«សេចក្តីជ័យជំនះបានលេបសេចក្តីស្លាប់បាត់ហើយ»។ ១កូរិនថូស ១៥:៥៤
អ្នកនិពន្ធ ជាជនជាតិអាហ្សង់ទីន ឈ្មោះ ជក លូអ៊ីស ប៉ច(Jorge Luis Borges) បាននិពន្ធរឿងខ្លីមួយ ដែលនិយាយ អំពីលោកម៉ាកូស រូហ្វូស(Marcus Rufus) ជាទាហានរ៉ូម៉ាំង ដែលបានផឹកទឹក ពី “ទន្លេអាថ៌កំបាំងមួយ ដែលជួយឲ្យមនុស្សមានជីវិតអមតៈ”។ ពេលមួយ លោកម៉ាកូសក៏បានដឹងថា ជីវិតអមតៈមិនមានលក្ខណៈដូចអ្វីដែលមនុស្សរំពឹងចង់បាននោះទេ ព្រោះ ជីវិតដែលគ្មានទីបញ្ចប់ ជាជីវិតឥតន័យ។ តាមពិត សេចក្តីស្លាប់បានធ្វើឲ្យជីវិតមានន័យ។ លោកម៉ាកូសក៏បានរកឃើញថ្នាំបន្សាប ដែលជាទឹកផុសដែលមានទឹកថ្លា។ បន្ទាប់ពីគាត់បានផឹកទឹកនោះហើយ គាត់ក៏បានយកដៃគាត់ទៅឆ្កូតនឹងបន្លា ហើយឈាមមួយដំណក់ក៏បានស្រក់ចុះមក ជាសញ្ញាបង្ហាញថា គាត់មានជីវិតដូចដើមវិញ ដែលអាចស្លាប់ដូចមនុស្សទូទៅ។
យើងក៏មិនខុសពីលោកម៉ាកូសដែរ ព្រោះជួនកាល យើងអស់សង្ឃឹម ដោយសារភាពអន់ខ្សោយនៃជីវិត និងការរំពឹងគិតអំពីសេចក្តីស្លាប់(ទំនុកដំកើង ៨៨:៣)។ យើងយល់ស្របថា សេចក្តីស្លាប់នាំឲ្យជីវិតមានន័យ។ តែខ្លឹមសារនៃរឿងនេះបានបែកជាពីរនៅត្រង់ចំណុចនេះឯង។ យើងខុសពីលោកម៉ាកុស ព្រោះយើងដឹងថា នៅក្នុងការសុគតរបស់ព្រះគ្រីស្ទ យើងរកឃើញអត្ថន័យពិតនៃជីវិតយើង។ ព្រះគ្រីស្ទបានឈ្នះសេចក្តីស្លាប់ តាមរយៈការបង្ហូរព្រះលោហិតនៅលើឈើឆ្កាងរហូតអស់ព្រះជន្ម ហើយជ័យជម្នះរបស់ទ្រង់បានលេបសេចក្តីស្លាប់ហើយ(១កូរិនថូស ១៥:៥៤)។ សម្រាប់យើង ថ្នាំបន្សាប គឺមាននៅក្នុង “ទឹករស់” របស់ព្រះយេស៊ូវគ្រីស្ទ(យ៉ូហាន ៤:១០)។ ដោយសារយើងបានផឹកទឹករស់ហើយ ច្បាប់ទាំងអស់នៃជីវិត សេចក្តីស្លាប់ និងជីវិតអស់កល្បក៏បានផ្លាស់ប្តូរ ក្នុងជីវិតយើង(១កូរិនថូស ១៥:៥២)។
ជាការពិតណាស់ យើងមិនអាចជៀសផុតពីសេចក្តីស្លាប់ខាងរូបកាយនោះទេ តែនេះមិនមែនជាចំណុចសំខាន់នោះទេ។ ព្រះយេស៊ូវបានដកចេញភាពអស់សង្ឃឹម និងសេចក្តីស្លាប់ ពីជីវិត(ហេព្រើរ ២:១១-១៥)។ ក្នុងព្រះគ្រីស្ទ យើងបានទទួលការធានាជាថ្មី ដោយសេចក្តីសង្ឃឹមថានឹងបានទៅនៅនគរស្ថានសួគ៌ និងមានក្តីអំណរដ៏មានន័យ ក្នុងការរស់នៅ ជាមួយព្រះអង្គ អស់កល្បជានិច្ច។—KENNETH PETERSEN
តើអ្នកព្រួយបារម្ភអំពីអ្វី? តើអ្នកយល់ឃើញយ៉ាងណា អំពីសេចក្តីស្លាប់? តើបទគម្ពីរ១កូរិនថូស ជំពូក១៥ បានលើកទឹកចិត្តអ្នកដូចម្តេចខ្លះ?
ឱព្រះអម្ចាស់ សូមព្រះអង្គជួយទូលបង្គំឲ្យឱបក្រសោបយកព្រះបន្ទូលសន្យារបស់ព្រះអង្គ អំពីការរំដោះទូលបង្គំ ឲ្យបានរស់នៅអស់កល្បជានិច្ច ជាមួយព្រះអង្គ។
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : ហូសេ ១២-១៤ និង វិវរណៈ ១៤