ព្រះដែលបានប្រោសលោះ

កុំ​ឲ្យ​ខ្លាច​ឡើយ ដ្បិត​អញ​បាន​លោះ​ឯង​ហើយ។ អេសាយ ៤៣:១

ក្នុង​ពេល​បង្រៀន​ព្រះបន្ទូល ខ្ញុំ​បាន​ធ្វើការ​ពន្យល់ ដោយ​ដើរទៅ​រក​ផ្ទាំងគំនូរ​ដ៏​ស្រស់​ស្អាត​មួយ ដែល​វិចិត្រករ​បាន​ដាក់​តាំង នៅ​លើ​ឆាក ហើយ​ខ្ញុំ​ក៏បាន​យក​ថ្នាំ​ពណ៌ខ្មៅ​មក​គូស​ចំ​ពាក់​កណ្តាល​រូប​នោះ។ ពួក​ជំនុំ​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង។ វិចិត្រករ​រូប​នោះ​គ្រាន់តែ​បាន​ឈរ​មើល​ខ្ញុំ​ធ្វើឲ្យខូច​ស្នាដៃ​របស់​នាង។ បន្ទាប់មក នាង​ក៏បាន​យក​ជក់​ថ្មី​មួយ​មក​គូរ​ពីលើ​រូប​នោះ ដោយ​កែប្រែ​រូបគំនូរ​ដែល​បាន​ខូច ឲ្យ​ក្លាយជា​ស្នា​ដៃ​សិល្បៈ​ដ៏​ល្អ​ប្រណិត។

ការ​កែសម្រួល​រូបគំនូរ​ឡើងវិញ នៅ​ថ្ងៃ​នោះ បាន​ធ្វើឲ្យ​ខ្ញុំ​នឹក​ចាំ អំពី​កិច្ចការ​ដែល​ព្រះ​ទ្រង់​អាច​ធ្វើ ក្នុង​ជីវិត​យើង ពេលណា​យើង​បាន​ធ្វើឲ្យ​ជីវិត​ខ្លួនឯង​មាន​ភាព​រញ៉េរញ៉ៃ។ ហោរា​អេសាយ​បាន​ស្តី​បន្ទោស​ឲ្យ​ប្រជាជន​អ៊ីស្រាអែល ដែល​បាន​ជ្រើសរើស​យក​ភាព​ខ្វាក់ និង​ភាព​គថ្លង់​ខាងវិញ្ញាណ(អេសាយ ៤២:១៨-១៩) តែ​បន្ទាប់មក គាត់​ក៏បាន​ប្រកាស​ព្រះបន្ទូល​របស់​ព្រះអង្គ​ថា កុំ​ឲ្យ​ភ័យខ្លាច​ឡើយ ដ្បិត​ព្រះអង្គ​បាន​លោះ​ពួក​គេ​ហើយ(៤៣:១)។ នេះ​ជា​ការប្រកាស អំពី​សេចក្តី​សង្ឃឹម​នៃ​ការ​រំដោះ និង​ការ​ប្រោស​លោះ​របស់​ព្រះអង្គ។ ព្រះអង្គ​ក៏​អាច​លោះ​យើង​ផង​ដែរ។ ពេលណា​យើង​បាន​ប្រព្រឹត្ត​អំពើបាប បើ​យើង​បាន​សារភាព​បាប ហើយ​ងាក​បែរមក​រក​ព្រះអង្គ​វិញ ព្រះអង្គ​នឹង​អត់ទោស​ឲ្យ​យើង ហើយ​ស្អាង​យើង​ឡើងវិញ(ខ.៥-៧ និង មើល ១យ៉ូហាន ១:៩)។ យើង​មិន​អាច​នាំ​ភាព​ស្រស់​ស្អាត​ចេញពី​ជីវិត​ដ៏​រញ៉េរញ៉ៃ​របស់​យើង​បានទេ មានតែ​ព្រះយេស៊ូវ​ទេ​ដែល​អាច​ធ្វើ​ដូច​នេះ​បាន។ ដំណឹងល្អ​នោះ​គឺថា ព្រះអង្គ​បាន​ប្រោស​លោះ​យើង ដោយសារ​ព្រះ​លោហិត​របស់​ព្រះអង្គ​ហើយ។ កណ្ឌ​គម្ពីរ​វិវរណៈ​បាន​ធានា​យើង​ថា នៅ​ចុងបញ្ចប់ ព្រះ​យេស៊ូវ​នឹង​ជូត​ទឹកភ្នែក​យើង​ចេញ សេចក្តី​ដែល​មាន​ពីមុន​នឹង​កន្លង​ផុត​ទៅ ព្រះអង្គ​ធ្វើ​ឲ្យ​អ្វីៗ​ថ្មី​ឡើងវិញ(វិវរណៈ ២១:៤-៥)។

យើង​មិន​អាច​យល់​អំពី​រឿង​របស់​យើង​បាន​ច្បាស់​ទេ តែ​ព្រះ​ដែល​ស្គាល់ឈ្មោះ​យើង(អេសាយ ៤:៣១) ទ្រង់​នឹង​ធ្វើឲ្យ​ជីវិត​យើង​មាន​ភាព​ស្រស់​ស្អាត​ឡើង ហួស​ក្តី​ស្រមៃ​របស់​យើង។ បើ​អ្នក​បាន​ទទួលការ​ប្រោស​លោះ ដោយ​សេចក្តី​ជំនឿ​លើ​ព្រះយេស៊ូវ​ហើយ នោះ​រឿង​នៃ​ជីវិត​អ្នក​នឹង​មាន​ទី​បញ្ចប់​ដ៏​រុងរឿង។—GLENN PACKIAM

តើ​ជីវិត​អ្នកមាន​ភាព​រញ៉េរញ៉ៃ​យ៉ាងណា? តើ​ព្រះ​ទ្រង់​បាន​ប្រទាន​ការ​ស្អាង​ឡើងវិញ និង​ការ​ប្រោស​លោះ​ដូចម្តេច​ខ្លះ?

ឱ​ព្រះយេស៊ូវ ទូលបង្គំ​សូម​អរព្រះគុណ​ព្រះអង្គ ដែល​មិនដែល​បោះបង់ចោល​ទូលបង្គំ។ ទូលបង្គំ​សូម​ចុះចូល​ព្រះអង្គ ហើយ​សូម​ព្រះអង្គ​ស្អាង​ទូលបង្គំ​ឡើងវិញ ត្រង់​ចំណុច​ណា​ដែល​ទូលបង្គំ​បាន​ធ្វើ​ឲ្យ​ខូច។

គម្រោងអានព្រះគម្ពីររយៈ១ឆ្នាំ : លោកុប្បត្តិ ២៥-២៦ និង ម៉ាថាយ ៨:១-១៧

Share this post:
Facebook
Twitter
LinkedIn
WhatsApp

More articles