ព្រះអង្គដើរជាមួយខ្ញុំ

ព្រះគុណ​នៃ​ព្រះ ដែល​នាំ​សេចក្តី​សង្គ្រោះ​មកដល់​មនុស្ស​ទាំងឡាយ បាន​លេច​មក​ហើយ។ ទីតុស ២:១១

កាល​ពីរបី​ឆ្នាំមុន មាន​ក្រុម​ចម្រៀង​ដំណឹងល្អ​មួយ​ក្រុម បាន​ច្រៀង​បទ​ខ្លី​មាន​ចំណងជើង​ថា “ព្រះយេស៊ូវ​ដើរ​ជាមួយ​ខ្ញុំ”។ បទចម្រៀង​ដែល​ពួក​គេ​បាន​ច្រៀង​នេះ ក៏បាន​ក្លាយជា​បទចម្រៀង​ដ៏​ល្បីល្បាញ។ ទំនុកច្រៀង​នៃ​បទចម្រៀង​នេះ បាន​បង្កប់​ទៅ​ដោយ​រឿង​ដ៏​មានអំណាច​មួយ។

ក្រុម​ចម្រៀង​នេះត្រូវ​បាន​បង្កើត​ឡើង ដោយ​តន្ត្រីករ​ហ្សាស ឈ្មោះ ឃើ​ទីស លុន​ឌី(Curtis Lundy) កាល​គាត់​កំពុង​ទទួលការ​ព្យាបាល​ការ​ញៀន​ថ្នាំ ក្នុង​កម្មវិធី​ព្យាបាល​មួយ។ បន្ទាប់ពី​គាត់​បាន​លើក​ទឹក​ចិត្ត​​អ្នក​ផ្តាច់​ថ្នាំ​ញៀន​ដទៃ​ទៀត​ ឲ្យ​រួមគ្នា​បង្កើត​ជា​ក្រុម​ចម្រៀង ហើយ​គាត់​បាន​ទទួលការ​បណ្តាល​ចិត្ត ពី​បទ​ទំនុក​សកល​ចាស់​មួយ​បទ គាត់​ក៏បាន​និពន្ធ​បទ​ខ្លី​ធ្វើជា​ទំនុក​សកល​នៃ​ក្តី​សង្ឃឹម​ ដល់​អ្នក​ដែល​កំពុង​រស់នៅ​ក្នុង​កន្លែង​ព្យាបាល​អ្នក​ញៀន​ថ្នាំ។ សមាជិក​ក្រុម​ចម្រៀង​ម្នាក់​បាន​រៀបរាប់​អំពី​បទចម្រៀង​នេះ​ថា “កាលនោះ យើង​កំពុង​ច្រៀង​បទ​នោះ ដើម្បី​ជួយ​ឲ្យ​ជីវិត​យើង​បាន​ប្រសើរ​ឡើង។ យើង​កំពុង​ទូល​សូម​ព្រះយេស៊ូវ​ឲ្យ​សង្គ្រោះ​យើង និង​ជួយ​យើង​ឲ្យ​រួចផុត​ពី​ការ​ញៀន​ថ្នាំ”។ សមាជិក​ក្រុម​ម្នាក់​ទៀត ក៏បាន​រក​ឃើញថា ការឈឺចាប់​ដ៏​រាំ​រៃ​របស់​នាង​បាន​ថយ​ចុះ ពេល​នាង​ច្រៀង​បទចម្រៀង​នោះ។ ក្រុម​ចម្រៀង​នោះ មិនគ្រាន់​តែ​ច្រៀង​នូវ​ពាក្យពេចន៍ ដែលគេ​បាន​កត់​នៅ​លើ​ក្រ​ដាស់​ប៉ុណ្ណោះទេ តែ​ថែមទាំង​អធិស្ឋាន​តាមរយៈ​បទចម្រៀង​នេះ សូម​ការ​ប្រោស​លោះ​ពី​ព្រះអម្ចាស់​ផង​ដែរ។

បទ​គម្ពីរ ទីតុស ២:១១-១៤ បាន​ឆ្លុះបញ្ចាំង អំពី​បទពិសោធន៍​របស់​ពួក​គេ​យ៉ាង​ក្បោះក្បាយ។ ព្រះ​ទ្រង់​បាន​បង្ហាញ​ព្រះអង្គ​ទ្រង់ តាមរយៈ​ព្រះគ្រីស្ទ ដើម្បី​ប្រទាន​សេចក្តី​សង្រ្គោះ ដល់​មនុស្ស​ទាំងអស់(ទីតុស ២:១១)។ ជីវិត​អស់​កល្ប​ជាផ្នែក​មួយ​នៃ​អំណោយ​នៃ​សេចក្តី​សង្រ្គោះ​(ខ.១៣) ហើយ​ព្រះ​ទ្រង់​កំពុងធ្វើការ​ក្នុង​យើង ក្នុង​ពេល​សព្វថ្ងៃ ដោយ​ប្រទាន​កម្លាំង​យើង ឲ្យ​អាច​គ្រប់គ្រង​ខ្លួនឯង និង​បដិសេធន៍​សេចក្តី​ប៉ងប្រាថ្នា​របស់​លោកិយ ហើយ​ព្រះ​អង្គ​ប្រោស​លោះ​យើង ឲ្យ​មានជីវិត​រស់​ជាមួយ​ព្រះអង្គ(ខ.១២,១៤)។ ដូចដែល​សមាជិក​ក្រុម​ចម្រៀង​នោះ​បាន​លើកឡើង ព្រះយេស៊ូវ​មិន​គ្រាន់តែ​បាន​អស់​ទោស​បាប​ឲ្យ​យើង​ប៉ុណ្ណោះទេ តែ​ព្រះអង្គ​ថែមទាំង​បាន​រំដោះ​យើង​ឲ្យ​រួចផុត​ពី​របៀប​នៃ​ការរស់នៅ ដែល​បំផ្លាញ​ជីវិត​ខ្លួនឯង​ផង​ដែរ។

ព្រះយេស៊ូវ​ដើរ​ជាមួយ​ខ្ញុំ និង​អ្នក ព្រមទាំង​អ្នកណា​ដែល​ស្រែក​រក​ជំនួយ​ពី​ព្រះអង្គ។ ព្រះអង្គ​គង់នៅ​ជាមួយ​យើង ដោយ​ប្រទាន​សេចក្តី​សង្ឃឹម សម្រាប់​ពេល​អនាគត និង​សេចក្តី​សង្គ្រោះ។—SHERIDAN VOYSEY

តើ​អ្នក​ត្រូវការ​ឲ្យ​ព្រះយេស៊ូវ​កែ​ប្រែ​អ្នក​ត្រង់​ចំណុច​ណា នៅ​ថ្ងៃនេះ? តើ​អ្នកមាន​ចិត្ត​ស្រេកឃ្លាន​ប៉ុណ្ណា ក្នុង​ការ​ឲ្យ​ព្រះអង្គ​កែប្រែ​ជីវិត​អ្នក?

ឱ​ព្រះយេស៊ូវ​ ទូលបង្គំ​ត្រូវការ​ព្រះអង្គ។ សូម​ព្រះអង្គ​អត់ទោស​បាប​ឲ្យ​ទូលបង្គំ សូម​រំដោះ​ទូលបង្គំ ឲ្យ​រួចផុត​ពី​ទម្លាប់​អាក្រក់ ដែល​បំផ្លាញ​ជីវិត ហើយ​សូម​កែប្រែ​ទូលបង្គំ​ពី​ខាងក្នុង​មក​ក្រៅ។

គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : អេសេគាល ៣៣-៣៤ និង ១ពេត្រុស ៥

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles