មាត់ទូលបង្គំនឹងថ្លែងប្រាប់ពីសេចក្តីសុចរិត និងពីសេចក្តីសង្គ្រោះរបស់ទ្រង់ជាដរាបរាល់ថ្ងៃ ពីព្រោះទូលបង្គំមិនដឹងជាមានចំនួនប៉ុន្មានទេ។ ទំនុកដំកើង ៧១:១៥
សត្វត្រីបាឡែន ដែលអ្នកស្រាវជ្រាវបានដាក់ឈ្មោះឲ្យថា “យាយត្រីបាឡែន” ទំនងជាដឹងអំពីសារៈសំខាន់នៃតួនាទីរបស់វា ក្នុងការរស់នៅរបស់ត្រីបាឡែនដែលជា “ចៅ” របស់វា។ មេរបស់ត្រីបាឡែននេះបានស្លាប់កាលពីពេលថ្មីៗនេះ ធ្វើឲ្យកូនត្រីបាឡែនកំព្រានេះ មិនមានវ័យធំល្មមនឹងអាចរស់នៅ ដោយខ្លួនឯង ដោយគ្មានការការពារ និងការគាំទ្រ។ យាយត្រីបាឡែន ដែលស្ថិតក្នុងវ័យប្រហែល៨០ឆ្នាំ ក៏បានទៅណាមកណាជាមួយវា ដើម្បីបង្រៀនវាឲ្យចេះរស់នៅ ដោយខ្លួនឯង។ យាយត្រីបាឡែនបានប្រមូលត្រីខ្លះ ឲ្យកូនត្រីបាឡែននោះស៊ី ជាជាងស៊ីត្រីទាំងនោះ ដោយខ្លួនឯង ដើម្បីឲ្យវាមិនគ្រាន់តែមានអាហារបរិភោគ តែក៏បានដឹងថា មានអ្វីខ្លះដែលវាត្រូវស៊ី ហើយវាអាចទៅរកត្រីសាម៉ុងនៅកន្លែងណា ដើម្បីឲ្យវាអាចមានជីវិតរស់។
យើងក៏មានកិត្តិយស និងក្តីអំណរពិសេស ក្នុងការចែកចាយអ្វីដែលយើងបានដឹង ពោលគឺយើងអាចចែកចាយអំពីកិច្ចការដ៏អស្ចារ្យដែលព្រះទ្រង់បានធ្វើ និងលក្ខណៈសម្បត្តិរបស់ព្រះអង្គ ដល់មនុស្សជំនាន់ក្រោយ។ អ្នកនិពន្ធបទគម្ពីរទំនុកដំកើងដែលមានវ័យចាស់ បានទូលសូមព្រះអនុញ្ញាតឲ្យគាត់ “បានថ្លែងប្រាប់ពីព្រះចេស្ដាទ្រង់ ដល់ដំណមនុស្សជាន់ក្រោយ និងពីឥទ្ធានុភាពទ្រង់ ដល់ពួកអ្នកដែលត្រូវកើតខាងមុខ”(ទំនុកដំកើង ៧១:១៨)។ គាត់មានចិត្តឆេះឆួលចង់ចែករំលែកអ្វីដែលគាត់បានដឹងអំពីព្រះ ដល់អ្នកដទៃ ដែលមានដូចជា “សេចក្តីសុចរិត” និង “សេចក្តីសង្គ្រោះ” របស់ព្រះអង្គ ដែលយើងត្រូវការ ដើម្បីមានការចម្រើនឡើង(ខ.១៥)។
ទោះយើងមិនមានសក់ស្កូវ ដោយសារវ័យចាស់ក៏ដោយ(ខ.១៨) ក៏ការប្រកាស អំពីរបៀបដែលយើងបានពិសោធន៍នឹងសេចក្តីស្រឡាញ់ និងសេចក្តីស្មោះត្រង់របស់ព្រះ អាចមានប្រយោជន៍ដល់នរណាម្នាក់ ក្នុងការធ្វើដំណើររបស់គាត់ជាមួយព្រះអង្គ។ ការដែលយើងស្ម័គ្រចិត្តចែកចាយប្រាជ្ញានោះដល់គាត់ អាចជាអ្វីដែលគាត់ត្រូវការ ដើម្បីរស់នៅ និងចម្រើនឡើង ក្នុងព្រះគ្រីស្ទ ក្នុងពេលដែលមានទុក្ខលំបាក(ខ.២០)។—KIRSTEN HOLMBERG
តើនរណាខ្លះបានជួយឲ្យអ្នកមានទំនាក់ទំនងជាមួយព្រះ កាន់តែល្អឡើង? តើនរណាខ្លះត្រូវការប្រាជ្ញារបស់អ្នក នៅថ្ងៃនេះ?
ឱព្រះវរបិតា ទូលបង្គំសូមអរព្រះគុណព្រះអង្គ ដែលបានប្រទានប្រាជ្ញាមកទូលបង្គំ តាមរយៈអ្នកដែលបានដើរជាមួយព្រះអង្គ មុនទូលបង្គំ។ សូមជួយទូលបង្គំ ឲ្យធ្វើដូចនេះផងដែរ សម្រាប់អ្នកដទៃ ដោយអំណាច និងសេចក្តីស្រឡាញ់របស់ព្រះអង្គ។
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : ណាហ៊ុម ១-៣ និង វិវរណៈ ១៤