នំម៉ាណាប្រចាំថ្ងៃ

ព្រឹក

ព្រះគុណ​ដែល​យើង​មិន​អាច​បដិសេធន៍​​បាន

ព្រះគុណ​ដែល​យើង​មិន​អាច​បដិសេធន៍​​បាន

ដោយUltimately with R.C. Sproul

January 3, 2023

តើ​ព្រះ​ទ្រង់​បាន​អូស​មនុស្ស​ខ្លះ​ចូល​នគរ​ទ្រង់ ទាំង​ពួក​គេ​មិន​ចង់​ចូល ដោយ​ជើង​ធាក់​​ដី ហើយ​ស្រែក​ដាក់​ទ្រង់ ហើយ​ទន្ទឹម​នឹង​នោះ ព្រះអង្គ​បាន​រារាំង​អ្នកដទៃ​ទៀត ដែល​ស្រេកឃ្លាន​បាន​សេចក្តី​សង្គ្រោះ មិន​ឲ្យ​ចូល​នគរ​ទ្រង់​ឬ? នៅ​ថ្ងៃនេះ​ដែរ លោកគ្រូ អរ ស៊ី ស្ព្រោល(R.C. Sproul) សូម​ធ្វើការ​បកស្រាយ​ការយល់​ច្រឡំ​ដែល​មនុស្ស​មាន​ជា​ធម្មតា អំពី​គោល​លទ្ធិ​នៃ​ព្រះគុណ​ដែល​មិន​អាច​បដិសេធន៍​​បាន។ អត្ថបទ ខ្ញុំ​នៅចាំ​ថា កាល​ខ្ញុំ​កំពុង​រៀន​នៅ​សាលា​ព្រះគម្ពីរ មាន​សាស្ត្រា​ចារ្យ​ម្នាក់​បង្រៀន​កណ្ឌ​គម្ពីរសញ្ញាថ្មី ហើយ​គាត់​ក៏​ជា​នាយក​នៃ​សាលា​ព្រះគម្ពីរ​នេះ​ផង​ដែរ។ ថ្ងៃមួយ នៅក្នុង​ម៉ោង​រៀន មាន​សិស្ស​ម្នាក់​បាន​លើកដៃ​ឡើង ហើយ​និយាយ​ថា “តើ​លោក​គ្រូ​ជឿ​គោល​លទ្ធិ​នៃ​ការ​ជ្រើសរើស​របស់​ព្រះ​ឬទេ?” លោក​សាស្ត្រា​ចារ្យ​បាន​បង្ហាញ​អារម្មណ៍​ទើសទាល់​បន្តិច ចំពោះ​សំណួរ​នោះ។ ហើយ​គាត់​ក៏​មាន​ប្រសាសន៍​ត្រង់ៗថា គាត់​មិន​ជឿ​ទេ។ ព្រោះ​គាត់​មិន​ជឿ​ថា ព្រះ​ទ្រង់​បាន​អូស​មនុស្ស​ចូល​នគរ​ទ្រង់ ទាំង​ពួក​គេ​មិន​ចង់​ចូល ដោយ​ជើង​ធាក់​​ដី ហើយ​ស្រែក​ដាក់​ទ្រង់​នោះ​ទេ ហើយ​ទន្ទឹម​នឹង​នោះ ទ្រង់​បាន​រារាំង​អ្នកដទៃ​ទៀត មិន​ឲ្យ​ចូល ទោះ​ពួក​គេ​ពិតជា​ចង់​ចូល​នគរ​ទ្រង់​នោះ​ឡើយ។ ហើយ​ខ្ញុំ​ក៏​មានការ​ភ្ញាក់ផ្អើល ដោយសារ​នេះ​ជា​ការ​និយាយ​ខុស និង​ពន្លើស​យ៉ាងធ្ងន់ធ្ងរ អំពី​ទេវ​សាស្រ្ត​កំណែទម្រង់ ហើយក៏​ដោយសារ​អ្នក​ដែល​កំពុង​និយាយ​នេះ ថែមទាំង​ជា​អ្នក​ដែល​គួរតែ​ដឹង​ច្បាស់​ជាង​នេះ ដោយ​គាត់​រៀនសូត្រ​ខ្ពង់ខ្ពស់ អំពី​គោល​លទ្ធិ​របស់​ពួក​ជំនុំ ។ល។ តែ​ខ្ញុំ​ក៏បាន​គិតថា “បើ​អ្នកដឹកនាំ​ពួក​ជំនុំ មានបទពិសោធន៍ និង​ការអប់រំ​ច្រើនយ៉ាង​នេះ មានការ​យល់​ច្រឡំ អំពី​ព្រះគុណ​ដែល​មិន​អាច​បដិសេធន៍​​បាន​ទៅ​ហើយ តើមាន​មនុស្ស​ប៉ុន្មាន​នាក់ ដែល​កំពុង​មានការ​យល់​ច្រឡំ​ដូចនេះ​ដែរ?” ពាក្យ “មិន​អាច​បដិសេធន៍​​បាន” គឺ​សំដៅ​ទៅលើ​ការដែល​មនុស្ស​មិន​អាច​បដិសេធន៍​​ព្រះគុណ​ព្រះ។ បង​ប្អូន​ស្ងួន​ភ្ងា​អើយ ប្រវត្តិ​សាស្រ្ត​នៃ​មនុស្សជាតិ ជា​ប្រវត្តិ​សាស្រ្ត​នៃ​ការ​បដិសេធន៍​ឥត​ឈប់ឈរ​របស់​មនុស្ស មក​លើ​ភាព​ផ្អែមល្ហែម​នៃ​ព្រះគុណ​ព្រះ។ ហើយ​អត្ថន័យ​នៃ​ពាក្យ “ព្រះគុណ​មិន​អាច​បដិសេធន៍​​បាន” គឺ​មិន​មានន័យ​ត្រង់ថា មនុស្ស​គ្មាន​លទ្ធភាព​បដិសេធន៍​ព្រះគុណ​ព្រះ​នោះ​ទេ។ ជា​ការពិត​ណាស់ យើង​អាច​បដិសេធន៍​​ព្រះគុណ​ព្រះ ហើយ​យើង​ពិតជា​បដិសេធន៍​ព្រះគុណ​ព្រះអង្គ​មែន។ តែ​ត្រង់​ចំណុច​នេះ គឺ​មានន័យថា ទោះ​និស្ស័យ​សាច់ឈាម​របស់​យើង​បាន​បដិសេធន៍​ព្រះគុណ​ព្រះអង្គ​ក៏ដោយ ក៏​ព្រះគុណ​ព្រះអង្គ​មាន​អំណាច​ខ្លាំង​ណាស់ បាន​ជា​អាច​ជម្នះ​ការ​បដិសេធន៍​នៃ​និស្ស័យ​សាច់ឈាម​របស់​យើង។ ហេតុនេះ​ហើយ ខ្ញុំ​ចង់​ប្រើ​ពាក្យ ព្រះគុណ​ដែល​មានជ័យ​ជម្នះ ជាជាង​ប្រើ​ពាក្យ ព្រះគុណ​ដែល​មិន​អាច​បដិសេធន៍​​បាន ព្រោះ​ព្រះគុណ​ដែល​មនុស្ស​មិន​អាច​បដិសេធន៍​​បាន នាំមក​នូវ​លទ្ធផល ដែល​ព្រះ​ទ្រង់​សព្វព្រះទ័យ​ឲ្យ​មាន។ មុន​ពេល​មនុស្ស​ម្នាក់​ប្រើ​សេចក្តី​ជំនឿ​ដែល​នាំឲ្យ​បាន​សង្គ្រោះ គឺ​មុន​ពេល​ពួក​គេ​ជឿ​ព្រះគ្រីស្ទ មុន​ពេល​ពួក​គេ​ប្រើ​ឆន្ទៈ​របស់​ខ្លួន ដើម្បី​ទទួល​ព្រះគ្រីស្ទ ព្រះ​ទ្រង់​ត្រូវតែ​ធ្វើអ្វី​ម្យ៉ាង សម្រាប់​ពួក​គេ និង​ក្នុង​ពួក​គេ។ ក្នុង​បទ​គម្ពីរ​ដំណឹងល្អ​យ៉ូហាន ជំពូក៦ ព្រះយេស៊ូវ​មាន​បន្ទូល​ថា “គ្មាន​អ្នកណា​អាច​នឹង​មក​ឯខ្ញុំ​បានទេ លើកតែ​ព្រះវរបិតា ដែល​ចាត់​ខ្ញុំ​ឲ្យ​មក ទ្រង់​ទាញ​នាំ​គេ​ប៉ុណ្ណោះ”។ គ្រីស្ទបរិស័ទ​ជាច្រើន​បាន​កាត់​ស្រាយ​ខគម្ពីរ​នេះ​ថា ពាក្យ “ទាញ​នាំ” គឺ​សំដៅ​ទៅលើ​ការដែល​ព្រះ​ទ្រង់​ទាក់ទាញ បញ្ចុះបញ្ចូល លួងលោម ។ល។ ហើយ​ថា ព្រះ​ទ្រង់​បញ្ចេញ​ឥទ្ធិពល​ទាញ​នាំ​នេះ ទៅដល់​មនុស្សជា​ច្រើន។ អ្នកខ្លះ​បាន​ឆ្លើយតប ដោយ​វិជ្ជមាន​ចំពោះ​ការ​ទាញ​នាំ​នេះ តែ​ខ្លះទៀត​បដិសេធន៍។ ដូចនេះ គេ​សន្និដ្ឋាន​ថា ព្រះ​ទ្រង់​ទាញ​នាំ​មនុស្ស​ម្នាក់​ៗ ដោយ​អំណាច​បញ្ចុះ​បញ្ចូល​ស្មើៗ​គ្នា។ ហើយ​ក្នុង​ការវិភាគ​ចុងក្រោយ ពួក​គេ​សន្និដ្ឋាន​ថា អ្នក​ដែល​ព្រមទៅ​តាម​ការ​ទាញ​នាំ​នោះ ក៏បាន​សង្គ្រោះ ហើយ​អ្នក​ដែល​មិនព្រម​ទៅតាម​ក៏បាន​បាត់បង់។ ហើយ​ខ្ញុំ​ក៏បាន​ឆ្លើយតប​ទៅ​គាត់​វិញ​ភ្លាម​ថា “លោកគ្រូ​ដឹង​ថា ពាក្យ​ជា​ភាសា​ក្រិក ដែល​បាន​ប្រើ​សម្រាប់​ពាក្យ​នេះ​ដោយ​លោក​យ៉ូហាន ក៏​មាន​ប្រើ​ជា​ញឹកញាប់ ក្នុង​ខគម្ពីរ​ផ្សេងទៀត​ផង​ដែរ ជាពិសេស ក្នុង​កណ្ឌ​គម្ពីរ​កិច្ចការ ដែល​ក្នុង​នោះ សាវ័ក​ប៉ុល និង​លោក​ស៊ីឡាស​ត្រូវ​គេ​យក​ទៅ​ដាក់គុក”។ ខ្ញុំ​ក៏បាន​លើកឡើង​ថា ក្នុង​កណ្ឌ​គម្ពីរ​កិច្ចការ ខ្លឹមសារ​ត្រង់​ចំណុច​នេះ មិន​មាន​ន័យថា មេ​គុក​បាន​ចូល​ទៅ​ក្នុង​គុក ហើយ​ព្យាយាម​ទាក់ទាញ លួងលោម ឬ​បញ្ចុះ​បញ្ចូល​សាវ័ក​ប៉ុល និង​លោក​ស៊ីឡាស ឲ្យ​ចូល​ទៅ​ក្នុង​គុក​នោះ​ទេ។ ខ្ញុំ​ប្រាប់​គាត់​ទៀត​ថា “ពាក្យ​ទាញ​នាំ​ក្នុង​ខគម្ពីរ​នោះ គឺ​សំដៅ​ទៅលើ​សកម្មភាព​ដែល​ប្រើ​កម្លាំង​ខ្លាំង​ជាង​នោះ”។ បន្ទាប់មក ខ្ញុំ​ក៏បាន​នាំ​គាត់​គិត អំពី​ការ​ពន្យល់​ពាក្យ​ជា​ភាសា​ក្រិក ក្នុង​វចនានុក្រម​ទេវា​សាស្ត្រ​របស់​លោក​ឃីធល​(Kittel) ដែល​ក្នុង​នោះ ពាក្យ​ទាញ​នាំ បាន​ប្រែ​សម្រួល​មក​ថា​ជំរុញ។ ដូចនេះ ពាក្យ​នេះ​បាន​ផ្លាស់​ប្តូរ​ការ​គិត​របស់​យើង​អំពី​អត្ថន័យ​នៃ​ខគម្ពីរ​នោះ។ បើ​អ្នក​បាន​អាន​បទ​គម្ពីរ ដែល​ព្រះយេស៊ូវ​មា​នប​ន្ទូល​ថា “គ្មាន​អ្នកណា​អាច​នឹង​មក​ឯខ្ញុំ​បានទេ លើកតែ​ព្រះវរបិតា ដែល​ចាត់​ខ្ញុំ​ឲ្យ​មក ទ្រង់​ជំរុញ​គេ​ប៉ុណ្ណោះ” នោះ​អ្នក​នឹង​ឃើញថា ការប្រើ​ពាក្យ​ជំរុញ​គឺ​មានន័យ​ខ្លាំង​ជាង​ការប្រើ​ពាក្យ​ទាញ​នាំ។ បាន​ជា​គេ​អាច​កាត់​ស្រាយ​ថា ព្រះ​ទ្រង់​ទាក់ទាញ​យើង ឲ្យ​ជឿ​ព្រះអង្គ ដែល​ជា​ការបញ្ចុះបញ្ចូល​ពី​ខាងក្រៅ។ ហើយ​ក្នុង​ការ​ជជែកវែក​ញែក ដល់​ចំណុច​នេះ លោក​សាស្រ្តា​ចារ្យ​ធ្វើការ​បកស្រាយ ដែល​ខ្ញុំ​មិន​នឹកស្មាន​ដល់។ គាត់​ប្រាប់​ខ្ញុំ​ថា “បាទ ប៉ុន្តែ តើ​អ្នកដឹង​ទេ​ថា ពាក្យ​ជា​ភាសា​ក្រិក​ដដែល​នេះ ក៏​ត្រូវ​បាន​កវី​កំណាព្យ​ក្រិក​បាន​ប្រើ​ផង​ដែរ?” គាត់​ក៏បាន​ដកស្រង់​បទ​កំណាព្យ​មួយ ដែល​ក្នុង​នោះ ពាក្យ​នេះ​ត្រូវ​បាន​គេ​ប្រើ សំដៅ​ទៅលើ​សកម្មភាព​ដងទឹក​ពី​អណ្តូង។ ហើយ​គាត់​ក៏​មើល​មុខ​ខ្ញុំ ដោយ​ជ័យជម្នះ ហើយ​និយាយ​ថា “លោក​បណ្ឌិត ស្ព្រោល។ លោកគ្រូ​មិន​ជំរុញ​ទឹក​ឲ្យ​ចេញពី​អណ្តូង​ទេ មែនទេ?” ហើយ​ខ្ញុំ​ក៏បាន​ប្រាប់​គាត់​ថា “បាទ ខ្ញុំ​មិន​អាច​ជំរុញ​ទឹកបាន​ទេ ខ្ញុំ​ពិតជា​មិនបាន​ដឹង​ទេ​ថា គេ​បាន​ប្រើ​ពាក្យ​នេះ ជា​ភាសា​ក្រិក ក្នុង​ន័យ​ផ្សេង​មួយទៀត ប៉ុន្តែ តើ​លោកគ្រូ​យក​ទឹកចិត្ត​ពី​អណ្តូង​ដោយ​របៀបណា? តើ​លោកគ្រូ​ឈរ​មាត់​អណ្តូង ហើយ​ហៅ​ទឹក​ឲ្យ​ឡើង​មក​ខាងលើ? តើ​លោកគ្រូ​នឹង​ព្យាយាម​ទាក់ទាញ ឬ​បញ្ចុះ​បញ្ចូល​វា ឲ្យ​ឡើង​ពី​ក្នុង​អណ្តូង​មក​ឬ? ឬមួយ​លោកគ្រូ ត្រូវ​ទម្លាក់យោង​ចុះទៅ​ក្នុងទឹក​អណ្តូង ដើម្បី​ដង​វា​ឡើង​មក​ខាងលើ? ខ្ញុំ​ក៏បាន​និយាយ​ទៀត​ថា “ខ្ញុំ​មានការ​ពេញចិត្ត​យ៉ាង​ខ្លាំង ចំពោះ​ការ​បកស្រាយ​ក្នុង​ន័យ​ធៀប អំពី​ការ​ដង​ទឹក​ចេញពី​អណ្តូង ព្រោះ​នេះ​ជា​អ្វី​ដែល​ព្រះ​ទ្រង់​ធ្វើ​សម្រាប់​យើង។ យើង​កប់​នៅក្នុង​ទឹក ហើយ​ត្រូវការ​ព្រះអង្គ​ប្រើ​ព្រះ​ចេស្តា​ដង​យើង​ចេញពី​ក្នុងទឹក គឺ​មិនមែន​ដោយ​យើង​ប្រើ​កម្លាំង​ខ្លួនឯង​នោះ​ទេ។    

ប្រភេទ

ល្ងាច

បេសកកម្មជួយសង្គ្រោះ

បេសកកម្មជួយសង្គ្រោះ

ដោយXochitl Dixon

January 3, 2023

ដ្បិត ឱ​ព្រះយេហូវ៉ា​អើយ ទូលបង្គំ​សង្ឃឹម​ដល់​ទ្រង់ ឱ​ព្រះអម្ចាស់ ជា​ព្រះ​នៃ​ទូលបង្គំ​អើយ ទ្រង់​នឹង​ឆ្លើយតប​ចំពោះ​គេ។ ទំនុកដំកើង ៣៨:១៥ នៅ​ប្រទេស​អូស្ត្រាលី អ្នក​ស្ម័គ្រចិត្ត​មួយ​ក្រុម នៅ​អង្គការ​សង្គ្រោះ​សត្វ បាន​រក​ឃើញ​សត្វ​ចៀម​វង្វេង​មួយ​ក្បាល មាន​រោម​ដ៏​កខ្វក់ និង​កន្តាញ់ ដែល​មាន​ទម្ងន់​ជាង​៣៧​គីឡូក្រាម។ អ្នក​សង្គ្រោះ​សង្ស័យ​សត្វ​ចៀម​នោះ​បាន​វង្វេងបាត់ នៅក្នុង​ព្រៃ អស់​រយៈពេល​យ៉ាង​ហោច​ណាស់​៥​ឆ្នាំ។ អ្នក​ស្ម័គ្រចិត្ត​ក៏បាន​ជួយ​សម្រាល​បន្ទុក​វា ដោយ​ការ​កាត់​រោម​ដ៏​ធ្ងន់​របស់​វា យ៉ាង​លំបាកលំបិន។ បន្ទាប់ពី​វា​បាន​រួចផុត​ពី​បន្ទុក​ដ៏​ធ្ងន់​នោះ វា​ក៏បាន​ស៊ី​ចំណី។ ជើង​របស់​វា​កាន់តែ​មាន​ភាពរឹងមាំ។ វា​មានទំនុក​ចិត្ត និង​ការ​ស្កប់ចិត្ត​កាន់តែ​ខ្លាំង ពេល​ដែល​វានៅជិត​អ្នក​សង្គ្រោះ​របស់​វា និង​សត្វ​ដទៃទៀត នៅកន្លែង​ថែរក្សា​សត្វ​ដែលគេ​បាន​សង្គ្រោះ។ ស្តេច​ដាវីឌ​ជា​អ្នកនិពន្ធ​បទ​គម្ពីរ​ទំនុកដំកើង ដែល​បាន​យល់​អំពី​ការឈឺចាប់ ដោយសារ​បន្ទុក​ដ៏​ធ្ងន់ និង​ត្រូវ​គេ​បំភ្លេច​ចោល និង​វង្វេង ហើយ​មាន​ព្រះទ័យ​ស្រេកឃ្លាន​ការ​ជួយ​សង្គ្រោះ។ ក្នុង​បទ​គម្ពីរ​ទំនុកដំកើង​ជំពូក ៣៨ ស្តេច​ដាវីឌ​ក៏បាន​ស្រែក​រក​ព្រះ។ ទ្រង់​បាន​ជួប​ភាព​ឯកោ ការក្បត់ និង​ភាព​អស់សង្ឃឹម(ខ.១១-១៤)។ តែ​ទ្រង់​បាន​អធិស្ឋាន ដោយ​ទំនុកចិត្ត​ថា “ដ្បិត ឱ​ព្រះយេហូវ៉ា​អើយ ទូលបង្គំ​សង្ឃឹម​ដល់​ទ្រង់ ឱ​ព្រះអម្ចាស់​ជា​ព្រះ​នៃ​ទូលបង្គំ​អើយ ទ្រង់​នឹង​ឆ្លើយតប​ចំពោះ​គេ”(ខ.១៥)។ ស្តេច​ដាវីឌ​មិន​បាន​បដិសេធន៍​ថា ទ្រង់​មិន​មានទុក្ខ​លំបាក ឬ​លាក់បាំង​ទុក្ខ​លំបាក​ក្នុង​ព្រះទ័យ និង​ជំងឺ​ក្នុង​ព្រះ​កាយ​ទ្រង់​នោះ​ឡើយ(ខ.១៦-២០)។ ផ្ទុយទៅវិញ ទ្រង់​ទុកចិត្ត​ថា ព្រះ​ទ្រង់​គង់នៅ​ក្បែរ ហើយ​ឆ្លើយតប តាម​ពេល​ និង​តាមផ្លូវ​របស់​ព្រះអង្គ(ខ.២១-២២)។ ពេលណា​យើង​មាន​អារម្មណ៍​ថា យើង​កំពុង​មាន​បន្ទុក​ដ៏​ធ្ងន់ ខាង​ផ្លូវកាយ ផ្លូវចិត្ត ឬ​ផ្លូវ​អារម្មណ៍ ព្រះ​ទ្រង់​នៅតែ​មាន​ព្រះទ័យ​ប្តូរផ្តាច់ ចំពោះ​បេសកកម្ម​ជួយ​សង្គ្រោះ ដែល​ព្រះអង្គ​បាន​គ្រោង​ឡើង តាំងពី​ពេល​ព្រះអង្គ​បង្កើត​យើង​មក។ យើង​អាច​ទុកចិត្ត​លើ​ព្រះវត្តមាន​ព្រះអង្គ ពេលណា​យើង​ស្រែក​រក​ព្រះអង្គ​ថា “ឱ​ព្រះអម្ចាស់ ជា​សេចក្តី​សង្គ្រោះ​នៃ​ទូលបង្គំ​អើយ សូម​ប្រញាប់​នឹង​ជួយ​ទូលបង្គំ​ផង”(ខ.២២)។—XOCHITL DIXON

តើ​ព្រះ​ទ្រង់​បាន​បង្ហាញ​ចេញ​នូវ​សេចក្តី​ស្មោះត្រង់​របស់​ព្រះអង្គ ដូចម្តេច​ខ្លះ ពេល​ដែល​អ្នកមាន​អារម្មណ៍​ថា មាន​បន្ទុក​ដ៏​ធ្ងន់? តើ​ព្រះ​ទ្រង់​បាន​ប្រើ​អ្នកដទៃ ឲ្យ​កម្សាន្ត​ចិត្ត និង​ទ្រទ្រង់​អ្នក​ដូចម្តេច​ខ្លះ?

ឱ​ព្រះ​ប្រកបដោយ​ព្រះគុណ សូម​ព្រះអង្គ​ជួយ​ទូលបង្គំ ឲ្យ​លើកទឹកចិត្ត​អ្នកដទៃ ដែល​កំពុង​មាន​បន្ទុក​ធ្ងន់ វង្វេង ឬ​ត្រូវ​គេ​បំភ្លេច។

គម្រោងអានព្រះគម្ពីររយៈ១ឆ្នាំ : លោកុប្បត្តិ ៧-៩ និង ម៉ាថាយ ៣