ដ្បិតខ្ញុំស្ទើរតែនឹងសូមឲ្យព្រះគ្រីស្ទដាក់បណ្តាសាខ្ញុំវិញ ជំនួសបងប្អូនជាញាតិសន្តានរបស់ខ្ញុំ ខាងឯសាច់ឈាម។ រ៉ូម ៩:៣
ទស្សនវិទូ និងអ្នកនិពន្ធឈ្មោះ ហាណា អ័រេន(Hannah Arendt ឆ្នាំ ១៩០៦-៧៥) បានធ្វើការសង្កេតឃើញថា “គេបានរកឃើញថា មានមនុស្សដែលហ៊ានប្រឆាំងនឹងស្តេចដែលមានអំណាចបំផុត ហើយបានបដិសេធន៍មិនក្រាបបង្គំ នៅចំពោះស្តេចទាំងនោះ”។ គាត់បានមានប្រសាសន៍ទៀតថា “ប៉ុន្តែ មានមនុស្សមិនច្រើនទេ ដែលហ៊ានប្រឆាំងនឹងហ្វូងមនុស្ស ដោយប្រកាន់គោលជំហរតែម្នាក់ឯង នៅចំពោះមុខមនុស្សជាច្រើនសន្ធឹកដែលកំពុងវង្វេង ដោយប្រឈមមុខដាក់ភាពវឹកវររបស់ពួកគេ ដោយគ្មានអាវុធ”។ ក្នុងនាមគាត់ជាជនជាតិយូដា ឬជ្វីប អ័រេនបានជួបរឿងនេះដោយផ្ទាល់ ក្នុងប្រទេសអាឡឺម៉ង ដែលជាប្រទេសកំណើតរបស់គាត់។ ការដែលហ្វូងមនុស្សបដិសេធន៍គាត់ដូចនេះ គឺពិតជាគួរឲ្យភ័យខ្លាចណាស់។
សាវ័កប៉ុលបានជួបប្រទះការបដិសេធន៍ដូចនេះផងដែរ។ គាត់បានទទួលការអប់រំក្លាយជាពួកផារិស៊ី និងគ្រូក្រឹត្យវិន័យ ហើយជីវិតគាត់ក៏បានក្រឡាប់ចក្រ ពេលដែលគាត់បានជួបព្រះយេស៊ូវ ដែលមានព្រះជន្មរស់ឡើងវិញ។ កាលនោះ គាត់កំពុងធ្វើដំណើរទៅទីក្រុងដាម៉ាស ដើម្បីបៀតបៀនអ្នកជឿព្រះគ្រីស្ទ(កិច្ចការ ៩)។ បន្ទាប់ពីគាត់បានទទួលជឿព្រះអង្គហើយ គាត់ក៏បានទទួលរងការបដិសេធន៍ពីប្រជាជនគាត់។ ក្នុងកណ្ឌគម្ពីរសំបុត្រ ២កូរិនថូស សាវ័កប៉ុលបានរំឭក អំពីទុក្ខលំបាកដែលពួកគេបានបង្កឡើង ក្រៅពីការទទួលរងការវាយដំ និងការចាប់គាត់ដាក់គុក(៦:៥)។
គាត់មិនបានឆ្លើយតប ចំពោះការបដិសេធន៍ដូចនេះ ដោយកំហឹង ឬចិត្តល្វីងជូរចត់នោះឡើយ ផ្ទុយទៅវិញ គាត់ចង់ឲ្យពួកគេទទួលជឿព្រះយេស៊ូវផងដែរ។ គឺដូចដែលគាត់បានសរសេរ ក្នុងសំបុត្រគាត់ថា “ខ្ញុំមានសេចក្តីទុក្ខសោកជាខ្លាំង និងសេចក្តីព្រួយលំបាកក្នុងចិត្តជានិច្ច ដ្បិតខ្ញុំស្ទើរតែនឹងសូមឲ្យព្រះគ្រីស្ទដាក់បណ្តាសាខ្ញុំវិញ ជំនួសបងប្អូនជាញាតិសន្តានរបស់ខ្ញុំ ខាងឯសាច់ឈាម”(រ៉ូម ៩:២-៣)។
ខណៈពេលដែលព្រះទ្រង់បានស្វាគមន៍យើងចូលក្នុងមហាគ្រួសាររបស់ព្រះអង្គ សូមព្រះអង្គជួយយើងឲ្យអាចអញ្ជើញខ្មាំងសត្រូវរបស់យើង ចូលទៅក្នុងការប្រកបទាក់ទងជាមួយព្រះអង្គផងដែរ។—BILL CROWDER
តើអ្នកមានការឆ្លើយតបយ៉ាងណា ពេលដែលអ្នកបានជួបប្រទះការបដិសេធន៍? តើហេតុអ្វីយើងមានការលំបាក ក្នុងការប្រឈមមុខដាក់ការបដិសេធន៍?
ឱព្រះនៃសេចក្តីស្រឡាញ់ សូមព្រះអង្គជួយទូលបង្គំឲ្យយកចិត្តទុកដាក់ ចំពោះអ្នកដែលអាចបដិសេធន៍ទូលបង្គំ ហើយនាំពួកគេទៅរកព្រះអង្គ និងចូលនគរព្រះអង្គ ទោះពួកគេធ្វើឲ្យទូលបង្គំមានការឈឺចាប់ ឬការខកចិត្តផ្ទាល់ខ្លួនក៏ដោយ។
To learn more about the life and ministry of Paul, visit ODBU.org/NT040.
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : លោកុប្បត្តិ ៣១-៣២ និង ម៉ាថាយ ៩:១៨-៣៨