សេចក្តីជំនឿរស់

សេចក្តី​ជំនឿ បើ​គ្មាន​ការប្រព្រឹត្ត​តាម នោះ​ឈ្មោះថា​ស្លាប់​ហើយ។ យ៉ាកុប ២:២៦

មាន​ខ្យល់កួច​យក្ស​មួយ​បាន​បក់​កាត់តាម​សហគមន៍​មួយ នៅពេល​ល្ងាច ក្នុង​ខែមិថុនា ឆ្នាំ២០២១ ដោយ​បាន​បំផ្លិច​បំផ្លាញ​ជង្រុក​របស់​គ្រួសារ​មួយ។ វា​ជា​ការបាត់បង់​ដ៏​សោកសៅ ព្រោះ​ជង្រុក​នេះ​បាន​មាន​វត្ត​មាននៅ​លើ​ដី​របស់​គ្រួសារ​នេះ ចាប់តាំងពី​ចុង​ទសវត្សរ៍​ឆ្នាំ ១៨០០មកម្ល៉េះ។ ខណៈ​ពេល​ដែល​លោក​ចន(John) និង​អ្ន​កស្រី​បប(Barb) ធ្វើដំណើរ​ទៅ​ព្រះវិហារ កាត់តាម​កន្លែង​នោះ នៅពេល​ព្រឹក​ថ្ងៃបន្ទាប់ ពួក​គេ​ក៏បាន​ឃើញ​ការខូចខាត ហើយ​មានចិត្តចង់​ជួយ។ ដូចនេះ ពួក​គេ​ក៏បាន​ឈប់​ឡាន ហើយក៏​បានដឹង​ថា ក្រុម​គ្រួសារ​នោះ​កំពុងតែ​ត្រូវការ​គេ​ជួយ​សម្អាត​សំណល់​បាក់បែក។ ពួក​គេ​ក៏បាន​ប្រញាប់​បើកឡាន​ត្រឡប់ទៅ​ផ្ទះ​វិញ ដើម្បី​ផ្លាស់​ខោអាវ ហើយ​វិលត្រឡប់​មកវិញ ដើម្បី​ចំណាយពេល​ពេញមួយថ្ងៃ ក្នុង​ការ​សម្អាត​សំណល់​បាក់បែក ដែល​ខ្យល់កួច​នោះ​បាន​បង្កឡើង។ ត្រង់​ចំណុច​នេះ ពួក​គេ​បាន​បង្ហាញ​ចេញ​នូវ​សេចក្តី​ជំនឿ​របស់​ខ្លួន តាមរយៈ​ការបម្រើ​ក្រុម​គ្រួសារ​នោះ។

កណ្ឌ​គម្ពីរ​យ៉ាកុប​បាន​ចែងថា “សេចក្តី​ជំនឿ​ដែល​គ្មាន​ការប្រព្រឹត្ត នោះ​ឈ្មោះថា​ស្លាប់​ហើយ”(យ៉ាកុប ២:២៦)។ ក្នុង​កណ្ឌ​គម្ពីរ​នេះ សាវ័ក​យ៉ាកុប​ក៏​បាន​និយាយ​អំពី​គំរូ​របស់​លោក​អ័ប្រា​ហាំ ដែល​បាន​ដើរតាម​ព្រះ ដោយ​ការ​ស្តាប់​បង្គាប់ ពេល​ដែល​គាត់​មិន​ស្គាល់​កន្លែង ដែល​ព្រះ​បង្គាប់​ឲ្យ​គាត់​ទៅ(ខ.២៣ មើល​លោ​កុប្បត្តិ ១២:១-៤ ១៥:៦ ហេព្រើរ ១១:៨)។ លោក​យ៉ាកុប​ក៏បាន​និយាយ​អំពី​នាង​រ៉ា​ហាប ដែល​បាន​បង្ហាញ​ឲ្យ​គេ​ដឹង​ថា​នាង​មាន​ជំនឿ​លើ​ព្រះ​របស់​សាសន៍​អ៊ីស្រាអែល ពេល​ដែល​នាង​ជួយ​លាក់បាំង​ពួក​ស៊ើបការ ដែល​បាន​ចូល​មក​សង្កេតមើល​ទីក្រុង​យេ​រី​ខូ(យ៉ាកុប ២:២៥ មើល យ៉ូស្វេ ២ ៦:១៧)។

“បើ​អ្នកណា​ថា​ខ្លួន​មាន​សេចក្តី​ជំនឿ តែ​មិន​ប្រព្រឹត្ត​តាម នោះ​តើមាន​ប្រយោជន៍អ្វី?”(យ៉ាកុប ២:១៤)។ លោក​ម៉ា​ធ្យូ ហេ​នរី(Matthew Henry) បាន​មានប្រសាសន៍​ថា “សេចក្តី​ជំនឿ​គឺជា​ឫស ការប្រព្រឹត្ត​ល្អ​គឺជា​ផល​ផ្លែ ហើយ​យើង​ត្រូវ​ប្រាកដ​ថា យើង​មាន​ទាំង​ជំនឿ និង​ការប្រព្រឹត្ត”។ ព្រះ​ទ្រង់​មិន​ត្រូវការការ​​ប្រព្រឹត្ត​ល្អ​របស់​យើង​ទេ តែ​ជំនឿ​របស់​យើង​បង្ហាញ​ចេញ​មក តាមរយៈ​ការប្រព្រឹត្ត​របស់​យើង។—ANNE CETAS

ហេតុអ្វី​យើង​ចាំបាច់​ត្រូវ​មានការ​ប្រព្រឹត្ត​ល្អ? តើ​អ្នក​អាច​ធ្វើអ្វី​ខ្លះ ដោយ​សេចក្តី​ស្រឡាញ់​ដល់​ព្រះ?

ឱ​ព្រះ​អម្ចាស់ ទូលបង្គំ​សូម​បម្រើ​ព្រះអង្គ ដោយ​ជំនឿ​លើ​ព្រះអង្គ និង​សេចក្តី​ស្រឡាញ់​ចំពោះ​ព្រះអង្គ​នៅ​ថ្ងៃនេះ។

គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : អេសេគាល ១៨-១៩ និង យ៉ាកុប ៤

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles