ព្រឹក

បានធ្វើល្អដល់ព្រះអង្គ
ដោយKatara Patton
November 28, 2022
ដែលអ្នករាល់គ្នាបានធ្វើការទាំងនោះ ដល់អ្នកតូចបំផុតក្នុងពួកបងប្អូនយើងនេះ នោះឈ្មោះថា បានធ្វើដល់យើងដែរ។ ម៉ាថាយ ២៥:៤០ នៅថ្ងៃដែលមានអាកាសធាតុត្រជាក់ស្រួល ក្នុងខែតុលា យ៉ាងហោចណាស់ មានជនអនាថា ៥៤នាក់ បានទទួលអាហារក្តៅៗ ពីស្ត្រីម្នាក់ ដែលកំពុងអបអរខួបកំណើតអាយុ៥៤ឆ្នាំរបស់ខ្លួន។ អាហារនោះរួមមាន សាច់មាន់អាំង សណ្តែកខៀវ នំស្ពៃហ្កាទី និងកួង។ ស្រ្តីនោះ និងមិត្តភក្ដិរបស់នាងបានសម្រេចចិត្តមិនទៅញាំអាហារពេលល្ងាច នៅភោជនីយដ្ឋាន ដើម្បីធ្វើពិធីខួបកំណើតដូចសព្វមួយដងទេ តែផ្ទុយទៅវិញ ពួកគេក៏បានចម្អិន និងចែកអាហារដល់ជនអនាថា នៅតាមដងផ្លូវ នៃទីក្រុងឈីកាហ្គោ។ នៅតាមបណ្ដាញសង្គម នាងក៏បានលើកទឹកចិត្តអ្នកដទៃ ឲ្យធ្វើទង្វើសប្បុរសធម៌ដល់អ្នកដទៃ ធ្វើជាអំណោយនៃខួបកំណើតរបស់ខ្លួនផងដែរ។ រឿងនេះបានធ្វើឲ្យខ្ញុំនឹកចាំ អំពីព្រះបន្ទូលព្រះយេស៊ូវ ក្នុងបទគម្ពីរ ម៉ាថាយ ជំពូក២៥ ដែលបានចែងថា “យើងប្រាប់អ្នករាល់គ្នាជាប្រាកដថា ដែលអ្នករាល់គ្នាបានធ្វើការទាំងនោះ ដល់អ្នកតូចបំផុតក្នុងពួកបងប្អូនយើងនេះ នោះឈ្មោះថា បានធ្វើដល់យើងដែរ”(ខ.៤០)។ ព្រះអង្គបានមានបន្ទូលនេះ បន្ទាប់ពីបានប្រកាសថា ចៀមរបស់ព្រះអង្គ នឹងបានទទួលការអញ្ជើញឲ្យចូលនគរដ៏អស់កល្បរបស់ព្រះអង្គ ដើម្បីទទួលមរតករបស់ពួកគេ(ខ.៣៣)។ នៅពេលនោះ ព្រះយេស៊ូវនឹងទទួលស្គាល់ថា ពួកគេជាអ្នកដែលបានចែកអាហារ និងសំលៀកបំពាក់ដល់ព្រះអង្គ ដោយសារសេចក្តីជំនឿពិតប្រាកដ ដែលពួកគេមានចំពោះព្រះអង្គ(គឺខុសពីអ្នកកាន់សាសនាដែលមានអំនួត ដែលមិនបានជឿព្រះអង្គ មើល ២៦:៣-៥)។ ពួកសុចរិតនឹងចោទសួរព្រះអង្គថា តើពួកគេបានថ្វាយអាហារ និងសំលៀកបំពាក់ដល់ព្រះអង្គ ពីពេលណា(២៥:៣៧) តែព្រះអង្គមានបន្ទូលច្បាស់ថា ការអ្វីដែលពួកគេបានធ្វើសម្រាប់អ្នកដទៃ ក៏រាប់ថា បានធ្វើដល់ព្រះអង្គផងដែរ(ខ.៤០)។ ការចែកអាហារដល់អ្នកអត់ឃ្លាន ក៏ជារបៀបមួយដែលព្រះទ្រង់ជួយយើង ឲ្យអាចថែរក្សារាស្រ្តព្រះអង្គ ដោយបង្ហាញសេចក្តីស្រឡាញ់របស់យើងដល់ព្រះអង្គ និងបង្ហាញថា យើងមានទំនាក់ទំនងជាមួយព្រះអង្គ។ សូមព្រះអង្គជួយយើង ឲ្យអាចបំពេញតម្រូវការអ្នកដទៃ នៅថ្ងៃនេះ។—KATARA PATTON
តើមានទង្វើសប្បុរសអ្វីខ្លះ ដែលអ្នកអាចធ្វើនៅថ្ងៃនេះ ដើម្បីបង្ហាញសេចក្តីស្រឡាញ់របស់ព្រះដល់អ្នកដទៃ? តើអ្នកអាចបំពេញតម្រូវការអ្នកដទៃដូចម្តេចខ្លះ?
ឱព្រះប្រកបដោយព្រះគុណ សូមព្រះអង្គជួយទូលបង្គំ ឲ្យបង្ហាញសេចក្តីស្រឡាញ់របស់ព្រះអង្គ តាមរយៈការប្រព្រឹត្តរបស់ទូលបង្គំនៅថ្ងៃនេះ។
For further study, read Loving the Neighbor Next Door at DiscoverySeries.org
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : អេសេគាល ៣៥-៣៦ និង ២ពេត្រុស ១
ល្ងាច

ការស្វែងរកទីក្រុងនៅស្ថានសួគ៌
ដោយUltimately with R.C. Sproul
November 28, 2022
ក្នុងជំនាន់នីមួយៗ រាស្រ្តរបស់ព្រះបានអត់ទ្រាំនឹងទុក្ខលំបាក ក្នុងលោកិយនេះ ដោយនឹកចាំថា ក្តីសង្ឃឹមរបស់ពួកគេមិនអាស្រ័យទៅលើលោកិយនេះឡើយ។ នៅថ្ងៃនេះដែរ លោកគ្រូ អ ស៊ី ស្រ្ពោល(R.C. Sproul) សូមលើកទឹកចិត្តគ្រីស្ទបរិស័ទ ឲ្យបន្តផ្ដោតចិត្តទៅលើផ្ទះរបស់ពួកគេនៅស្ថានសួគ៌ ជាកន្លែងដែលព្រះគ្រីស្ទគង់នៅ។ អត្ថបទ ពួកបរិសុទ្ធនៅគ្រាសញ្ញាចាស់ក៏បានមើលទៅជីវិត នៅនគរព្រះផងដែរ។ នៅក្នុងពេលដែលលោកយ៉ូបកំពុងរងទុក្ខវេទនា គាត់ក៏បានមានប្រសាសន៍ថា “ ទោះបើទ្រង់សំឡាប់ខ្ញុំក៏ដោយ គង់តែខ្ញុំនឹងទុកចិត្តដល់ទ្រង់ដែរ … ឯខ្ញុំៗដឹងថា អ្នកដែលលោះខ្ញុំទ្រង់មានព្រះជន្មរស់នៅ ហើយដល់ជាន់ក្រោយ ទ្រង់នឹងមកឈរនៅលើផែនដី”(យ៉ូប ១៣:១៥ ១៩:២៥)។ បុព្វបុរសនៃសាសន៍អ៊ីស្រាអែល ក្នុងគ្រាសញ្ញាចាស់ មិនមានឱកាសអានប្រវត្តិសាស្ត្រដែលបានកត់ត្រាអំពីការមានព្រះជន្មរស់ឡើងវិញរបស់ព្រះយេស៊ូវ ឬអាចសិក្សាព្រះបន្ទូលព្រះយេស៊ូវ ដែលមានចែងក្នុងព្រះគម្ពីរសញ្ញាថ្មី ដូចយើងក្នុងពេលបច្ចុប្បន្នឡើយ។ ពួកគេគ្រាន់តែមានសេចក្តីសង្ឃឹមជាស្រមោល ផ្អែកទៅលើព្រះបន្ទូលសន្យារបស់ព្រះ អំពីពេលអនាគត។ តែដោយផ្អែកទៅលើសេចក្តីសង្ឃឹមនេះ ពួកគេបានទទួលរងទារុណកម្ម ការបៀតបៀន ការស្អប់ ការឈឺចាប់ និងទុក្ខវេទនា ដែលមិននឹកស្មានដល់ ព្រោះពួកគេបានស្វែងរកប្រទេសល្អជាងមុន ជាប្រទេសនៅស្ថានសួគ៌ ហើយស្វែងរកទីក្រុង ដែលព្រះទ្រង់ជាអ្នកសង់ និងអ្នកបង្កើតទីក្រុងនោះ។ ព្រោះពួកគេដឹងថា ការលាចាកលោក ទៅនៅនគរស្ថានសួគ៌ គឺល្អជាងការរស់នៅលើផែនដីឆ្ងាយណាស់។