធីបុណ្យ​រំលង(មើល ម៉ាថាយ ២៦:១៧-២៩)។ ទាល់តែ​ពួក​គេ​បាន​ស្វែងយល់​អំពី​រឿង​ក្នុង​ព្រះគម្ពីរ​សញ្ញាចាស់ ទើប​ពួក​គេ​អាច​យល់​ការ​បកស្រាយ​របស់​ព្រះយេស៊ូវ​ អំពី​អារម្មណ៍​ដ៏​ជ្រាលជ្រៅ​ដែល​ស្តេច​នៅ​សម័យ​បុរាណ មាន​ចំពោះ​ដំណាក់​របស់​ព្រះ(ទំនុកដំកើង ៦៩:៩ យ៉ូហាន ២:១៦-១៧)។ ទាល់តែ​ពួក​គេ​បាន​អាន​ព្រះគម្ពីរ​ឡើងវិញ ផ្អែក​ទៅលើ​ការ​បកស្រាយ​របស់​ព្រះយេស៊ូវ​ ទើប​ពួក​គេ​អាច​យល់​អំពី​របៀប​ដែល​ពិធីបុណ្យ​របស់​ពួក​អ៊ីស្រាអែល និង​ការ​យាង​មក​នៃ​ព្រះ​មែ​ស៊ី បញ្ជាក់​ន័យ​ឲ្យ​គ្នា​ទៅវិញទៅមក។

ដូចនេះ ពេលណា​យើង​បាន​យល់​អំពី​សាច់រឿង​ចុងក្រោយ​នៃ​ព្រះ​គម្ពីរប៊ីប យើង​អាច​មើលឃើញ​ព្រះយេស៊ូវ​ នៅក្នុង​សាច់រឿង​ទាំងអស់​ក្នុង​ព្រះ​គម្ពីរប៊ីប ពេល​យើង​អាន​ព្រះគម្ពីរ​ប៊ីប​ទាំង​មូល និង​មើលឃើញ​ព្រះអង្គ​ក្នុង​អ្វី​ដែល​យើង​ត្រូវការ​បំផុត។—MART DEHAAN

តើ​អ្នកមាន​ការ​ខ្វល់ខ្វាយ​អ្វីខ្លះ អំពី​អនាគត​របស់​អ្នក? ពេល​អ្នកអាន​ព្រះគម្ពីរ ដោយ​គិតដល់​ភាព​អស់​កល្ប​ជានិច្ច តើ​អ្នក​អាច​យល់​រឿង​របស់​ព្រះអង្គ​យ៉ាងដូច​ម្តេច​ខ្លះ?

ឱ​ព្រះ​វរបិតា ដែល​គង់នៅ​ស្ថានសួគ៌ ទូលបង្គំ​សូម​អរព្រះគុណ​ព្រះអង្គ សម្រាប់​ការអនុញ្ញាត​ឲ្យ​ទូលបង្គំ​រស់នៅ​បាន​យូរ​ល្មម នឹងអាច​យល់​ភាព​អស្ចារ្យ​នៃ​ព្រះវ​ត្ត​មានព្រះអង្គ តាមរយៈ​ព្រះបន្ទូល​ព្រះអង្គ។

For further study, read Genesis to Revelation: Why the Whole Story of the Bible Matters at DiscoverySeries.org​/Q0430.

គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : អេសេគាល ១៦-១៧ និង យ៉ាកុប ៣

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles