ជួយសង់គ្រឹះឲ្យក្មេងៗ

ចូរ​បង្ហាត់​កូនក្មេង ឲ្យ​ប្រព្រឹត្ត​តាមផ្លូវ​ដែល​គួរ​ប្រព្រឹត្ត​នោះ​វា​នឹង​មិន​លះបង់​ពី​ផ្លូវ​នោះ​ដរាបដល់​ចាស់។ សុភាសិត ២២:៦

ក្នុង​ខ្សែភាពយន្ត​ភាគ ដែលគេ​បាន​ចាក់​បញ្ចាំង​នៅ​តាម​ទូរទស្សន៍ មាន​ចំណងជើង​ថា ការ​សម្ដែង​របស់​លោក​អ៊ែន​ឌី គ្រី​ហ្វ៊ី​ត(Andy Griffith) មាន​បុរស​ម្នាក់​ប្រាប់​លោក​អ៊ែន​ឌី​ថា គាត់​គួរតែ​ឲ្យ​កូន​គាត់ ឈ្មោះ អូ​ភី(Opie) ធ្វើការ​សម្រេចចិត្ត​រស់នៅ តាមចិត្ត​របស់​ខ្លួន។ លោក​អ៊ែន​ឌី​បាន​បដិសេធន៍។ គាត់​ប្រកែក​ថា “អ្នក​មិន​អាច​ឲ្យ​ក្មេងៗ​ធ្វើ​ការ​សម្រេចចិត្ត​ដោយខ្លួនឯង​បានទេ។ ពួក​គេ​នឹង​ចាប់​យក​របស់​អ្វី​ដែល​មាន​ពន្លឺ​ភ្លឺ​ផ្លេកៗ​មុន​គេ ដែល​មាន​ភាព​ទាក់ទាញ​ដូច​អំណោយ​ដ៏​មានតម្លៃ។ បន្ទាប់មក នៅពេល​ដែល​ពួក​គេ​បានដឹង​ថា វា​គ្រាន់តែ​ជា​នុយ​បញ្ឆោត​ប៉ុណ្ណោះ នោះ​គឺ​យឺត​ពេល​ហើយ។ គេ​បាន​វេច​ខ្ចប់​គំនិត​មិន​ត្រឹមត្រូវ ក្នុង​កញ្ចប់​អំណោយ​ដែល​បញ្ចេញ​ពន្លឺ​ផ្លេកៗ ដែល​មានការ​ទាក់ទាញ​ពួក​គេ​យ៉ាង​ខ្លាំង បាន​ជា​យើង​ពិបាក​ណែនាំ​ពួក​គេ​ឲ្យ​ជឿ​ថា មាន​ជម្រើស​ផ្សេងទៀត ដែល​ល្អ​ជាង​នេះ ក្នុងរយៈពេល​ដ៏​យូរអង្វែង”។ គាត់​ក៏បាន​សន្និដ្ឋាន​ថា ហេតុនេះ​ហើយ ឪពុក​ម្តាយ​ចាំបាច់​ត្រូវ​ធ្វើជា​គំរូ​ល្អ​ដល់​កូន ដើម្បីកុំឲ្យ​ពួក​គេ​ងាយ​ចាញ់​ការ​ល្បួង។

ពាក្យ​សម្តី​របស់​លោក​អ៊ែន​ឌ្រូ បាន​ធ្វើឲ្យ​ខ្ញុំ​នឹក​ចាំ អំពី​ប្រាជ្ញា ដែល​ឃើញ​មាន នៅក្នុង​បទ​គម្ពីរ​សុភាសិត ដែល​បាន​ចែងថា “ចូរ​បង្ហាត់​កូនក្មេង ឲ្យ​ប្រព្រឹត្ត​តាមផ្លូវ​ដែល​គួរ​ប្រព្រឹត្ត​ នោះ​វា​នឹង​មិន​លះបង់​ពី​ផ្លូវ​នោះ​ដរាបដល់​ចាស់”(២២:៦)។ មនុស្សជា​ច្រើន​ដែល​បាន​អាន​ខគម្ពីរ​នេះ ប្រហែលជា​គិតថា ខគម្ពីរ​នេះ​ជា​ការសន្យា​ តែ​ខគម្ពីរ​នេះ​ជាគោល​ការ​ដ៏​សំខាន់​សម្រាប់​គ្រួសារ​នី​មួយ​ៗ​អនុវត្ត​តាម។ ព្រះ​ទ្រង់​បាន​ត្រាស់​ហៅ​យើង​ម្នាក់​ៗ ឲ្យ​ធ្វើការ​សម្រេចចិត្ត​ទទួល​ជឿ​ព្រះយេស៊ូវ ដោយ​ផ្ទាល់ខ្លួន។ ​តែ​យើង​អាច​ជួយ​សង់​គ្រឹះ​របស់​មនុស្ស​ជំនាន់​ក្រោយ ស្របតាម​ព្រះគម្ពីរ តាមរយៈ​សេចក្តី​ស្រឡាញ់​ដែល​យើង​មាន​ចំពោះ​ព្រះ និង​ព្រះគម្ពីរ។ ហើយ​ខណៈ​ពេល​ដែល​ក្មេង​ៗ​កំពុង​ស្ថិត​ក្រោម​ការ​ថែរក្សា​របស់​យើង យើង​អាច​អធិស្ឋាន​ថា សូមឲ្យ​ពួក​គេ​សម្រេច​ចិត្ត​ទទួល​ព្រះគ្រីស្ទ​ជា​ព្រះអង្គ​សង្គ្រោះ​ ហើយ​ដើរតាម​ផ្លូវ​ព្រះអង្គ មិនមែន​តាមផ្លូវ​របស់​មនុស្ស​អាក្រក់​នោះ​ឡើយ(ខ.៥)។

ជ័យជម្នះ​ដែល​យើង​មាន​មក​លើ​ការ​ល្បួង ដោយ​ជំនួយ​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ ក៏​ជាទី​បន្ទាល់​ដ៏​មានអំណាច​ផង​ដែរ។ ព្រះវិញ្ញាណ​របស់​ព្រះយេស៊ូវ ជួយ​យើង​ឲ្យ​ឈ្នះ​ការ​ល្បួង ហើយ​កែប្រែ​ជីវិត​យើង ឲ្យ​ក្លាយជា​គំរូ​ល្អ ដែល​សក្តិ​សមនឹង​ឲ្យ​គេ​យកតម្រាប់តាម។—ALYSON KIEDA

ហេតុអ្វី​យើង​ចាំបាច់​ត្រូវ​ចាំ​ថា បទ​គម្ពីរ​សុភាសិត ២២:៦ មិនមែន​ជា​ការសន្យា តែ​ជាគោល​ការណ៍​ដ៏​ឆ្លាត​វ័យ? តើ​អ្នក​អាច​បង្រៀន​នរណា​ខ្លះ ជា​មនុស្ស​ជំនាន់​ក្រោយ ឲ្យ​ដើរតាម​ផ្លូវ​របស់​ព្រះ?

ឱ​ព្រះ​វរបិតា សូម​ព្រះអង្គ​ប្រើ​ទូលបង្គំ ឲ្យ​ដាក់​គោល​តម្លៃ​ព្រះអង្គ​ជាប់​ក្នុងចិត្ត​របស់​ក្មេងៗ ដែល​ព្រះអង្គ​បាន​ដាក់​ក្នុង​ជីវិត​ទូលបង្គំ។

គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : និក្ខមនំ ១២-១៣ និង ម៉ាថាយ ១៦

Share this post:
Facebook
Twitter
LinkedIn
WhatsApp

More articles