ព្រះអម្ចាស់យេហូវ៉ាទ្រង់មានព្រះបន្ទូលដូច្នេះ ចូរវិលមកវិញ ចូរបែរចេញពីរូបព្រះរបស់ឯងរាល់គ្នាទៅ ហើយងាកមុខពីអស់ទាំងការគួរស្អប់ខ្ពើមរបស់ឯងរាល់គ្នាចុះ។ អេសេគាល ១៤:៦
មានពេលមួយ មិត្តភក្តិរបស់ខ្ញុំ ជាគ្រូគង្វាលជនជាតិហ្កាណា បានបញ្ចាំងពន្លឺពិលមកលើរូបឆ្លាក់មួយ ដែលគេបានផ្អែកពីលើជញ្ជាំងផ្ទះខ្ទមមួយ ហើយប្រាប់ខ្ញុំថា “តើអ្នកឃើញទេ? នេះជារូបព្រះប្រចាំភូមិនេះ”។ រៀងរាល់ពេលល្ងាចថ្ងៃអង្គារ លោកគ្រូគង្វាលស៊ែម(Sam) បានធ្វើដំណើរចូលទៅក្នុងព្រៃ ដើម្បីបង្រៀនព្រះគម្ពីរ ក្នុងភូមិដាច់ស្រយាលមួយនេះ។
ក្នុងកណ្ឌគម្ពីរអេសេគាល យើងឃើញថា ការថ្វាយបង្គំរូបព្រះបានបណ្តាលឲ្យសាសន៍យូដាជួបរឿងអាក្រក់ៗជាច្រើន។ ពេលដែលអ្នកដឹកនាំ នៅទីក្រុងយេរូសាឡិម មកជួបហោរាអេសេគាល ព្រះទ្រង់ក៏បានមានបន្ទូលមកកាន់គាត់ថា “ពួកអ្នកទាំងនេះបានតាំងរូបព្រះរបស់គេ នៅក្នុងចិត្តខ្លួន ក៏បានដាក់ហេតុចំពប់របស់អំពើទុច្ចរិតខ្លួន នៅចំពោះមុខហើយ”(១៤:៣)។ ព្រះទ្រង់មិនគ្រាន់តែបានព្រមានពួកគេ មិនឲ្យថ្វាយបង្គំរូបឆ្លាក់ធ្វើពីឈើ ឬថ្មប៉ុណ្ណោះទេ។ ព្រះអង្គក៏បានបង្ហាញពួកគេផងដែរថា ការថ្វាយបង្គំរូបព្រះជាបញ្ហា នៅក្នុងចិត្ត។ យើងម្នាក់ៗសុទ្ធតែមានបញ្ហានេះ។
គ្រូបង្រៀនព្រះគម្ពីរឈ្មោះ អាលីស្ទែរ បេក(Alistair Begg) បានពិពណ៌នាថា “រូបព្រះគឺជាអ្វីៗ ដែលយើងចាត់ទុកថា សំខាន់ជាងព្រះ និងអ្វីៗដែលយើងគិតថា មានសារៈសំខាន់ នៅក្នុងការស្វែងរកសន្តិភាព ការលើកដំកើងខ្លួនឯង ការស្កប់ចិត្ត ឬការទទួលស្គាល់ពីអ្នកដទៃ”។ សូម្បីតែអ្វីៗដែលហាក់ដូចជាមានភាពត្រឹមត្រូវ ក៏អាចក្លាយជារូបព្រះរបស់យើងផងដែរ។ ពេលណាយើងស្វែងរកការកម្សាន្តចិត្ត ឬតម្លៃរបស់ខ្លួនឯង ពីអ្វីមួយ ក្រៅពីព្រះដ៏រស់ នោះមានន័យថា យើងកំពុងថ្វាយបង្គំរូបព្រះហើយ។
ព្រះទ្រង់មានបន្ទូលថា “ចូរប្រែចិត្ត! ចូរវិលមកវិញ ចូរបែរចេញពីរូបព្រះរបស់ឯងរាល់គ្នាទៅ ហើយងាកមុខពីអស់ទាំងការគួរស្អប់ខ្ពើមរបស់ឯងរាល់គ្នាចុះ”(ខ.៦)។ យើងមិនអាចពឹងអាងប្រាជ្ញា និងកម្លាំងខ្លួនឯង ដើម្បីងាកបែរមកព្រះអង្គវិញបានឡើយ។ តែយើងអរព្រះគុណព្រះអង្គ ដែលបានប្រទានដំណោះស្រាយសម្រាប់បញ្ហានេះ។ ព្រះអង្គបានសន្យាថា “អញនឹងឲ្យឯងមានចិត្តថ្មី ហើយនឹងដាក់វិញ្ញាណថ្មីនៅក្នុងឯងដែរ អញនឹងដកចិត្តដែលរឹងដូចថ្ម ពីរូបសាច់ឯងចេញ រួចនឹងឲ្យមានចិត្តជាសាច់វិញ”(៣៦:២៦)។ ដូចនេះ យើងចាំបាច់ត្រូវពឹងអាងជំនួយរបស់ព្រះអង្គ ដើម្បីងាកបែរមករកព្រះអង្គវិញ។—TIM GUSTAFSON
ពេលណាអ្នកមានភាពធុញថប់ក្នុងជីវិត តើអ្នកងាកបែរទៅរកអ្នកណា ដើម្បីស្វែងរកការកម្សាន្តចិត្ត? តើអ្នកចាំបាច់ត្រូវងាកបែរចេញពីអ្វី នៅថ្ងៃនេះ?
ឱព្រះវរបិតា សូមព្រះអង្គបង្ហាញទូលបង្គំ ឲ្យឃើញរូបព្រះ ដែលកំពុងជាប់នៅក្នុងចិត្តទូលបង្គំ។ សូមព្រះអង្គជួយទូលបង្គំ បំផ្លាញរូបព្រះទាំងនោះ ហើយរស់នៅ ក្នុងសេចក្តីស្រឡាញ់របស់ព្រះអង្គវិញ។
For further study, read Man of Sorrows: How Jesus Understands Our Pain and Offers Us Comfort at DiscoverySeries.org/Q0225.
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : លោកុប្បត្តិ ៤៣-៤៥ និង ម៉ាថាយ ១២:២៤-៥០