នំម៉ាណាប្រចាំថ្ងៃ

ព្រឹក

បានធ្វើល្អដល់ព្រះអង្គ

បានធ្វើល្អដល់ព្រះអង្គ

ដោយKatara Patton

November 29, 2022

ដែល​អ្នករាល់គ្នា​បាន​ធ្វើការ​ទាំងនោះ ដល់​អ្នកតូច​បំផុត​ក្នុង​ពួក​បងប្អូន​យើង​នេះ នោះ​ឈ្មោះថា បាន​ធ្វើ​ដល់​យើង​ដែរ។ ម៉ាថាយ ២៥:៤០ នៅ​ថ្ងៃ​ដែល​មាន​អាកាសធាតុ​ត្រជាក់ស្រួល ក្នុង​ខែតុលា យ៉ាងហោចណាស់ មាន​ជនអនាថា ៥៤នាក់ បាន​ទទួល​អាហារ​ក្តៅៗ ពី​ស្ត្រី​ម្នាក់ ដែល​កំពុង​អបអរ​ខួបកំណើត​អាយុ​៥៤​ឆ្នាំ​របស់​ខ្លួន។ អាហារ​នោះ​រួមមាន សាច់​មាន់អាំង សណ្តែក​ខៀវ នំ​ស្ពៃ​ហ្កា​ទី និង​កួង។ ស្រ្តី​នោះ និង​មិត្តភក្ដិ​របស់​នាង​បានសម្រេច​ចិត្ត​មិនទៅ​ញាំ​អាហារ​ពេលល្ងាច នៅ​ភោជនីយដ្ឋាន ដើម្បី​ធ្វើពិធី​ខួបកំណើត​ដូច​សព្វ​មួយ​ដង​ទេ តែ​ផ្ទុយទៅវិញ ពួក​គេ​ក៏បាន​ចម្អិន និង​ចែក​អាហារ​ដល់​ជនអនាថា នៅ​តាម​ដងផ្លូវ នៃ​ទីក្រុង​ឈី​កា​ហ្គោ។ នៅ​តាម​បណ្ដាញ​សង្គម នាង​ក៏បាន​លើកទឹកចិត្ត​អ្នកដទៃ ឲ្យ​ធ្វើ​ទង្វើ​សប្បុរសធម៌​ដល់​អ្នកដទៃ ធ្វើជា​អំណោយ​នៃ​ខួបកំណើត​របស់​ខ្លួន​ផង​ដែរ។ រឿង​នេះ​បាន​ធ្វើឲ្យ​ខ្ញុំ​នឹក​ចាំ អំពី​ព្រះបន្ទូល​ព្រះយេស៊ូវ​ ក្នុង​បទ​គម្ពីរ ម៉ាថាយ ជំពូក២៥ ដែល​បាន​ចែងថា “យើង​ប្រាប់​អ្នករាល់គ្នា​ជា​ប្រាកដ​ថា ដែល​អ្នករាល់គ្នា​បាន​ធ្វើការ​ទាំងនោះ ដល់​អ្នកតូច​បំផុត​ក្នុង​ពួក​បងប្អូន​យើង​នេះ នោះ​ឈ្មោះថា បាន​ធ្វើ​ដល់​យើង​ដែរ”(ខ.៤០)។ ព្រះអង្គ​បាន​មាន​បន្ទូល​នេះ បន្ទាប់ពី​បាន​ប្រកាស​ថា ចៀម​របស់​ព្រះអង្គ នឹង​បាន​ទទួលការ​អញ្ជើញ​ឲ្យ​ចូល​​នគរ​ដ៏​អស់​កល្ប​របស់​ព្រះអង្គ ដើម្បី​ទទួលមរតក​របស់​ពួក​គេ(ខ.៣៣)។ នៅពេល​នោះ ព្រះយេស៊ូវ​នឹង​ទទួលស្គាល់​ថា ពួក​គេ​ជា​អ្នក​ដែល​បាន​ចែក​អាហារ និង​សំលៀកបំពាក់​ដល់​ព្រះអង្គ ដោយសារ​សេចក្តី​ជំនឿ​ពិតប្រាកដ ដែល​ពួក​គេ​មាន​ចំពោះ​ព្រះអង្គ(គឺ​ខុសពី​អ្នក​កាន់សាសនា​ដែល​មាន​អំនួត ដែល​មិនបាន​ជឿ​ព្រះអង្គ មើល ២៦:៣-៥)។ ពួក​សុចរិត​នឹង​ចោទសួរ​ព្រះអង្គ​ថា តើ​ពួក​គេ​បាន​ថ្វាយ​អាហារ និង​សំលៀកបំពាក់​ដល់​ព្រះអង្គ ពី​ពេលណា(២៥:៣៧) តែ​ព្រះអង្គ​​មាន​បន្ទូល​ច្បាស់​ថា ការអ្វី​ដែល​ពួក​គេ​បាន​ធ្វើ​សម្រាប់​អ្នកដទៃ ក៏​រាប់​ថា បាន​ធ្វើ​ដល់​ព្រះអង្គ​ផង​ដែរ(ខ.៤០)។ ការ​ចែក​អាហារ​ដល់​អ្នក​អត់ឃ្លាន ក៏​ជា​របៀប​មួយ​ដែល​ព្រះ​ទ្រង់​ជួយ​យើង ឲ្យ​អាច​ថែរក្សា​រាស្រ្ត​ព្រះអង្គ ដោយ​បង្ហាញ​សេចក្តី​ស្រឡាញ់​របស់​យើង​ដល់​ព្រះអង្គ និង​បង្ហាញ​ថា យើង​មាន​ទំនាក់ទំនង​ជាមួយ​ព្រះអង្គ។ សូម​ព្រះអង្គ​ជួយ​យើង ឲ្យ​អាច​បំពេញ​តម្រូវការ​អ្នកដទៃ នៅ​ថ្ងៃនេះ។—KATARA PATTON

តើ​មាន​ទង្វើ​សប្បុរស​អ្វីខ្លះ ដែល​អ្នក​អាច​ធ្វើ​នៅ​ថ្ងៃនេះ ដើម្បី​បង្ហាញ​សេចក្តី​ស្រឡាញ់​របស់​ព្រះ​ដល់​អ្នកដទៃ? តើ​អ្នក​អាច​បំពេញ​តម្រូវ​ការ​អ្នកដទៃ​ដូចម្តេច​ខ្លះ?

ឱ​ព្រះ​ប្រកបដោយ​ព្រះគុណ សូម​ព្រះអង្គ​ជួយ​ទូលបង្គំ ឲ្យ​បង្ហាញ​សេចក្តី​ស្រឡាញ់​របស់​ព្រះអង្គ តាមរយៈ​ការប្រព្រឹត្ត​របស់​ទូលបង្គំ​នៅ​ថ្ងៃនេះ។

For further study, read Loving the Neighbor Next Door at DiscoverySeries.org

គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : អេសេគាល ៣៥-៣៦ និង ២ពេត្រុស ១

ល្ងាច

ការស្វែងរក​ទីក្រុង​នៅ​ស្ថានសួគ៌

ការស្វែងរក​ទីក្រុង​នៅ​ស្ថានសួគ៌

ដោយUltimately with R.C. Sproul

November 29, 2022

ក្នុង​ជំនាន់​នី​មួយៗ រាស្រ្ត​របស់​ព្រះ​បាន​អត់ទ្រាំ​នឹង​ទុក្ខ​លំបាក ក្នុង​លោកិយ​នេះ ដោយ​នឹក​ចាំ​ថា ក្តី​សង្ឃឹម​របស់​ពួក​គេ​មិន​អាស្រ័យ​ទៅលើ​លោកិយ​នេះ​ឡើយ។ នៅ​ថ្ងៃនេះ​ដែរ លោកគ្រូ អ ស៊ី ស្រ្ពោល(R.C. Sproul) សូម​លើកទឹកចិត្ត​គ្រីស្ទបរិស័ទ ឲ្យ​បន្ត​ផ្ដោត​ចិត្ត​ទៅលើ​ផ្ទះ​របស់​ពួក​គេ​នៅ​ស្ថានសួគ៌ ជា​កន្លែង​ដែល​ព្រះគ្រីស្ទ​គង់នៅ។ អត្ថបទ ពួក​បរិសុទ្ធ​នៅ​គ្រា​សញ្ញាចាស់​ក៏បាន​មើលទៅ​ជីវិត នៅ​នគរ​ព្រះ​ផង​ដែរ។ នៅក្នុង​ពេល​ដែល​លោក​យ៉ូប​កំពុង​រងទុក្ខ​វេទនា គាត់​ក៏បាន​មានប្រសាសន៍​ថា “ ទោះ​បើ​ទ្រង់​សំឡាប់​ខ្ញុំ​ក៏ដោយ គង់តែ​ខ្ញុំ​នឹង​ទុកចិត្ត​ដល់​ទ្រង់​ដែរ … ឯខ្ញុំៗដឹង​ថា អ្នក​ដែល​លោះខ្ញុំ​ទ្រង់​មាន​ព្រះជន្ម​រស់នៅ ហើយ​ដល់​ជាន់ក្រោយ ទ្រង់​នឹង​មក​ឈរ​នៅ​លើ​ផែនដី”(យ៉ូប ១៣:១៥ ១៩:២៥)។ បុព្វបុរស​នៃ​សាសន៍​អ៊ីស្រាអែល ក្នុង​គ្រា​សញ្ញាចាស់ មិន​មានឱកាស​អាន​ប្រវត្តិ​សាស្ត្រ​ដែល​បាន​កត់ត្រា​អំពី​ការ​មាន​ព្រះជន្ម​រស់​ឡើងវិញ​របស់​ព្រះយេស៊ូវ​ ឬ​អាច​សិក្សា​ព្រះបន្ទូល​ព្រះយេស៊ូវ​ ដែល​មាន​ចែង​ក្នុង​ព្រះគម្ពីរ​សញ្ញាថ្មី ដូច​យើង​ក្នុង​ពេល​បច្ចុប្បន្ន​ឡើយ។ ពួក​គេ​គ្រាន់តែ​មាន​សេចក្តី​សង្ឃឹម​ជា​ស្រមោល ផ្អែក​ទៅលើ​ព្រះបន្ទូល​សន្យា​របស់​ព្រះ អំពី​ពេល​អនាគត។ តែ​ដោយ​ផ្អែក​ទៅលើ​សេចក្តី​សង្ឃឹម​នេះ ពួក​គេ​បាន​ទទួលរង​ទារុណកម្ម ការបៀតបៀន ការ​ស្អប់ ការឈឺចាប់ និង​ទុក្ខវេទនា ដែល​មិន​នឹកស្មាន​ដល់ ព្រោះ​ពួក​គេ​បាន​ស្វែងរក​ប្រទេស​ល្អ​ជាង​មុន ជា​ប្រទេស​នៅ​ស្ថានសួគ៌ ហើយ​ស្វែងរក​ទីក្រុង ដែល​ព្រះ​ទ្រង់​ជា​អ្នកសង់ និង​អ្នកបង្កើត​ទីក្រុង​នោះ។ ព្រោះ​ពួក​គេ​ដឹង​ថា ការ​លាចាក​លោក ទៅ​នៅ​នគរ​ស្ថានសួគ៌ គឺ​ល្អ​ជាង​ការរស់នៅ​លើ​ផែនដី​ឆ្ងាយ​ណាស់។

ប្រភេទ