មិនមែនរាប់អានតែមនុស្សវិជ្ជមាន

ប៉ុន្តែ ខ្ញុំ​ប្រាប់​ថា ត្រូវ​ស្រឡាញ់​ពួក​ខ្មាំងសត្រូវ។ ម៉ាថាយ ៥:៤៤

កាលពីក្មេង ខ្ញុំ​បានឮ​ម្តាយ​របស់ខ្ញុំ​និយាយប្រាប់​ខ្ញុំ​ម្តង​ហើយ​ម្តង​ទៀត រាប់ពាន់​ដង កុំ​ឲ្យ​ស្តាប់​តាម​ការ​អូសទាញ​របស់​មិត្ត​ភក្តិ តែ​ឲ្យ​ស្តាប់​ការណែនាំ​របស់​គាត់​វិញ។ គាត់​តែងតែ​និយាយ​ដូចនេះ ក្នុង​ពេល​ដែល​ខ្ញុំ​កំពុង​ទទួលរង​សម្ពាធ​របស់​មិត្ត​ភក្តិ។ គាត់​កំពុង​ព្យាយាម​បង្រៀន​ខ្ញុំ កុំ​ឲ្យ​ដើរតាម​ហ្វូង​។ ខ្ញុំ​មិនមែន​ជា​ក្មេង​ទៀត​ទេ តែ​ផ្នត់គំនិត​ដែល​ចូលចិត្ត​ដើរតាម​ហ្វូង នៅតែ​បន្ត​មាន​ក្នុងចិត្ត​ខ្ញុំ។ សព្វថ្ងៃ​នេះ យើង​ច្រើនតែ​ឮ​គេ​បង្រៀន​យើង​ឲ្យ​សេពគប់​តែ​មនុស្ស​វិជ្ជមាន​បាន​ហើយ។ នេះ​ជា​ទស្សនៈ​ដ៏​ពេញនិយម ក្នុង​សម័យ​បច្ចុប្បន្ន តែ​យើង​ត្រូវសួរ​ខ្លួនឯង​ថា “តើ​ព្រះគ្រីស្ទ​សេពគប់​តែ​មនុស្ស​វិជ្ជមាន​ដែរ​ឬ?”

ក្នុង​បទ​គម្ពីរ​ម៉ាថាយ ជំពូក៥ មាន​ខ​ជា​ច្រើន ដែល​បាន​ចាប់ផ្តើម​ដោយ​ឃ្លា “ប៉ុន្តែ ខ្ញុំ​ប្រាប់​ថា… ”។ ព្រះអង្គ​បាន​ប្រើ​ឃ្លា​នេះ​ជា​ញឹកញាប់ ព្រោះ​ព្រះអង្គ​ជ្រាប​ច្បាស់​ថា លោកិយ​កំពុងតែ​និយាយ​អ្វីខ្លះ​ប្រាប់​យើង។ តែ​ព្រះអង្គ​សព្វព្រះទ័យ​ឲ្យ​យើង​រស់នៅ ខុសពី​លោកិយ។ ជាក់ស្តែង​ព្រះអង្គ​បាន​បង្គាប់​យើង​ថា “ត្រូវ​ស្រឡាញ់​ពួក​ខ្មាំង​សត្រូវ ត្រូវ​ឲ្យ​ពរ​ដល់​អ្នកណា​ដែល​ប្រទេច​ផ្តាសា ត្រូវ​ប្រព្រឹត្ត​ល្អ​នឹង​អ្នកណា​ដែល​ស្អប់​អ្នករាល់គ្នា ហើយ​ត្រូវ​អធិស្ឋាន​ឲ្យ​អ្នកណា​ដែល​ធ្វើទុក្ខ​បៀតបៀន​ដល់​អ្នករាល់គ្នា​វិញ”(ខ.៤៤)។ ក្រោយមក ក្នុង​ព្រះគម្ពីរ​សញ្ញាថ្មី សាវ័ក​ប៉ុល​បាន​ប្រើ​ពាក្យ ខ្មាំងសត្រូវ សំដៅ​មក​លើ​នរណា? គឺ​សំដៅ​មក​លើ​យើង​រាល់គ្នា។ ព្រោះ​កាល​យើង​មិនទាន់​ជឿ​ព្រះ យើង​ជា​ខ្មាំងសត្រូវ​របស់​ព្រះអង្គ(រ៉ូម ៥:១០)។ លោកិយ​បាន​ប្រាប់​យើង​ថា “ពុត​គ្រូ​កុំ​ត្រាប់ ច្បាប់​គ្រូ​ឲ្យ​យក” តែ​ព្រះយេស៊ូវ​បាន​ធ្វើជា​គំរូ ដោយ​ប្រព្រឹត្ត ដូច​អ្វី​ដែល​ព្រះអង្គ​បាន​មាន​បន្ទូល​យ៉ាង​ល្អឥតខ្ចោះ។ ព្រះអង្គ​ស្រឡាញ់​យើង ហើយក៏​បាន​លះបង់​ព្រះជន្ម​សម្រាប់​យើង​រាល់គ្នា។

ចុះបើ​សិន​ជា​ព្រះយេស៊ូវ​បាន​បើក​ចំហ​ទំនាក់ទំនង សម្រាប់​តែ “មនុស្ស​វិជ្ជមាន” តើ​យើង​នឹង​ទៅជា​យ៉ាងណា? តែ​អរព្រះគុណ​ព្រះអង្គ​ដែល​បាន​ស្រឡាញ់ នឹង​យាង​មក​រក​មនុស្ស​គ្រប់គ្នា ដោយ​មិនរើសមុខ។ ដោយសារ​ព្រះអង្គ​ស្រឡាញ់​មនុស្ស​ក្នុង​លោកិយ​ដល់ម្ល៉េះ នោះ​ព្រះអង្គ​ក៏បាន​ត្រាស់​ហៅ​ឲ្យ​ស្រឡាញ់​មនុស្ស​ទាំងអស់ ដោយ​ពឹង​អាង​កម្លាំង​ព្រះអង្គ​ផង​ដែរ។—JOHN BLASÉ

កាល​អ្នក​កំពុង​រស់នៅ​ជា​មនុស្ស​អវិជ្ជមាន តើមាន​នរណា​បាន​បង្ហាញ​សេចក្តី​ស្រឡាញ់​មក​អ្នក?

តើ​សព្វថ្ងៃ​នេះ អ្នក​អាច​បង្ហាញ​សេចក្តី​ស្រឡាញ់​ដល់​ខ្មាំងសត្រូវ ដោយ​ការប្រព្រឹត្ត​ដូចម្តេច​ខ្លះ?

ឱ​ព្រះវរបិតា ទូលបង្គំ​ចូលចិត្ត​នៅ​ក្បែរ​តែ​មនុស្ស​ដែល​ស្រឡាញ់​ទូលបង្គំ។ តែ​ព្រះអង្គ​​សព្វព្រះទ័យ​ឲ្យ​ទូលបង្គំ​ស្រឡាញ់​មនុស្ស​ទាំងអស់ រាប់បញ្ចូល​ទាំង​ខ្មាំងសត្រូវ​ទូលបង្គំ​ផង​ដែរ។

គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : លោ​កុប្បត្តិ ៤៦-៤៨ និង ម៉ាថាយ ១៣:១-៣០

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles