ការពឹងផ្អែកព្រះអង្គ ជារៀងរាល់ថ្ងៃ

សូម​ប្រទាន​អាហារ​ដែល​យើងខ្ញុំ​ត្រូវការ​នៅ​ថ្ងៃនេះ។ ម៉ាថាយ ៦:១១

នៅ​ពេល​ព្រឹក​ថ្ងៃមួយ កូន​ៗ​របស់​ខ្ញុំ ដែល​មាន​អាយុ​ក្មេង​ជាងគេ បានសម្រេច​ចិត្ត​ក្រោក​ពីព្រលឹម ដើម្បី​រៀបចំ​អាហារ​ពេលព្រឹក​ញាំ​ដោយខ្លួនឯង។ ដោយសារ​ខ្ញុំ និង​ភរិយា​ខ្ញុំ​មានការ​ហត់នឿយ ក្នុង​ការ​ធ្វើ​ការ​ងារ​ពេញ​មួយ​សប្តាហ៍ យើង​ក៏បាន​ព្យាយាម​គេង​ឲ្យបាន​យូរ​បន្តិច យ៉ាងហោចណាស់​ដល់ម៉ោង ៧ព្រឹក នៅ​ថ្ងៃសៅរ៍​នោះ។ ភ្លាម​ៗ​នោះ សម្លេង​ធ្លាក់​បែក​ចាន លាន់ឮ​ខ្លាំង ចេញពីផ្ទះ​បាយ​មក។ ខ្ញុំ​ក៏បាន​ប្រញាប់​ងើប​ពី​គ្រែ ហើយ​ចុះ​មក​ជាន់​ខាងក្រោម ឃើញ​ចានគោម​មួយ​បែក និង​ទឹកដោះគោ​កំពប់​ពេញ​កម្រាលឥដ្ឋ ហើយ​កូន​របស់ខ្ញុំ ឈ្មោះ​យ៉ូណាស(Jonas) អាយុ​៥​ឆ្នាំ កំពុងតែ​ព្យាយាម​បោសសម្អាត​ភាព​រញ៉េរញ៉ៃ​នៅ​លើ​កម្រាលឥដ្ឋ ដោយ​អស់សង្ឃឹម។ កូន​ៗខ្ញុំ​កំពុងតែ​ឃ្លាន តែ​ពួក​គេ​បានសម្រេច​ចិត្ត​មិន​សុំ​ជំនួយ​ពី​យើង។ ផ្ទុយទៅវិញ ពួក​គេ​បាន​ជ្រើសរើស​យក​ភាព​ឯករាជ្យ ហើយ​ជា​លទ្ធផល ពួក​គេ​មិន​ទទួល​បាន​ការញាំ​អាហារ ដោយចិត្ត​រីករាយ​នោះ​ឡើយ។

តាម​ធម្មជាតិ​របស់​មនុស្ស គេ​ចង់​ឲ្យ​ក្មេងៗ​ចម្រើន​វ័យ​ធំឡើង ចេញពី​ការពឹងផ្អែក​លើ​ឪពុក​ម្តាយ ទៅ​រក​ភាព​ឯករាជ្យ។ តែ​ក្នុង​ទំនាក់ទំនង​ជាមួយ​ព្រះ ការ​មាន​ភាព​ពេញវ័យ​គឺ​មានន័យថា យើង​ចាកចេញ​ពី​ភាព​ឯករាជ្យ ទៅ​រក​ការពឹងផ្អែក​លើ​ព្រះអង្គ​វិញ។ ការអធិស្ឋាន​គឺជា​មធ្យោបាយ​ដែល​យើង​ត្រូវ​ប្រើ ដើម្បី​ពឹងផ្អែក​លើ​ព្រះអង្គ។ កាល​ព្រះយេស៊ូវ​បង្រៀន​សិស្ស​ព្រះអង្គ ក៏ដូចជា​យើង​រាល់គ្នា ដែល​ជឿ​ព្រះអង្គ ឲ្យ​អធិស្ឋាន​ថា “សូម​ប្រទាន​អាហារ​ដែល​យើងខ្ញុំ​ត្រូវការ​នៅ​ថ្ងៃនេះ”(ម៉ាថាយ ៦:១១) គឺ​ព្រះអង្គ​កំពុង​បង្រៀន​ឲ្យ​អធិស្ឋាន តាមរបៀប​ពឹងផ្អែក​លើ​ព្រះអង្គ។ ពាក្យ “អាហារ” ក្នុង​បទ​គម្ពីរ​នេះ គឺ​សំដៅ​ទៅលើ​ការ​ផ្គត់ផ្គង់ ការ​រំដោះ​ឲ្យ​រួច និង​ការដឹកនាំ(ខ.១១-១៣)។ យើង​ពឹងផ្អែក​លើ​ព្រះ ដើម្បី​ទទួល​បាន​អាហារ​ទាំងអស់​នេះ និង​អ្វីៗ​ជា​ច្រើន​ទៀត។

គ្មាន​នរណា​ម្នាក់​អាច​រស់នៅ​ជា​អ្នកជឿ​ព្រះយេស៊ូវ​ ដោយ​មិន​ពឹងផ្អែក​ព្រះអង្គ​នោះ​ទេ ហើយ​យើង​ក៏​មិន​អាច​ជៀស​ចេញពី​ព្រះគុណ​ព្រះអង្គ​បាន​ដែរ។ ពេញ​មួយ​ជីវិត​យើង​ជា​អ្នកជឿ ចូរ​យើង​តែងតែ​ចាប់ផ្តើម​ថ្ងៃ​ថ្មី​របស់​យើង នៅពេល​ព្រឹកព្រលឹម ដោយ​ការពឹងផ្អែក​លើ​ព្រះអង្គ ដោយ​អធិស្ឋាន​ថា “ឱ​ព្រះវរបិតា​នៃ​យើងខ្ញុំ ដែល​គង់នៅ​ស្ថានសួគ៌”(ខ.៩)។—GLENN PACKIAM

តើ​អ្នក​បាន​អធិស្ឋាន​សូម “អាហារ” អ្វី នៅ​ថ្ងៃនេះ? តើ​អ្នកបង្ហាញ​ការ​ទុកចិត្ត​ព្រះអង្គ​ដូចម្តេច​ខ្លះ ពេល​អ្នកស្រែ​ករ​ក​ព្រះអង្គ?

ឱ​ព្រះយេស៊ូវ​ ព្រះអង្គ​ជា​ព្រះ​អាទិករ និង​ព្រះ​ដែល​ផ្គត់ផ្គង់​ទូលបង្គំ។ សូម​ព្រះអង្គ​ជួយ​ទូលបង្គំ​ឲ្យ​ទុកចិត្ត​ព្រះអង្គ។

គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំពេញ : ដានីយ៉ែល ១-២ និង ១យ៉ូហាន ៤

Share this post:
Facebook
Twitter
LinkedIn
WhatsApp

More articles