សូមប្រទានអាហារដែលយើងខ្ញុំត្រូវការនៅថ្ងៃនេះ។ ម៉ាថាយ ៦:១១
នៅពេលព្រឹកថ្ងៃមួយ កូនៗរបស់ខ្ញុំ ដែលមានអាយុក្មេងជាងគេ បានសម្រេចចិត្តក្រោកពីព្រលឹម ដើម្បីរៀបចំអាហារពេលព្រឹកញាំដោយខ្លួនឯង។ ដោយសារខ្ញុំ និងភរិយាខ្ញុំមានការហត់នឿយ ក្នុងការធ្វើការងារពេញមួយសប្តាហ៍ យើងក៏បានព្យាយាមគេងឲ្យបានយូរបន្តិច យ៉ាងហោចណាស់ដល់ម៉ោង ៧ព្រឹក នៅថ្ងៃសៅរ៍នោះ។ ភ្លាមៗនោះ សម្លេងធ្លាក់បែកចាន លាន់ឮខ្លាំង ចេញពីផ្ទះបាយមក។ ខ្ញុំក៏បានប្រញាប់ងើបពីគ្រែ ហើយចុះមកជាន់ខាងក្រោម ឃើញចានគោមមួយបែក និងទឹកដោះគោកំពប់ពេញកម្រាលឥដ្ឋ ហើយកូនរបស់ខ្ញុំ ឈ្មោះយ៉ូណាស(Jonas) អាយុ៥ឆ្នាំ កំពុងតែព្យាយាមបោសសម្អាតភាពរញ៉េរញ៉ៃនៅលើកម្រាលឥដ្ឋ ដោយអស់សង្ឃឹម។ កូនៗខ្ញុំកំពុងតែឃ្លាន តែពួកគេបានសម្រេចចិត្តមិនសុំជំនួយពីយើង។ ផ្ទុយទៅវិញ ពួកគេបានជ្រើសរើសយកភាពឯករាជ្យ ហើយជាលទ្ធផល ពួកគេមិនទទួលបានការញាំអាហារ ដោយចិត្តរីករាយនោះឡើយ។
តាមធម្មជាតិរបស់មនុស្ស គេចង់ឲ្យក្មេងៗចម្រើនវ័យធំឡើង ចេញពីការពឹងផ្អែកលើឪពុកម្តាយ ទៅរកភាពឯករាជ្យ។ តែក្នុងទំនាក់ទំនងជាមួយព្រះ ការមានភាពពេញវ័យគឺមានន័យថា យើងចាកចេញពីភាពឯករាជ្យ ទៅរកការពឹងផ្អែកលើព្រះអង្គវិញ។ ការអធិស្ឋានគឺជាមធ្យោបាយដែលយើងត្រូវប្រើ ដើម្បីពឹងផ្អែកលើព្រះអង្គ។ កាលព្រះយេស៊ូវបង្រៀនសិស្សព្រះអង្គ ក៏ដូចជាយើងរាល់គ្នា ដែលជឿព្រះអង្គ ឲ្យអធិស្ឋានថា “សូមប្រទានអាហារដែលយើងខ្ញុំត្រូវការនៅថ្ងៃនេះ”(ម៉ាថាយ ៦:១១) គឺព្រះអង្គកំពុងបង្រៀនឲ្យអធិស្ឋាន តាមរបៀបពឹងផ្អែកលើព្រះអង្គ។ ពាក្យ “អាហារ” ក្នុងបទគម្ពីរនេះ គឺសំដៅទៅលើការផ្គត់ផ្គង់ ការរំដោះឲ្យរួច និងការដឹកនាំ(ខ.១១-១៣)។ យើងពឹងផ្អែកលើព្រះ ដើម្បីទទួលបានអាហារទាំងអស់នេះ និងអ្វីៗជាច្រើនទៀត។
គ្មាននរណាម្នាក់អាចរស់នៅជាអ្នកជឿព្រះយេស៊ូវ ដោយមិនពឹងផ្អែកព្រះអង្គនោះទេ ហើយយើងក៏មិនអាចជៀសចេញពីព្រះគុណព្រះអង្គបានដែរ។ ពេញមួយជីវិតយើងជាអ្នកជឿ ចូរយើងតែងតែចាប់ផ្តើមថ្ងៃថ្មីរបស់យើង នៅពេលព្រឹកព្រលឹម ដោយការពឹងផ្អែកលើព្រះអង្គ ដោយអធិស្ឋានថា “ឱព្រះវរបិតានៃយើងខ្ញុំ ដែលគង់នៅស្ថានសួគ៌”(ខ.៩)។—GLENN PACKIAM
តើអ្នកបានអធិស្ឋានសូម “អាហារ” អ្វី នៅថ្ងៃនេះ? តើអ្នកបង្ហាញការទុកចិត្តព្រះអង្គដូចម្តេចខ្លះ ពេលអ្នកស្រែករកព្រះអង្គ?
ឱព្រះយេស៊ូវ ព្រះអង្គជាព្រះអាទិករ និងព្រះដែលផ្គត់ផ្គង់ទូលបង្គំ។ សូមព្រះអង្គជួយទូលបង្គំឲ្យទុកចិត្តព្រះអង្គ។
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំពេញ : ដានីយ៉ែល ១-២ និង ១យ៉ូហាន ៤