ទីបន្ទាល់ដែលនាំឲ្យមានការផ្លាស់ប្តូរ

កុំ​ឲ្យ​អ្នកណា​មើលងាយ​អ្នក ដោយ​ព្រោះ​នៅក្មេង​នោះ​ឡើយ ចូរ​ធ្វើជា​គំរូ​ដល់​ពួក​អ្នកជឿ ដោយ​ពាក្យសំដី កិរិយា​ប្រព្រឹត្ត សេចក្តី​ស្រឡាញ់ សេចក្តី​ជំនឿ និង​សេចក្តី​បរិសុទ្ធ។ ១ធីម៉ូថេ ៤:១២

កាលពី​ឆ្នាំ ២០១១ បន្ទាប់ពី​ខ្ញុំ និង​ភរិយា​ខ្ញុំ​បាន​រៀបការ​រយៈពេល​មួយ​ទសវត្សរ៍ ដោយ​គ្មាន​កូន យើង​ក៏បាន​ផ្លាស់ទៅ​រស់នៅ​ប្រទេសក្រៅ ដើម្បី​​ចាប់​ផ្តើម​ជាថ្មី។ វា​ជា​ការ​ផ្លាស់​ប្តូរ​ទីលំនៅ​ដ៏​រំភើប​រីករាយ តែ​ខ្ញុំ​ត្រូវ​ចាកចេញ​ពី​អាជីពជា​អ្នក​ផ្សាយ​វិទ្យុ។ ខ្ញុំ​នឹក​ការងារ​នេះ​ណាស់។ ខ្ញុំ​មាន​អារម្មណ៍​ថា​ជាប់​គាំង​គំនិត ហើយក៏​បាន​សុំ​យោបល់ ពី​លោក​លាម(Liam) ជា​មិត្ត​ភក្តិ​ខ្ញុំ។

ខ្ញុំ​ប្រាប់​គាត់​ត្រង់ៗថា ខ្ញុំ​មិនដឹង​ថា ព្រះ​ទ្រង់​កំពុង​ត្រាស់​ហៅ​ខ្ញុំ​ឲ្យ​ធ្វើអ្វី​ទៀត​ទេ។

គាត់​ក៏បាន​សួរ​ខ្ញុំ​ថា តើ​ខ្ញុំ​មិន​ធ្វើការ​នៅ​ស្ថានីយ​វិទ្យុ​ទៀត​ទេ? ខ្ញុំ​ក៏បាន​ប្រាប់​គាត់​ថា ខ្ញុំ​មិន​ធ្វើការ​ជា​អ្នក​ផ្សាយ​វិទ្យុ​ទៀត​ទេ។

គាត់​ក៏បាន​សួរ​ទៀត​ថា “តើ​ទំនាក់ទំនង​ប្តី​ប្រពន្ធ​របស់​អ្នកមាន​សុខទុក្ខ​យ៉ាងណា​ហើយ?”

ខ្ញុំ​មានការ​ភ្ញាក់ផ្អើល ពេល​ដែល​គាត់​ផ្លាស់​ប្តូរ​ប្រធានបទ ទៅ​ជជែក​អំពី​ជីវិត​អាពាហ៍ពិពាហ៍​របស់ខ្ញុំ​វិញ។ ខ្ញុំ​ក៏បាន​ប្រាប់​លោក​លាម​ថា យើង​ជួប​រឿង​ដ៏​ឈឺចាប់​ជាមួយគ្នា តែ​យើង​ក៏​ឆ្លងកាត់​ទុក្ខ​លំបាក ដោយ​ទំនាក់ទំនង​កាន់តែ​ជិតស្និទ្ធ។

គាត់​ក៏​និយាយ​ដោយ​ទឹកមុខ​ញញឹម​ថា “ការ​ប្ដេជ្ញា​ចិត្ត គឺជា​ចំណុច​ស្នូល​នៃ​ដំណឹង​ល្អ។ លោកិយ​ត្រូវការ​គំរូ​នៃ​ទំនាក់ទំនង​ប្តី​ប្រពន្ធ​ដែល​មានការ​ប្ដេជ្ញា​ចិត្ត ដូចនេះ​ឯង! អ្នក​ប្រហែល​មិនបាន​ដឹង អំពី​ឥទ្ធិពល​ដែល​អ្នក​បាន​បញ្ចេញ​មក​លើ​អ្នកដទៃ លើស​ពី​អ្វី​ដែល​អ្នក​បាន​ធ្វើ ក្នុងនាម​ជា​អ្នកជឿ​ព្រះ”។

ពេល​ដែល​លោក​ធីម៉ូថេ​កំពុង​ជួប​ការ​លំបាក​ក្នុង​ការងារ​បម្រើ​ព្រះ សាវ័ក​ប៉ុល​មិនបាន​ដាក់​គោលដៅ សម្រាប់​ការងារ​របស់​គាត់​នោះ​ទេ។ ផ្ទុយទៅវិញ គាត់​បាន​លើកទឹកចិត្ត​លោក​ធីម៉ូថេ ឲ្យ​រស់នៅ ដោយ​ជីវិត​ដែល​កោតខ្លាច​ព្រះ ធ្វើជា​គំរូ​ល្អ តាមរយៈ​ពាក្យ​សម្ដី ការប្រព្រឹត្ត សេចក្តី​ស្រឡាញ់ ជំនឿ និង​សេចក្តី​បរិសុទ្ធ​របស់​ខ្លួន (៤:១២-១៣,១៥)។ គាត់​ក៏បាន​ជះ​ឥទ្ធិពល​ល្អ​បំផុត មក​លើ​អ្នកដទៃ ដោយ​ការរស់នៅ​ដ៏​ស្មោះត្រង់​ចំពោះ​ព្រះ។

យើង​ងាយ​នឹង​ឲ្យ​តម្លៃ​មក​លើ​ជីវិត​យើង ផ្អែក​ទៅលើ​ជោគជ័យ​នៃ​អាជីព​របស់​យើង តែ​យើង​ភ្លេច​ថា ចរិយា​សម្បត្តិ​របស់​យើង​ទេ ដែល​សំខាន់​ចំពោះ​យើង​នោះ។ តែ​ពាក្យ​សម្ដី​ពិត​ត្រង់ ការប្រព្រឹត្ត​ដ៏​សប្បុរស និង​ទំនាក់ទំនង​ប្តី​ប្រពន្ធ​ដែល​មានការ​ប្ដេជ្ញា​ចិត្ត អាច​នាំមក​នូវ​ការ​ផ្លាស់​ប្តូរ​ដ៏​អស្ចារ្យ ព្រោះ​ព្រះ​ទ្រង់​អាច​ប្រើ​ទីបន្ទាល់​ដ៏​ល្អ​របស់​យើង ដើម្បី​ប៉ះពាល់​ចិត្ត​លោកិយ ឲ្យ​ស្គាល់​សេចក្តីល្អ​របស់​ព្រះអង្គ។—SHERIDAN VOYSEY

តើន​រណា​ខ្លះ​បាន​នាំ​មក​នូវ​ការ​ផ្លាស់​ប្តូរ​ក្នុង​ជីវិត​អ្នក ហើយ​តើ​ពួក​គេ​មាន​គំរូ​អ្វីខ្លះ? តើ​អ្នក​អាច​ធ្វើជា​គំរូ​នៃ​ភាព​ស្មោះត្រង់ ដូចម្តេច​ខ្លះ នៅ​ថ្ងៃនេះ?

ឱ​ព្រះ​អម្ចាស់ សូម​ព្រះអង្គ​ជួយ​ទូលបង្គំ​ឲ្យ​នឹក​ចាំ​ថា កិច្ចការ​ដែល​ទូលបង្គំ​ធ្វើ មិន​សំខាន់​ដូច​ចរិយា​សម្បត្តិ​ដែល​ទូលបង្គំ​មាន​ឡើយ។ សូម​ព្រះអង្គ​ជួយ​ទូលបង្គំ​ឲ្យ​មាន​លក្ខណៈ​កាន់តែ​ដូច​ព្រះអង្គ។

To discover more about who you are in Christ, visit ODBU.org​/SF130.

គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំពេញ : អេសេគាល ៤២-៤៤ និង ១យ៉ូហាន ១

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles