សូមអរសប្បាយជាមួយនឹងខ្ញុំ ដ្បិតចៀមខ្ញុំដែលបាត់ នោះឃើញវិញហើយ។ លូកា ១៥:៦
គេបានហៅបុរសចំណាស់ម្នាក់ថា កំពូលអ្នកស្វែងរកចិញ្ចៀន ព្រោះគាត់បានរកឃើញចិញ្ចៀម១៦៧វង់ ដែលគេបានជ្រុះបាត់។ ក្នុងអំឡុងពេលខ្ញុំកំពុងដើរលេងជាមួយភរិយាខ្ញុំ ឈ្មោះ ខារី(Cari) នៅលើឆ្នេរសមុទ្រ យើងក៏បានជជែកគ្នាលេងជាមួយបុរសវ័យចំណាស់ម្នាក់ ដែលកំពុងប្រើប្រាស់ឧបករណ៍រាវរកលោហធាតុដែលកប់បាត់នៅក្នុងដី។ គាត់បានពន្យល់យើងថា ជួនកាល គាត់ឃើញមានឈ្មោះជាប់នៅលើចិញ្ចៀន ហើយគាត់ចូលចិត្តមើលទឹកមុខរបស់ម្ចាស់ចិញ្ចៀនទាំងនោះ ពេលគាត់ប្រគល់ចិញ្ចៀនឲ្យទៅពួកគេ។ គាត់បានបង្ហោះរូបភាពតាមបណ្តាញសង្គម ដើម្បីស្វែងរកម្ចាស់ចិញ្ចៀនដែលបានបាត់ទាំងនោះ។ គាត់បានរកឃើញចិញ្ចៀនដែលគេបានបាត់អស់ជាច្រើនឆ្នាំ។ ពេលខ្ញុំប្រាប់គាត់ថា ខ្ញុំក៏ចូលចិត្តប្រើឧបករណ៍រាវរកលោហធាតុក្នុងដីផងដែរ មុនគាត់លាយើង គាត់ប្រាប់ខ្ញុំថា “ទាល់តែអ្នកបានរកឃើញរបស់ដែលបានបាត់ ទើបអ្នកដឹងថា អ្នកមានចិត្តសប្បាយរីករាយប៉ុណ្ណា”។
បទគម្ពីរលូកា ជំពូក១៥ បានចែងអំពីការស្វែងរក និងជួយសង្គ្រោះ។ គេបានរិះគន់ព្រះយេស៊ូវ ដោយសារព្រះអង្គយកព្រះទ័យទុកដាក់ ចំពោះមនុស្សដែលសង្គមស្អប់ខ្ពើម(ខ.១-២)។ ព្រះអង្គក៏បានឆ្លើយតបទៅពួកគេវិញ ដោយមានបន្ទូលអំពីរឿងប្រៀបប្រដូច៣រឿង អំពីការបាត់បង់ និងការរកឃើញ ដែលមានដូចជារឿងសត្វចៀមបាត់ រឿងកាក់ដែលបានបាត់ និងរឿងកូនពៅវង្វេង។ ពេលដែលអ្នកគង្វាលបានរកឃើញចៀម ដែលគាត់បានបាត់ គាត់ “ក៏លើកព្រនរមក ដោយអំណរ លុះមកដល់ផ្ទះវិញ អ្នកនោះនឹងហៅពួកសំឡាញ់ និងពួកអ្នកជិតខាងមក ប្រាប់ថា សូមអរសប្បាយជាមួយនឹងខ្ញុំ ដ្បិតចៀមខ្ញុំដែលបាត់ នោះឃើញវិញហើយ”(លូកា ១៥:៥-៦)។ រឿងទាំងអស់នេះ សុទ្ធតែនិយាយសំដៅទៅលើការស្វែងរកមនុស្សបាត់បង់ ថ្វាយព្រះគ្រីស្ទ និងអំពីក្តីអំណរ ដែលកើតមាន ពេលដែលពួកគេត្រូវបានរកឃើញ ក្នុងព្រះអង្គ។
ព្រះយេស៊ូវបានយាងមកដើម្បី “ស្វែងរក និងសង្គ្រោះមនុស្សបាត់បង់”(១៩:១០) ហើយព្រះអង្គបានត្រាស់ហៅយើង ឲ្យយកគំរូតាមព្រះអង្គ ក្នុងការនាំមនុស្សឲ្យងាកមករកព្រះវិញ(មើល ម៉ាថាយ ២៨:១៩)។ ក្តីអំណរកើតមាន ពេលណាយើងបានឃើញអ្នកដទៃវិលត្រឡប់មករកព្រះអង្គ។ ក្តីអំណរនេះកំពុងតែរង់ចាំយើង។ យើងនឹងបានដឹងថា យើងមានអំណរប៉ុណ្ណា ពេលយើងបានចេញទៅស្វែងរកមនុស្សបាត់បង់។—JAMES BANKS
តើអ្នកមានអំណរប៉ុណ្ណា ពេលបានឃើញមនុស្សងាកបែរមករកព្រះ? តើនៅថ្ងៃនេះ អ្នកនឹងចង្អុលបង្ហាញអ្នកដទៃ ដូចម្តេចខ្លះ ឲ្យពួកគេងាកទៅរកព្រះយេស៊ូវ?
ឱព្រះយេស៊ូវ ទូលបង្គំសូមអរព្រះគុណព្រះអង្គ សម្រាប់ការស្វែងរក និងស្រឡាញ់ទូលបង្គំ! សូមព្រះអង្គចាត់ទូលបង្គំឲ្យចេញទៅ តាមក្តីអំណររបស់ព្រះអង្គ ទៅរកនរណាម្នាក់ ដែលត្រូវការព្រះអង្គ នៅថ្ងៃនេះ។
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : និក្ខមនំ ៧-៨ និង ម៉ាថាយ ១៥:១-២០