មិត្តភាពអស់មួយជីវិត

លោក​មិនបាន​បរិភោគ​អ្វី​សោះ ដោយមាន​សេចក្តី​ឈឺឆ្អាល​ចំពោះ​ដាវីឌ ហើយពី​ព្រោះ​បិតា​បាន​ធ្វើឲ្យ​មាន​សេចក្តី​ខ្មាស​ផង។ ១សាំ​យ៉ូអែល ២០:៣៤

លោក​វី​លៀម ខោ​ភ័រ(William Cowper ឆ្នាំ១៧៣១-១៨០០) ជា​កវី​កំណាព្យ​ជនជាតិ​អង់គ្លេស បាន​បង្កើត​មិត្តភាព​ជាមួយ​លោកគ្រូ​គង្វាល ចន ញូតុន(John Newton ឆ្នាំ១៧២៥-១៨០៧) ជា​អតីត​អ្នក​ជួញដូរ​ទាសករ។ លោក​ខោ​ភ័​រ​បាន​កើត​ជំងឺ​ធ្លាក់ទឹក​ចិត្ត និង​ថប់បារម្ភ ហើយ​បាន​ព្យាយាម​សម្លាប់​ខ្លួន​ពីរបី​ដង​ហើយ។ ពេល​លោក​ញូ​តុ​ន​ទៅ​សួរ​សុខ​ទុក្ខ​គាត់ អ្នក​ទាំងពីរ​ក៏បាន​នាំគ្នា​ដើរ​អស់​ជាច្រើន​ម៉ោង ហើយក៏​បាន​ជជែកគ្នា​អំពី​ព្រះ។ លោកគ្រូ​ញូតុន​យល់​ឃើញថា ការប្រកបគ្នា និង​ការ​មាន​មូលហេតុ​ដែល​ត្រូវ​និពន្ធ​បទ​កំណាព្យ មានប្រយោជន៍​ចំពោះ​លោក​ខោភ័រ ដូចនេះ​លោកគ្រូ​គង្វាល​ក៏​មាន​គំនិត​និពន្ធ​បទចម្រៀង​ទំនុក​សកល។ លោក​ខោភ័រ​ក៏​បាន​រួមចំណែក​ក្នុង​ការ​និពន្ធ​បទចម្រៀង​ទំនុក​សកល​ជាច្រើន​បទ ដោយ​រាប់បញ្ចូល​ទាំង​បទ “ព្រះ​ទ្រង់​ធ្វើការ​តាមរបៀប​ដ៏​អាថ៌កំបាំង”។ ពេល​លោក​ញូតុន​ផ្លាស់ទៅ​ធ្វើការ​ក្នុង​ព្រះវិហារ​មួយទៀត គាត់​នៅតែ​មាន​មិត្តភាព​ដ៏​រឹងមាំ​ជាមួយ​លោក​ខោភ័រ ហើយក៏​បន្ត​សរសេរ​សំបុត្រ​ផ្ញើ​ទៅ​លោក​ខោ​ភ័រ​ជា​ទៀតទាត់ រហូតដល់​ពេល​លោ​កខោ​ភ័​រលា​ចាកលោក។

មិត្តភាព​របស់​លោ​កខោ​ភ័រ និង​លោក​ញូ​តុ​ន​មាន​ភាព​ស្រដៀងគ្នា​នឹង​មិត្តភាព​រវាង​ដាវីឌ និង​យ៉ូណាថាន នៅ​គ្រា​សញ្ញាចាស់។ បន្ទាប់ពី​ដាវីឌ​បាន​ប្រយុទ្ធ​ឈ្នះ​កូ​លីយ៉ាត​ហើយ “ចិត្ត​យ៉ូណាថាន​ក៏​មូល​ជាប់នឹង​ចិត្ត​គាត់ ហើយ​យ៉ូណាថាន​បាន​ស្រឡាញ់​ដាវីឌ​ទុកដូចជា​ខ្លួន​លោក​ដែរ”(១សាំ​យ៉ូអែល ១៨:១)។ ទោះ​យ៉ូណាថាន​ជា​បុត្រា​របស់​ស្តេច​សូល​ក៏ដោយ ក៏​ទ្រង់​បានការ​ពារ​ដាវីឌ ទាស់​ប្រឆាំង​នឹង​ការ​ច្រណែន និង​កំហឹង​របស់​ស្តេច​សូល ដោយ​សួរ​បិតា​ទ្រង់ ពី​មូលហេតុ​ដែល​បិតា​ទ្រង់​ចង់​សម្លាប់​ដាវីឌ។ ស្តេច​សូល​ក៏បាន​ឆ្លើយតប​ដោយ “ពួយ​ដែក​ពួយ​ទៅ ដើម្បី​ប្រហារ​យ៉ូណាថាន”(២០:៣៣)។ តែ​យ៉ូណាថាន បាន​គេច​ទាន់ ហើយក៏​បាន​សោកសង្រេង ចំពោះ​ការប្រព្រឹត្ត​ដ៏​អា​ម៉ាស​របស់​បិតា​ទ្រង់ មក​លើ​មិត្តសំឡាញ់​ទ្រង់(ខ.៣៤)។

ក្នុង​មិត្តភាព​ទាំងពីរ​នេះ ចំណងមិត្តភាព​របស់​ពួក​គេ​បាន​ជួយ​ស្អាង​ជីវិត​គ្នា ខណៈ​ពេល​ដែល​ពួក​គេ​លើកទឹកចិត្ត​គ្នា​ទៅវិញទៅមក ឲ្យ​បម្រើ និង​ស្រឡាញ់​ព្រះ។ តើ​អ្នក​អាច​លើកទឹកចិត្ត​មិត្ត​ភក្តិ​ណា​ម្នាក់ នៅ​ថ្ងៃនេះ យ៉ាងដូច​ម្តេច​ខ្លះ?—AMY BOUCHER PYE

តើ​មិត្តភាព​មាន​តួនាទី​អ្វីខ្លះ នៅក្នុង​សុខមាលភាព​របស់​អ្នក? តើ​អ្នក​អាច​បង្ហាញ​សេចក្តី​ស្រឡាញ់​របស់​ព្រះ ដល់​នរណា​ម្នាក់ និង​ស្អាង​ពួក​គេ​ឡើង ដោយ​របៀបណា?

ឱ​ព្រះយេស៊ូវ​ សូម​ព្រះអង្គ​ជួយ​ទូលបង្គំ ឲ្យ​អរ​សប្បាយ​នឹង​មិត្តភាព និង​ការ​ប្រកប​ស្និទ្ធស្នាល​ជាមួយ​ព្រះអង្គ។

គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : អេម៉ុស ១-៣ និង វិវរណៈ ៦

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles