ជីវិតដែលមានន័យ

«សេចក្តី​ជ័យជំនះ​បាន​លេប​សេចក្តី​ស្លាប់​បាត់​ហើយ»។ ១កូរិនថូស ១៥:៥៤

អ្នកនិពន្ធ ជា​ជនជាតិ​អាហ្សង់ទីន ឈ្មោះ ជក លូអ៊ីស ប៉ច(Jorge Luis Borges) បាន​និពន្ធ​រឿង​ខ្លី​មួយ ដែល​និយាយ អំពី​លោក​ម៉ា​កូស រូ​ហ្វូ​ស(Marcus Rufus) ជា​ទាហាន​រ៉ូម៉ាំង ដែល​បាន​ផឹក​ទឹក ពី “ទន្លេ​អាថ៌​កំបាំង​មួយ ដែល​ជួយ​ឲ្យ​មនុស្ស​មានជីវិត​អមតៈ”។ ពេល​មួយ លោក​ម៉ា​កូស​ក៏​បានដឹង​ថា ជីវិត​អមតៈ​មិន​មាន​លក្ខណៈ​ដូច​អ្វី​ដែល​មនុស្ស​រំពឹង​ចង់បាន​នោះ​ទេ ព្រោះ ជីវិត​ដែល​គ្មាន​ទី​បញ្ចប់ ជា​ជីវិត​ឥត​ន័យ។ តាមពិត សេចក្តី​ស្លាប់​បាន​ធ្វើឲ្យ​ជីវិត​មានន័យ។ លោក​ម៉ាកូស​ក៏​បាន​រក​ឃើញ​ថ្នាំបន្សាប ដែល​ជា​ទឹកផុស​ដែល​មាន​ទឹកថ្លា។ បន្ទាប់​ពី​គាត់​បាន​ផឹកទឹក​នោះ​ហើយ គាត់​ក៏បាន​យកដៃ​គាត់​ទៅ​ឆ្កូត​នឹង​បន្លា ហើយ​ឈាម​មួយ​ដំណក់​ក៏បាន​ស្រក់​ចុះ​មក ជា​សញ្ញា​បង្ហាញថា គាត់​មានជីវិត​ដូចដើម​វិញ ដែល​អាច​ស្លាប់​ដូច​មនុស្ស​ទូទៅ។

យើង​ក៏​មិន​ខុសពី​លោក​ម៉ាកូស​ដែរ ព្រោះ​ជួនកាល យើង​អស់សង្ឃឹម ដោយសារ​ភាពអន់ខ្សោយ​នៃ​ជីវិត និង​ការ​រំពឹងគិត​អំពី​សេចក្តី​ស្លាប់(ទំនុកដំកើង ៨៨:៣)។ យើង​យល់ស្រប​ថា សេចក្តី​ស្លាប់​នាំឲ្យ​ជីវិត​មានន័យ។ តែ​ខ្លឹមសារ​នៃ​រឿង​នេះ​បាន​បែក​ជា​ពីរ​នៅត្រង់​ចំណុច​នេះឯង។ យើង​ខុសពី​លោក​ម៉ាកុស ព្រោះ​យើង​ដឹង​ថា នៅក្នុង​ការ​សុគត​របស់​ព្រះគ្រីស្ទ យើង​រក​ឃើញ​អត្ថន័យ​ពិត​នៃ​ជីវិត​យើង។ ព្រះគ្រីស្ទ​បាន​ឈ្នះ​សេចក្តី​ស្លាប់ តាមរយៈ​ការ​បង្ហូរ​ព្រះ​លោហិត​នៅ​លើ​ឈើឆ្កាង​រហូត​អស់ព្រះជន្ម ហើយ​​ជ័យជម្នះ​របស់​ទ្រង់​បាន​លេប​សេចក្តី​ស្លាប់​ហើយ(១កូរិនថូស ១៥:៥៤)។ សម្រាប់​យើង ថ្នាំបន្សាប គឺ​មាននៅ​ក្នុង “ទឹក​រស់” របស់​ព្រះយេស៊ូវ​គ្រីស្ទ​(យ៉ូហាន ៤:១០)។ ដោយសារ​យើង​បាន​ផឹកទឹក​រស់​ហើយ ច្បាប់​ទាំងអស់​នៃ​ជីវិត សេចក្តី​ស្លាប់ និង​ជីវិត​អស់​កល្ប​ក៏បាន​ផ្លាស់​ប្តូរ ក្នុង​ជីវិត​យើង(១កូរិនថូស ១៥:៥២)។

ជា​ការពិត​ណាស់ យើង​មិន​អាច​ជៀស​ផុត​ពី​សេចក្តី​ស្លាប់​ខាង​រូបកាយ​នោះ​ទេ តែ​នេះ​មិនមែន​ជា​ចំណុច​សំខាន់​នោះ​ទេ។ ព្រះយេស៊ូវ​បាន​ដកចេញ​ភាព​អស់សង្ឃឹម និង​សេចក្តី​ស្លាប់ ពី​ជីវិត(ហេព្រើរ ២:១១-១៥)។ ក្នុង​ព្រះគ្រីស្ទ យើង​បាន​ទទួលការ​ធានា​ជាថ្មី ដោយ​សេចក្តី​សង្ឃឹម​ថា​នឹង​បាន​ទៅ​នៅ​នគរ​ស្ថានសួគ៌ និង​មាន​ក្តី​អំណរ​ដ៏​មានន័យ ក្នុង​ការរស់នៅ ជាមួយ​ព្រះអង្គ អស់​កល្ប​ជានិច្ច។—KENNETH PETERSEN

តើ​អ្នក​ព្រួយបារម្ភ​អំពីអ្វី? តើ​អ្នក​យល់ឃើញ​យ៉ាងណា អំពី​សេចក្តី​ស្លាប់? តើ​បទ​គម្ពីរ១កូរិនថូស ជំពូក១៥ បាន​លើកទឹកចិត្ត​អ្នក​ដូចម្តេច​ខ្លះ?

ឱ​ព្រះអម្ចាស់ សូម​ព្រះអង្គ​ជួយ​ទូលបង្គំ​ឲ្យ​ឱបក្រសោប​យក​ព្រះបន្ទូល​សន្យា​របស់​ព្រះអង្គ អំពី​ការ​រំដោះ​ទូលបង្គំ ឲ្យបាន​រស់នៅ​អស់​កល្ប​ជានិច្ច ជាមួយ​ព្រះអង្គ។

គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : ហូសេ ១២-១៤ និង វិវរណៈ ១៤

Share this post:
Facebook
Twitter
LinkedIn
WhatsApp

More articles