ព្រះវរបិតាដ៏មានសេចក្តីមេត្តាករុណា ជាព្រះដ៏កំសាន្តចិត្តគ្រប់ជំពូក ដែលទ្រង់កំសាន្តចិត្តយើងរាល់គ្នា ក្នុងគ្រប់ទាំងសេចក្តីវេទនា។ ២កូរិនថូស ១:៣-៤
ស្ត្រីជាម្តាយវ័យក្មេងម្នាក់ កំពុងដើរតាមពីក្រោយកូនស្រីរបស់គាត់ ដែលកំពុងធាក់កង់តូចមួយ ឲ្យបានលឿនបំផុត តាមដែលជើងនាងអាចធាក់បាន។ តែពេលដែលនាងតូចធាក់កង់លឿនពេក លើសពីអ្វីដែលនាងចង់បាន នាងក៏បានដួលកង់ ហើយក៏បានស្រែកយំ ដោយសារការឈឺចាប់នៅត្រង់កជើងរបស់នាង។ ម្តាយរបស់នាងក៏បានលត់ជង្គង់ចុះដោយភាពស្ងាត់ស្ងៀម ឱនក្បាលថើបជើងរបស់នាង ដើម្បីឲ្យការឈឺចាប់រលាយបាត់។ នាងតូចក៏បាត់ឈឺជើង។ នាងស្ទុះងើបឡើងជិះកង់ជាថ្មីម្តងទៀត។ តើអ្នកមិនរំពឹងឲ្យការឈឺចាប់របស់អ្នកឆាប់រលាយបាត់ យ៉ាងងាយស្រួលដូចនេះទេឬ?
សាវ័កប៉ុលបានពិសោធន៍នឹងការកម្សាន្តចិត្តមកពីព្រះ នៅក្នុងការតយុទ្ធជាប់ជានិច្ច ក្នុងសេចក្តីជំនឿ ហើយនៅតែបន្តដំណើរទៅមុខទៀត។ គាត់បានរៀបរាប់អំពីទុក្ខលំបាកទាំងនោះ ក្នុងបទគម្ពីរ ២កូរិនថូស ១១:២៣-២៩ ដែលមានដូចជា ការទទួលរងការវាយដំ ចោលនឹងថ្ម ការគេងមិនបានគ្រប់គ្រាន់ ភាពអត់ឃ្លាន និងការខ្វល់ខ្វាយអំពីពួកជំនុំទាំងអស់។ គាត់ក៏បានដឹងច្បាស់ថា ព្រះទ្រង់ជា “ព្រះវរបិតាដ៏មានសេចក្តីមេត្តាករុណា ជាព្រះដ៏កំសាន្តចិត្តគ្រប់ជំពូក”(១:៣)។ ព្រះអង្គប្រៀបដូចជាម្តាយដែលកម្សាន្តចិត្តកូន ដែលកំពុងមានការឈឺចាប់។
ព្រះទ្រង់កម្សាន្តចិត្តយើង ដោយសេចក្តីស្រឡាញ់ តាមរបៀបផ្សេងៗជាច្រើន។ ព្រះអង្គអាចកម្សាន្តចិត្តយើង តាមរយៈខគម្ពីរ ឬព្រះអង្គឲ្យនរណាម្នាក់ផ្ញើសារលើកទឹកចិត្តយើង ឬបណ្តាលចិត្តមិត្តភក្តិយើង ឲ្យទូរស័ព្ទមកយើង ដើម្បីលើកទឹកចិត្ត។ ទុក្ខលំបាកប្រហែលមិនកន្លងផុតទៅភ្លាមៗទេ តែដោយសារព្រះទ្រង់បន្ទន់ព្រះកាយ ដើម្បីជួយយើង នោះយើងអាចក្រោកឡើង ហើយបន្តដំណើរទៅមុខទៀត។—ANNE CETAS
តើព្រះទ្រង់បានកម្សាន្តចិត្តអ្នកដូចម្តេចខ្លះ? តើអ្នកអាចកម្សាន្តចិត្តអ្នកដទៃដូចម្តេចខ្លះ ដោយសារអ្នកបានទទួលការកម្សាន្តចិត្តពីព្រះហើយ?
ឱព្រះវរបិតាដែលមានព្រះទ័យអាណិត សូមព្រះអង្គចូលមកជិតទូលបង្គំ ដាក់ទូលបង្គំក្នុងព្រះហស្តព្រះអង្គ ដើម្បីឲ្យទូលបង្គំអាចរកឃើញការសម្រាក និងការលើកទឹកចិត្ត។
For further study, read Compassion: When Jesus Asks for More than We Have at DiscoverySeries.org/courses/learning-compassion-when-jesus-asks-for-more-than-we-have/
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : មីកា ៦-៧ និង វិវរណៈ ១៣