ការអស្ចារ្យនៃថ្ងៃណូអែល

ព្រះ​ទ្រង់​បាន​ធ្វើវិញ ដោយ​ចាត់​ព្រះរាជបុត្រា​ទ្រង់​ឲ្យ​មក មាន​រូបអង្គ​បែបដូចជា​សាច់ឈាម ដែល​តែងតែមាន​បាប ហើយដោយ​ព្រោះ​អំពើបាប ក៏​កាត់ទោស​អំពើបាប​នៅក្នុង​សាច់ឈាម។ រ៉ូម ៨:៣

នៅកន្លែង​លក់​របស់​របរ​ចាស់​ៗ ដែល​គេ​លែង​ត្រូវការ ខ្ញុំ​បាន​ឃើញ​តុក្កតា​រឿង​កំណើត​ព្រះយេស៊ូវ​មួយ​ឈុត នៅក្នុង ក្រ​ដាស់​ឡាំង​កំពិត​មួយ។ ពេល​ខ្ញុំ​រើស​តុក្កតា​ព្រះ​ឱរស​យេស៊ូវ​ ខ្ញុំ​កត់សំគាល់​ឃើញ​ថា គេ​បាន​ឆ្លាក់រូប​តុក្កតា​នោះ យ៉ាង​លម្អិត​ល្អ​ណាស់។ តុក្កតា​នោះ​មិនមែន​ជា​តុក្កតា​ទារក​ដែល​មាន​សំពត់​រំ​ជុំវិញ​ខ្លួន នៅសល់​តែ​មុខ ដែល​មាន​ភ្នែក​បិទ​នោះ​ទេ តែ​ជា​តុក្កតា​ដែល​មាន​ភ្នែក​បើក និង​មាន​សំពត់​រំ​តែ​ពាក់កណ្តាល ដោយមាន​ដៃ​លាតសន្ធឹង ប្រអប់​ដៃ​ចំហ និង​ម្រាម​ដៃ​លាត។ មើលទៅ​រូប​នោះ​ហាក់ដូចជា​កំពុង​និយាយ​មក​ខ្ញុំ​ថា “ខ្ញុំ​នៅ​ទីនេះ​ហើយ!”

តុក្កតា​នោះ​គ្រាន់​តែ​ជា​រូប​តាំង​លម្អ ដែល​ពិពណ៌នា អំពី​ការ​អស្ចារ្យ​នៅ​ថ្ងៃ​ណូអែល ដែល​ព្រះ​ទ្រង់​បាន​ចាត់​ព្រះរាជបុត្រា ឲ្យ​យាងចុះ​មក​ផែនដី ដោយ​យកកំណើត​ជា​មនុស្ស។ ពេល​ដែល​ព្រះ​ឱរស​យេស៊ូវ​បាន​ចម្រើន​វ័យ​ធំឡើង ព្រះហស្ត​ព្រះអង្គ​ក៏បាន​កាន់​ព្រះគម្ពីរ​សញ្ញាចាស់ ហើយក៏​បាន​ធ្វើការ​ជាជាង​ឈើ មុន​ពេល​ព្រះរាជកិច្ច​របស់​ព្រះអង្គ​ចាប់ផ្តើម។ ព្រះហស្ត​ព្រះអង្គ​ក៏បាន​បោះជំហាន​យាង​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ ដើម្បី​បង្រៀន និង​ប្រោស​ឲ្យ​ជា។ នៅ​ចុងបញ្ចប់​នៃ​ព្រះជន្ម​ព្រះអង្គ ព្រះហស្ត និង​ព្រះបាទ​របស់​ព្រះអង្គ ត្រូវ​គេ​ដំដែកគោល​ជាប់នឹង​ឈើឆ្កាង​រហូត​ព្រះអង្គ​សុគត។

ដូចនេះ ព្រះវរបិតា​បាន “ចាត់​ព្រះរាជបុត្រា​ទ្រង់​ឲ្យ​មក មាន​រូបអង្គ​បែបដូចជា​សាច់ឈាម ដែល​តែងតែមាន​បាប ហើយដោយ​ព្រោះ​អំពើបាប ក៏​កាត់ទោស​អំពើបាប​នៅក្នុង​សាច់ឈាម” រ៉ូម ៨:៣។ បើ​យើង​ទទួលយក​ការ​ប្រោស​លោះ​របស់​ព្រះយេស៊ូវ​ ដែល​បាន​បង់ថ្លៃ​លោះ​យើង​ឲ្យ​រួចពី​បាប ដោយ​ការ​សុគត​របស់​ព្រះអង្គ យើង​នឹង​បាន​រួចផុត​ពី​ចំណង​នៃ​អំពើបាប។ ដោយសារ​ព្រះរាជបុត្រា​នៃ​ព្រះ​បាន​ប្រសូត ជា​ទារក​តូច ដើម្បី​យើង​រាល់គ្នា នោះ​យើង​មានផ្លូវ​ផ្សះផ្សា​ជាមួយ​ព្រះ និង​មានការ​ធានា​ថា យើង​នឹង​មាន​ជីវិត​អស់​កល្ប​ជាមួយ​ព្រះអង្គ។—JENNIFER BENSON SCHULDT

តើ​ការ​អបអរ​ព្រះយេស៊ូវ​ នៅ​ថ្ងៃ​ណូអែល និង​ការ​អបអរ​រដូវ​កាល​នៃ​បុណ្យណូអែល មាន​ភាព​ខុសគ្នា​ដូចម្តេច​ខ្លះ?

ឱ​ព្រះ​អម្ចាស់ ទូលបង្គំ​សូម​អរព្រះគុណ សម្រាប់​ការ​ចាត់​ព្រះយេស៊ូវ​ឲ្យ​យាងចុះ​មក​ផែនដី ដោយ​ប្រសូត​ជា​មនុស្ស ដើម្បី​រំដោះ​ទូលបង្គំ​ឲ្យ​រួចពី​ចំណង​នៃ​អំពើបាប និង​សេចក្តី​ស្លាប់។

For further study, read The God Who Is with Us at DiscoverySeries.org​/courses​/the-god-who-is-with-us​/

គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : អូបាឌា និង វិវរណៈ ៩

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles