ថ្វាយពេលអនាគតរបស់យើងដល់ព្រះ

មនុស្ស​ល្ងីល្ងើ​ក៏​ពង្រីក​ពាក្យ​ពោល​ជាច្រើន ឯ​មនុស្ស​លោក​គេ​មិនដឹងជា​នឹង​កើតមាន​អ្វី​ទេ។ សាស្តា ១០:១៤

កាលពី​ឆ្នាំ ២០១០ លោក​ឡាសស្លូ ហ៊ែ​នី​យែក(Laszlo Hanyecz) បាន​ធ្វើការ​ទិញ​ជាលើកដំបូង ដោយ​ប្រើ​លុយ​ប៊ីតខញ (bitcoin ជា​រូបិយ​បណ្ណ​ឌី​ជី​ធល ដែល​មានតម្លៃ​មួយ​ភាគ មួយ​សេន) ដោយ​បង់ប្រាក់ ១ម៉ឺន ប៊ីតខញ ដើម្បី​ទិញ​នំ​ភី​ហ្សា​២​បន្ទះ(តម្លៃ២៥ដុល្លា)។ នៅ​ឆ្នាំ២០២១ លុយ​ប៊ីតខញ​បាន​ឡើងថ្លៃ​ខ្ពស់​បំផុត ដោយ១ម៉ឺន​ប៊ី​តខញ មានតម្លៃ​ជាង ៥០០លាន​ដុល្លា។ មុន​ពេល​តម្លៃ​លុយ​នេះ​ឡើងថ្លៃ​កប់​ពពក គាត់​បាន​បន្ត​បញ្ជាទិញ​នំ​ភី​ហ្សា ដោយ​ប្រើ​លុយ ១០ម៉ឺន​ប៊ីតខញ​ជា​សរុប។ បើសិនជា​គាត់​សន្សំ​លុយ​ប៊ីតខញ​ទាំងនោះ គាត់​ប្រាកដជា​ក្លាយជា​មហាសេដ្ឋី​ប្រាក់​ពាន់​លាន​ដុល្លា ហើយ​មានឈ្មោះ​ក្នុង​បញ្ជី​អ្នកមាន​បំផុត​នៅ​លើ​ពិភពលោក។ តែ​គួរឲ្យ​ស្តាយ ដែល​គាត់​បានដឹង​ជាមុន​ថា នឹង​មានរឿង​នេះ​កើតឡើង។

ជា​ការពិត​ណាស់ លោក​ហ៊ែនយេក​មិន​អាច​ដឹង​ជាមុន​បានទេ។ គ្មាន​នរណា​អាច​ដឹង​បានទេ។ កណ្ឌ​គម្ពីរ​សាស្តា​បាន​ចែងថា “មនុស្សលោក​គេ​មិនដឹងជា​នឹង​កើតមាន​អ្វី​ទេ”(១០:១៤)។ ទោះ​យើង​បាន​ព្យាយាម​យល់ និង​គ្រប់គ្រង​ពេល​អនាគត​យ៉ាងណាក៏ដោយ ក៏​ខគម្ពីរ​នេះ​នៅតែ​ជា​សេចក្តី​ពិត។ អ្នកខ្លះ​គិតស្មាន​ថា ខ្លួនឯង​មានការ​យល់ដឹង លើស​ពី​អ្វី​ដែល​ខ្លួន​ពិតជា​ដឹង​មែន ឬ​ដែល​អាក្រក់​ជាង​នេះ​ទៀត​នោះ គឺ​យើង​គិតស្មាន​ថា យើង​បានដឹង​អំពី​ជីវិត ឬ​អនាគត​របស់​នរណា​ម្នាក់។ តែ​ដូចដែល​កណ្ឌ​គម្ពីរ​សាស្តា​បាន​សួរ​យ៉ាង​ច្បាស់​ថា “ការអ្វី​ដែល​នឹង​កើតមក​ខាងក្រោយ​ខ្លួន នោះ​តើ​អ្នកណា​នឹង​ថ្លែងប្រាប់​បាន?”(ខ.១៤)។ ទេ គ្មាន​នរណា​អាច​ថ្លែងប្រាប់​បានទេ។

ព្រះគម្ពីរ​បានប្រៀប​ធៀប​មនុស្ស​មាន​ប្រាជ្ញា និង​មនុស្ស​ល្ងង់ ហើយ​ចំណុច​ខុសគ្នា​មួយ ក្នុងចំណោមចំណុច​​ខុសគ្នា​ជាច្រើន​រវាង​អ្នក​ទាំងពីរ គឺ​ការ​បន្ទាបខ្លួន ក្នុង​ការយល់​ដឹង​អំពី​ពេល​អនាគត(សុភាសិត ២៧:១)។ មនុស្ស​មាន​ប្រាជ្ញា​ទទួលស្គាល់​ថា មានតែ​ព្រះ​ទេ​ដែល​ពិតជា​ជ្រាប​អំពី​ពេល​អនាគត ពេល​ដែល​ពួក​គេ​ធ្វើ​ការ​សម្រេច​ចិត្ត។ តែ​មនុស្ស​ល្ងង់​គិតស្មាន​ថា ខ្លួនឯង​ដឹង។ សូម​ព្រះ​ទ្រង់ប្រទាន​យើង​នូវ​ប្រាជ្ញា ដោយ​ថ្វាយ​ពេល​អនាគត​របស់​យើង​ដាច់​ដល់​ព្រះ ដែល​ពិតជា​ជ្រាប​ថា នឹង​មានរឿង​អ្វីខ្លះ​កើតឡើង។—WINN COLLIER

តើ​នៅពេល​ណា អ្នក​បាន​ជួប​ការ​ល្បួង​ដែល​នាំឲ្យ​អ្នក​ចង់​គ្រប់គ្រង​ពេល​អនាគត? តើ​ធ្វើ​ដូចម្តេច​ឲ្យ​អ្នក​អាច​ទុកចិត្ត​ថា ព្រះ​ទ្រង់​ គ្រប់គ្រង​ថ្ងៃ​ដែល​ត្រូវ​មកដល់?

ឱ​ព្រះអម្ចាស់ សូម​ព្រះអង្គ​ជួយ​ទូលបង្គំ​ឲ្យ​ទុកចិត្ត​ព្រះអង្គ នៅ​ថ្ងៃនេះ ហើយ​ទុកចិត្ត​ថា ព្រះអង្គ​បាន​រៀបចំ​ពេល​អនាគត សម្រាប់​ទូលបង្គំ តាមបំណង​ព្រះទ័យ​ព្រះអង្គ។

គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : អេសេគាល ២០-២១ និង យ៉ាកុប ៥

Share this post:
Facebook
Twitter
LinkedIn
WhatsApp

More articles