ខ្ញុំបានប្រាប់អ្នករាល់គ្នាហើយ ខ្ញុំទៅរៀបកន្លែងឲ្យអ្នករាល់គ្នា។ យ៉ូហាន ១៤:២
សត្វចាបដីខ្សាច់ ជាប្រភេទចាបមានមាឌតូច ដែលជាប់ខ្សែស្រឡាយសត្វត្រចៀកកាំ។ ពួកវាជីករន្ធធ្វើសំបុត្រ នៅក្នុងច្រាំងទន្លេ។ ការអភិវឌ្ឍន៍ដែនដី ក្នុងភាគអាគ្នេយ៍នៃប្រទេសអង់គ្លេស បានធ្វើឲ្យជម្រករបស់ពួកវាមានការថយចុះ ហើយសត្វចាបទាំងនោះមានកន្លែងកាន់តែតិច សម្រាប់ធ្វើសំបុក ពេលដែលពួកវាវិលត្រឡប់ពីការធ្វើចំណាកស្រុក ដើម្បីគេចចេញពីរដូវរងា ជារៀងរាល់ឆ្នាំ។ អ្នកអភិរក្សសត្វព្រៃក្នុងតំបន់ក៏បានប្រញាប់ស្វែងរកដំណោះស្រាយ ដោយសង់ច្រាំងទន្លេសប្បនិមិត្តដ៏ធំសម្បើម ដើម្បីឲ្យពួកវាចូលធ្វើសំបុក។ ដោយមានជំនួយមកពីក្រុមហ៊ុនធ្វើរូបចម្លាក់ពីដីខ្សាច់ ពួកគេក៏បានពូនដីខ្សាច់បង្កើតកន្លែង សម្រាប់ឲ្យសត្វចាបចូលរស់នៅ នៅឆ្នាំក្រោយទៀត។
សកម្មភាពប្រកបដោយសេចក្តីអាណិតដូចនេះ គឺបានធ្វើឲ្យខ្ញុំនឹកចាំព្រះបន្ទូលព្រះយេស៊ូវ ដែលធ្លាប់បានបង្រៀនពួកសាវ័កព្រះអង្គ។ មានពេលមួយ ព្រះអង្គបានប្រាប់ពួកគេថា ព្រះអង្គនឹងយាងឡើងស្ថានសួគ៌វិញ ហើយពួកគេនឹងមិនទាន់អាចទៅជាមួយព្រះអង្គភ្លាមៗទេ(យ៉ូហាន ១៣:៣៦)។ បន្ទាប់មក ព្រះអង្គក៏បានធានាពួកគេថា ព្រះអង្គនឹងទៅរៀបកន្លែងឲ្យពួកគេម្នាក់ៗ នៅស្ថានសួគ៌(១៤:២)។ ពួកគេមានការពិបាកចិត្ត ពេលឮព្រះអង្គមានបន្ទូលថា ព្រះអង្គនឹងយាងទៅឆាប់ៗ ហើយពួកគេមិនអាចទៅជាមួយព្រះអង្គ តែទោះជាយ៉ាងណាក៏ដោយ ព្រះអង្គបានលើកទឹកចិត្ត ឲ្យពួកគេបានដឹងថា ព្រះរាជកិច្ចដ៏បរិសុទ្ធនេះ ជាផ្នែកមួយនៃការត្រៀមទទួលពួកគេ ក៏ដូចជាយើងរាល់គ្នា ឲ្យទៅនៅជាមួយព្រះអង្គ។
បើព្រះយេស៊ូវមិនបានលះបង់ព្រះជន្មនៅលើឈើឆ្កាងទេ នោះបន្ទប់ជាច្រើន ក្នុងព្រះវរបិតាព្រះអង្គ ក៏មិនអាចទទួលយើងឲ្យចូលនៅបានដែរ(ខ.២)។ ព្រះគ្រីស្ទបានយាងទៅស្ថានសួគ៌មុនយើង ដើម្បីរៀបចំកន្លែងឲ្យយើង ដោយព្រះអង្គបានធានាយើងថា ព្រះអង្គនឹងយាងត្រឡប់មកវិញ ហើយនាំអ្នកដែលបានជឿព្រះអង្គ ទៅនៅជាមួយព្រះអង្គ។ នៅទីនោះ យើងនឹងបានរស់នៅជាមួយព្រះអង្គ ដោយក្តីអំណរដ៏អស់កល្ប។—KIRSTEN HOLMBERG
តើនៅពេលណា អ្នកមានអារម្មណ៍ថា អ្នកគ្រាន់តែជាអ្នកដំណើរនៅលើផែនដីនេះ? តើអ្នកទន្ទឹងរង់ចាំអ្វីជាងគេ នៅស្ថានសួគ៌?
ឱព្រះយេស៊ូវ ទូលបង្គំសូមអរព្រះគុណព្រះអង្គ ដែលបានរៀបកន្លែង ឲ្យទូលបង្គំ បានទៅនៅជាមួយព្រះអង្គ នៅនគរស្ថានសួគ៌។
គម្រោងអានព្រះគម្ពីររយៈ១ឆ្នាំ : លោកុប្បត្តិ ១៣-១៥ និង ម៉ាថាយ ៥:១-២៦