ការបាត់បង់ ការរកឃើញ និងក្តីអំណរ

សូម​អរ​សប្បាយ​ជាមួយនឹង​ខ្ញុំ ដ្បិត​ចៀម​ខ្ញុំ​ដែល​បាត់ នោះ​ឃើញ​វិញ​ហើយ។ លូកា ១៥:៦

គេ​បាន​ហៅ​បុរស​ចំណាស់​ម្នាក់​ថា កំពូល​អ្នក​ស្វែងរក​ចិញ្ចៀន ព្រោះ​គាត់​បាន​រក​ឃើញ​ចិញ្ចៀម១៦៧វង់ ដែលគេ​បាន​ជ្រុះ​បាត់។ ក្នុងអំឡុងពេល​ខ្ញុំ​កំពុង​ដើរលេង​ជាមួយ​ភរិយា​ខ្ញុំ ឈ្មោះ ខា​រី(Cari) នៅ​លើ​ឆ្នេរសមុទ្រ យើង​ក៏បាន​ជជែកគ្នា​លេង​ជាមួយ​បុរស​វ័យ​ចំណាស់​ម្នាក់ ដែល​កំពុង​ប្រើប្រាស់​ឧបករណ៍​រាវរក​លោហធាតុ​ដែល​កប់​បាត់​នៅក្នុង​ដី។ គាត់​បាន​ពន្យល់​យើង​ថា ជួនកាល គាត់​ឃើញ​មាន​ឈ្មោះ​ជាប់​នៅ​លើ​ចិញ្ចៀន ហើយ​គាត់​ចូលចិត្ត​មើល​ទឹកមុខ​របស់​ម្ចាស់​ចិញ្ចៀន​ទាំងនោះ ពេល​គាត់​ប្រគល់​ចិញ្ចៀន​ឲ្យ​ទៅ​ពួក​គេ។ គាត់​បាន​បង្ហោះ​រូបភាព​តាម​បណ្តាញ​សង្គម ដើម្បី​ស្វែងរក​ម្ចាស់​ចិញ្ចៀន​ដែល​បាន​បាត់​ទាំងនោះ។ គាត់​បាន​រក​ឃើញ​ចិញ្ចៀន​ដែលគេ​បាន​បាត់​អស់​ជាច្រើន​ឆ្នាំ។ ពេល​ខ្ញុំ​ប្រាប់​គាត់​ថា ខ្ញុំ​ក៏​ចូលចិត្ត​ប្រើ​ឧបករណ៍​រាវរក​លោហធាតុ​ក្នុង​ដី​ផង​ដែរ មុន​គាត់​លា​យើង គាត់​ប្រាប់​ខ្ញុំ​ថា “ទាល់តែ​អ្នក​បាន​រក​ឃើញ​របស់​ដែល​បាន​បាត់ ទើប​អ្នកដឹង​ថា អ្នកមាន​ចិត្ត​សប្បាយរីករាយ​ប៉ុណ្ណា”។

បទ​គម្ពីរ​លូកា ជំពូក១៥ បាន​ចែង​អំពី​ការស្វែងរក និង​ជួយ​សង្គ្រោះ។ គេ​បាន​រិះគន់​ព្រះយេស៊ូវ ដោយសារ​ព្រះអង្គ​យក​ព្រះទ័យ​ទុកដាក់ ចំពោះ​មនុស្ស​ដែល​សង្គម​ស្អប់ខ្ពើម(ខ.១-២)។ ព្រះអង្គ​ក៏បាន​ឆ្លើយតប​ទៅ​ពួក​គេ​វិញ ដោយមាន​បន្ទូល​អំពី​រឿង​ប្រៀបប្រដូច៣រឿង អំពី​ការបាត់បង់ និង​ការ​រក​ឃើញ ដែល​មាន​ដូចជា​រឿង​សត្វ​ចៀម​បាត់ រឿង​កាក់​ដែល​បាន​បាត់ និង​រឿង​កូនពៅ​វង្វេង។ ពេល​ដែល​អ្នកគង្វាល​​បាន​រក​ឃើញ​ចៀម ដែល​គាត់​បាន​បាត់ គាត់ “ក៏​លើក​ព្រនរ​មក ដោយ​អំណរ លុះ​មកដល់​ផ្ទះ​វិញ អ្នកនោះ​នឹង​ហៅ​ពួក​សំឡាញ់ និង​ពួក​អ្នកជិតខាង​មក ប្រាប់​ថា សូម​អរ​សប្បាយ​ជាមួយនឹង​ខ្ញុំ ដ្បិត​ចៀម​ខ្ញុំ​ដែល​បាត់ នោះ​ឃើញ​វិញ​ហើយ”(លូកា ១៥:៥-៦)។ រឿង​ទាំងអស់​នេះ សុទ្ធតែ​និយាយ​សំដៅ​ទៅលើ​ការស្វែងរក​មនុស្ស​បាត់បង់ ថ្វាយ​ព្រះគ្រីស្ទ និង​អំពី​ក្តី​អំណរ ដែល​កើតមាន ពេល​ដែល​ពួក​គេ​ត្រូវ​បាន​រក​ឃើញ ក្នុង​ព្រះអង្គ។

ព្រះយេស៊ូវ​បាន​យាង​មក​ដើម្បី “ស្វែងរក និង​សង្គ្រោះ​មនុស្ស​បាត់បង់”(១៩:១០) ហើយ​ព្រះអង្គ​បាន​ត្រាស់​ហៅ​យើង ឲ្យ​យក​គំរូ​តាម​ព្រះអង្គ ក្នុង​ការ​នាំ​មនុស្ស​ឲ្យ​ងាក​មក​រក​ព្រះ​វិញ(មើល ម៉ាថាយ ២៨:១៩)។ ក្តី​អំណរ​​កើតមាន ​ពេលណា​យើង​បានឃើញ​អ្នកដទៃ​វិលត្រឡប់​មក​រក​ព្រះអង្គ។ ក្តី​អំណរ​នេះ​កំពុងតែ​រង់ចាំ​យើង។ យើង​នឹង​បានដឹង​ថា យើង​មាន​អំណរ​ប៉ុណ្ណា ពេល​យើង​បាន​ចេញទៅ​ស្វែងរក​មនុស្ស​បាត់បង់។—JAMES BANKS

តើ​អ្នកមាន​អំណរ​ប៉ុណ្ណា ពេល​បានឃើញ​មនុស្ស​ងាក​បែរមក​រក​ព្រះ? តើ​នៅ​ថ្ងៃនេះ អ្នក​នឹង​ចង្អុលបង្ហាញ​អ្នកដទៃ ដូចម្តេច​ខ្លះ ឲ្យ​ពួក​គេ​ងាក​ទៅ​រក​ព្រះយេស៊ូវ?

ឱ​ព្រះយេស៊ូវ ទូលបង្គំ​សូម​អរព្រះគុណ​ព្រះអង្គ សម្រាប់​ការ​ស្វែងរក និង​ស្រឡាញ់​ទូលបង្គំ! សូម​ព្រះអង្គ​ចាត់​ទូលបង្គំ​ឲ្យ​ចេញទៅ តាម​ក្តី​អំណរ​របស់​ព្រះអង្គ ទៅ​រក​នរណា​ម្នាក់ ដែល​ត្រូវការ​ព្រះអង្គ នៅ​ថ្ងៃនេះ។

គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : និក្ខមនំ ៧-៨ និង ម៉ាថាយ ១៥:១-២០

 

Share this post:
Facebook
Twitter
LinkedIn
WhatsApp

More articles