កុំឲ្យអ្នកណាមើលងាយអ្នក ដោយព្រោះនៅក្មេងនោះឡើយ ចូរធ្វើជាគំរូដល់ពួកអ្នកជឿ ដោយពាក្យសំដី កិរិយាប្រព្រឹត្ត សេចក្តីស្រឡាញ់ សេចក្តីជំនឿ និងសេចក្តីបរិសុទ្ធ។ ១ធីម៉ូថេ ៤:១២
កាលពីឆ្នាំ ២០១១ បន្ទាប់ពីខ្ញុំ និងភរិយាខ្ញុំបានរៀបការរយៈពេលមួយទសវត្សរ៍ ដោយគ្មានកូន យើងក៏បានផ្លាស់ទៅរស់នៅប្រទេសក្រៅ ដើម្បីចាប់ផ្តើមជាថ្មី។ វាជាការផ្លាស់ប្តូរទីលំនៅដ៏រំភើបរីករាយ តែខ្ញុំត្រូវចាកចេញពីអាជីពជាអ្នកផ្សាយវិទ្យុ។ ខ្ញុំនឹកការងារនេះណាស់។ ខ្ញុំមានអារម្មណ៍ថាជាប់គាំងគំនិត ហើយក៏បានសុំយោបល់ ពីលោកលាម(Liam) ជាមិត្តភក្តិខ្ញុំ។
ខ្ញុំប្រាប់គាត់ត្រង់ៗថា ខ្ញុំមិនដឹងថា ព្រះទ្រង់កំពុងត្រាស់ហៅខ្ញុំឲ្យធ្វើអ្វីទៀតទេ។
គាត់ក៏បានសួរខ្ញុំថា តើខ្ញុំមិនធ្វើការនៅស្ថានីយវិទ្យុទៀតទេ? ខ្ញុំក៏បានប្រាប់គាត់ថា ខ្ញុំមិនធ្វើការជាអ្នកផ្សាយវិទ្យុទៀតទេ។
គាត់ក៏បានសួរទៀតថា “តើទំនាក់ទំនងប្តីប្រពន្ធរបស់អ្នកមានសុខទុក្ខយ៉ាងណាហើយ?”
ខ្ញុំមានការភ្ញាក់ផ្អើល ពេលដែលគាត់ផ្លាស់ប្តូរប្រធានបទ ទៅជជែកអំពីជីវិតអាពាហ៍ពិពាហ៍របស់ខ្ញុំវិញ។ ខ្ញុំក៏បានប្រាប់លោកលាមថា យើងជួបរឿងដ៏ឈឺចាប់ជាមួយគ្នា តែយើងក៏ឆ្លងកាត់ទុក្ខលំបាក ដោយទំនាក់ទំនងកាន់តែជិតស្និទ្ធ។
គាត់ក៏និយាយដោយទឹកមុខញញឹមថា “ការប្ដេជ្ញាចិត្ត គឺជាចំណុចស្នូលនៃដំណឹងល្អ។ លោកិយត្រូវការគំរូនៃទំនាក់ទំនងប្តីប្រពន្ធដែលមានការប្ដេជ្ញាចិត្ត ដូចនេះឯង! អ្នកប្រហែលមិនបានដឹង អំពីឥទ្ធិពលដែលអ្នកបានបញ្ចេញមកលើអ្នកដទៃ លើសពីអ្វីដែលអ្នកបានធ្វើ ក្នុងនាមជាអ្នកជឿព្រះ”។
ពេលដែលលោកធីម៉ូថេកំពុងជួបការលំបាកក្នុងការងារបម្រើព្រះ សាវ័កប៉ុលមិនបានដាក់គោលដៅ សម្រាប់ការងាររបស់គាត់នោះទេ។ ផ្ទុយទៅវិញ គាត់បានលើកទឹកចិត្តលោកធីម៉ូថេ ឲ្យរស់នៅ ដោយជីវិតដែលកោតខ្លាចព្រះ ធ្វើជាគំរូល្អ តាមរយៈពាក្យសម្ដី ការប្រព្រឹត្ត សេចក្តីស្រឡាញ់ ជំនឿ និងសេចក្តីបរិសុទ្ធរបស់ខ្លួន (៤:១២-១៣,១៥)។ គាត់ក៏បានជះឥទ្ធិពលល្អបំផុត មកលើអ្នកដទៃ ដោយការរស់នៅដ៏ស្មោះត្រង់ចំពោះព្រះ។
យើងងាយនឹងឲ្យតម្លៃមកលើជីវិតយើង ផ្អែកទៅលើជោគជ័យនៃអាជីពរបស់យើង តែយើងភ្លេចថា ចរិយាសម្បត្តិរបស់យើងទេ ដែលសំខាន់ចំពោះយើងនោះ។ តែពាក្យសម្ដីពិតត្រង់ ការប្រព្រឹត្តដ៏សប្បុរស និងទំនាក់ទំនងប្តីប្រពន្ធដែលមានការប្ដេជ្ញាចិត្ត អាចនាំមកនូវការផ្លាស់ប្តូរដ៏អស្ចារ្យ ព្រោះព្រះទ្រង់អាចប្រើទីបន្ទាល់ដ៏ល្អរបស់យើង ដើម្បីប៉ះពាល់ចិត្តលោកិយ ឲ្យស្គាល់សេចក្តីល្អរបស់ព្រះអង្គ។—SHERIDAN VOYSEY
តើនរណាខ្លះបាននាំមកនូវការផ្លាស់ប្តូរក្នុងជីវិតអ្នក ហើយតើពួកគេមានគំរូអ្វីខ្លះ? តើអ្នកអាចធ្វើជាគំរូនៃភាពស្មោះត្រង់ ដូចម្តេចខ្លះ នៅថ្ងៃនេះ?
ឱព្រះអម្ចាស់ សូមព្រះអង្គជួយទូលបង្គំឲ្យនឹកចាំថា កិច្ចការដែលទូលបង្គំធ្វើ មិនសំខាន់ដូចចរិយាសម្បត្តិដែលទូលបង្គំមានឡើយ។ សូមព្រះអង្គជួយទូលបង្គំឲ្យមានលក្ខណៈកាន់តែដូចព្រះអង្គ។
To discover more about who you are in Christ, visit ODBU.org/SF130.
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំពេញ : អេសេគាល ៤២-៤៤ និង ១យ៉ូហាន ១