ការនិយាយប្រាប់ត្រង់ៗ

ព្រមទាំង​មានចិត្ត​សុភាព ហើយ​ស្លូតបូត​គ្រប់ជំពូក​ទាំង​អត់ធ្មត់ ហើយ​ទ្រាំទ្រ​គ្នា​ទៅវិញទៅមក ដោយ​ស្រឡាញ់។ អេភេសូរ ៤:២

កាល​ប៉ុន្មាន​ឆ្នាំមុន នៅពេល​ព្រឹក​ថ្ងៃមួយ កូនពៅ​របស់ខ្ញុំ​បាន​ចុះ​តាម​ជណ្តើរ ពេល​នាង​ឃើញ​ខ្ញុំ​កំពុង​អង្គុយ​នៅ​លើ​កៅអី នាង​ក៏បាន​រត់​មក​រក​ខ្ញុំ ហើយ​ឡើង​អង្គុយ​នៅ​លើ​ភ្លៅ​ខ្ញុំ។ ខ្ញុំ​ក៏បាន​ឱប​នាង​ដោយ​សេចក្តី​ស្រឡាញ់​របស់​ឪពុក ហើយក៏​បាន​ថើប​ថ្ងាស​នាង​ថ្ម​មៗ ហើយ​នាង​ក៏បាន​បង្ហាញ​នូវ​ចិត្ត​សប្បាយរីករាយ។ តែ​បន្ទាប់មក នាង​ក៏បាន​ជ្រួញ​ចិញ្ចើម ញាក់​ច្រមុះ ហើយក៏​បាន​សម្លឹង​ទៅ​ពែងកាហ្វេ​របស់ខ្ញុំ ដោយ​ការសង្ស័យ។ នាង​ក៏បាន​និយាយ​ដោយ​ស្រទន់​ថា “ប៉ា កូន​ស្រឡាញ់​ប៉ា កូន​ចូល​ចិត្ត​ប៉ា តែ​កូន​មិន​ចូលចិត្ត​ក្លិន​របស់​ប៉ា​ទេ”។

ថ្ងៃ​នោះ កូនស្រី​ខ្ញុំ​បាន​និយាយ​ការពិត ដោយ​បំណង​ល្អ​ទេ។ នាង​មិន​ចង់​ឲ្យ​ខ្ញុំ​មាន​ការ​អាក់អន់​ចិត្ត​ទេ តែ​នាង​មាន​អារម្មណ៍​ថា នាង​ត្រូវតែ​និយាយ​ប្រាប់​ខ្ញុំ​ត្រង់ៗ។ ជួនកាល យើង​ចាំបាច់​ត្រូវ​ធ្វើ​ដូចនេះ​ផង​ដែរ ក្នុង​ទំនាក់ទំនង​របស់​យើង។

ក្នុង​បទ​គម្ពីរ​អេភេសូរ ជំពូក៤ សាវ័ក​ប៉ុល​បាន​បង្រៀន​យើង​អំពី​របៀប​ទំនាក់ទំនង​ជាមួយគ្នា ជាពិសេស នៅពេល​ដែល​យើង​ពិបាក​និយាយ​ការពិត។ គឺ​ដូច​គាត់​បាន​ប្រាប់​យើង​ឲ្យ “មានចិត្ត​សុភាព ហើយ​ស្លូតបូត​គ្រប់ជំពូក​ទាំង​អត់ធ្មត់ ហើយ​ទ្រាំទ្រ​គ្នា​ទៅវិញទៅមក ដោយ​ស្រឡាញ់”(ខ.២)។ ការ​បន្ទាបខ្លួន ភាព​ស្លូតបូត និង​ការ​អត់ធ្មត់ ជួយ​ឲ្យ​ទំនាក់ទំនង​របស់​យើង​មាន​គ្រឹះ​រឹងមាំ។ យើង​ត្រូវ​មាន​លក្ខណៈ​សម្បត្តិ​ទាំងនេះ ដើម្បីឲ្យ​យើង​អាច​និយាយ​ការពិត ដោយ​សេចក្តី​ស្រឡាញ់(ខ.១៥) តាម​ការដឹកនាំ​របស់​ព្រះ ហើយ​បញ្ចេញ​តែ​ពាក្យ​ណា​ដែល​ល្អ សំរាប់​នឹង​ស្អាង​ចិត្ត​តាមត្រូវ​ការ ដើម្បីឲ្យ​បាន​ផ្តល់​ព្រះគុណ​ដល់​អស់អ្នក​ដែល​ស្តាប់(ខ.២៩)។

គ្មាន​នរណា​ចូលចិត្ត​ឲ្យ​គេ​និយាយ​ត្រង់​ៗ អំពី​ចំណុចខ្សោយ និង​កំហុស​របស់​ខ្លួន​នោះ​ទេ។ តែ​ពេលណា​យើង​មាន​ចំណុច​ដែល​ត្រូវ​កែ​តម្រង់ ព្រះ​ទ្រង់​អាច​ប្រើ​មិត្តភក្ដិ​ដ៏​ស្មោះត្រង់ ឲ្យ​និយាយប្រាប់​យើង​ត្រង់ៗ ដោយ​សេចក្តី​ស្រឡាញ់ សេចក្តី​ពិត ការ​បន្ទាបខ្លួន និង​ចិត្តសុភាព។—ADAM R. HOLZ

តើមាន​នរណា​ម្នាក់​បាន​និយាយប្រាប់​អ្នក​ត្រង់ៗ អំពី​កំហុស​របស់​អ្នក នៅពេល​ណា? ពេលណា​អ្នក​ចង់​ជួយ​កែ​តម្រង់​នរណា​ម្នាក់ តើ​អ្នក​អាច​និយាយ​ត្រង់​ៗ​ប្រាប់​ពួក​គេ យ៉ាងដូច​ម្តេច​ខ្លះ?

ឱ​ព្រះវរបិតា សូម​ព្រះអង្គ​ជួយ​ទូលបង្គំ​ឲ្យ​ទទួលការ​កែ​តម្រង់ និង​ជួយ​ឲ្យ​ទូលបង្គំ​កែ​តម្រង់​អ្នកដទៃ ដោយ​សេចក្តី​ស្រឡាញ់ ការ​បន្ទាបខ្លួន និង​ចិត្តសុភាព។

គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : និក្ខមនំ ១-៣ និង ម៉ាថាយ ១៤:១-២១

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles