មានចិត្តស្រេកឃ្លានយុត្តិធម៌

មាន​ពរ​ហើយ អស់អ្នក​ដែល​ស្រេកឃ្លាន​នូវ​សេចក្តី​សុចរិត ដ្បិត​អ្នក​ទាំងនោះ​នឹង​បាន​ឆ្អែត។ ម៉ាថាយ ៥:៦

ហេតុការណ៍​ដ៏​តក់ស្លុត​នៃ​ការ​ធ្វើឃាត​លោក​បណ្ឌិត ម៉ា​ទីន លូស័​រ ឃីង(Dr. Martin Luther King Jr.) បាន​កើតឡើង ក្នុង​ពេល​ដែល​ចលនា​ទាមទារ​សិទ្ធិ​ជនស៊ីវិល​នៅ​អាមេរិក បាន​ឈាន​ដល់​ចំណុច​ខ្ពស់​បំផុត ក្នុង​ទសវត្សរ៍​ឆ្នាំ១៩៦០។ តែ៤ថ្ងៃក្រោយ​មក អ្នកស្រី​ខូ​រេ​តា ស្ក​ត់ ឃីង(Coretta Scott King) ដែល​ជា​ភរិយា​របស់​គាត់ ក៏បាន​បន្ត​ដឹកនាំ​បាតុកម្ម ដោយចិត្ត​ក្លាហាន​ជំនួស​គាត់។ អ្នកស្រី​ខូរេ​តា​មានចិត្ត​ឆេះឆួល នៅក្នុង​ការ​ទាម​ទា​យុត្តិធម៌ ហើយ​បាន​ដឹកនាំ​ចលនា​សំ​ខាន់​ៗ​ជា​ច្រើន​ទៀត ដោយចិត្ត​ក្លាហាន។

ព្រះយេស៊ូវ​មាន​បន្ទូល​ថា “មាន​ពរ​ហើយ អស់អ្នក​ដែល​ស្រេកឃ្លាន​នូវ​សេចក្តី​សុចរិត ដ្បិត​អ្នក​ទាំងនោះ​នឹង​បាន​ឆ្អែត”(ម៉ាថាយ ៥:៦)។ យើង​ដឹង​ថា ព្រះ​ទ្រង់​នឹង​យាង​ត្រឡប់មកវិញ ដើម្បី​ប្រទាន​នូវ​សេចក្តី​យុត្តិធម៌ ក្នុង​ការ​ជំនុំជម្រះ​ចុងក្រោយ តែ​ទំ​រាំ​តែ​ដល់ពេល​នោះ យើង​មានឱកាស​ចូលរួម ​​នាំឲ្យ​យុត្តិធម៌​របស់​ព្រះអង្គ​កើតមាន នៅ​លើ​ផែនដី ដូច​អ្នកស្រី​ខូ​រេ​តា​ផង​ដែរ។ បទ​គម្ពីរ​អេសាយ ជំពូក ៥៨ បាន​ចែង​​ច្បាស់ នូវ​ការអ្វី​ដែល​ព្រះ​ទ្រង់​ត្រាស់​ហៅ​រាស្រ្ត​ព្រះអង្គ ឲ្យ​ធ្វើ ដូចជា ដោះ​ច្រ​វ៉ា​ក់​ដ៏​អយុត្តិធម៌ ដោះលែង​អ្នក​ដែលគេ​សង្កត់សង្កិន ចែក​អាហារ​ដល់​អ្នក​អត់ឃ្លាន … ផ្តល់​ជម្រក​ដល់​អ្នកក្រ … ឲ្យ​សម្លៀកបំពាក់​ដល់​អ្នក​ដែល​គ្មាន​ខោអាវ ហើយ​កុំ​ងាក​ចេញពី​មនុស្ស​ដែល​ត្រូវការ​ជំនួយ(ខ.៦-៧)។ ការស្វែងរក​យុត្តិធម៌​សម្រាប់​អ្នក​ដែលគេ​សង្កត់សង្កិន និង​អ្នក​ទន់ខ្សោយ គឺជា​របៀប​ដែល​យើង​នាំ​គេ​ឲ្យ​ងាក​ទៅ​រក​ព្រះ។ ហោរា​អេសាយ​បាន​សរសេរ​ថា រាស្រ្ត​ទ្រង់​ដែល​ស្វែងរក​យុត្តិធម៌ គឺ​ប្រៀប​ដូចជា​ពន្លឺ​នៅពេល​ព្រឹក ហើយ​នាំមក​នូវ​ការ​ប្រោស​ឲ្យ​ជា​សម្រាប់​ខ្លួនឯង និង​អ្នកដទៃ​ផង​ដែរ(ខ.៨)។

នៅ​ថ្ងៃនេះ សូម​ព្រះ​ទ្រង់​ជួយ​យើង ឲ្យ​មានចិត្ត​ស្រេកឃ្លាន​រក​សេចក្តី​សុចរិត​របស់​ព្រះអង្គ នៅ​លើ​ផែនដី​នេះ។ ព្រះគម្ពីរ​ចែងថា យើង​នឹង​មានចិត្ត​ស្កប់ស្កល់ ពេលណា​យើង​ស្វែងរក​សេចក្តី​យុត្តិធម៌ តាមផ្លូវ​ព្រះ​អង្គ និង​ដោយអំណាច​របស់​ព្រះអង្គ។—KAREN PIMPO

តើមាន​អំពើ​អយុត្តិធម៌​អ្វី ដែល​កំពុង​ទាក់ទាញ​ចំណាប់​អារម្មណ៍​របស់​អ្នក? តើ​អ្នក​អាច​បោះជំហាន​ទៅមុខ ឆ្ពោះទៅ​រកការធ្វើ​អ្វី​ដែល​ត្រឹមត្រូវ និង​យុត្តិធម៌​នៅ​ថ្ងៃនេះ យ៉ាងដូច​ម្តេច​ខ្លះ?

ឱ​ព្រះអម្ចាស់ សូម​ព្រះអង្គ​ប្រទាន​ទូលបង្គំ​នូវ​ចិត្ត​ស្រេកឃ្លាន​យុត្តិធម៌។ សូម​ព្រះអង្គ​ជួយ​ទូលបង្គំ​ឲ្យ​ធ្វើជា​ផ្នែក​មួយ​នៃ​ព្រះរាជកិច្ច​ព្រះអង្គ ក្នុង​ការ​ធ្វើអ្វី​ដែល​ត្រឹមត្រូវ។

គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : លោ​កុប្បត្តិ ៣៩-៤០ និង ម៉ាថាយ ១១

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles