ទ្រង់នឹងមិនបន្ទោសជាដរាប ក៏មិនប្រកាន់ជារៀងរាបតទៅដែរ។ ទំនុកដំកើង ១០៣:៩
ការរាតត្បាតនៃជំងឺកូវីឌ-១៩ បានបណ្តាលឲ្យនាវាកម្សាន្តខ្នាតធំជាច្រើនជាប់គាំងដំណើរ នៅកំពង់ផែ ដោយមានអ្នកដំណើរជាច្រើនធ្វើចត្តាឡីស័ក នៅក្នុងនាវាទាំងនោះ។ សារព័ត៌មាន The Wall Street Journal បានចុះផ្សាយអត្ថបទពិសេស ដែលរាប់បញ្ចូលការសម្ភាសភ្ញៀវទេសចរណ៍មួយចំនួន។ ពួកគេក៏បានលើកឡើងថា ការធ្វើចត្តាឡីស័ករួមគ្នា នៅក្នុងនាវាបាននាំឲ្យពួកគេមានឱកាសកាន់តែច្រើន ដើម្បីសន្ទនាគ្នា ដែលក្នុងចំណោមពួកគេ មានអ្នកដំណើរម្នាក់បាននិយាយកំប្លែងថា ភរិយារបស់គាត់ដែលមានការចងចាំល្អ មានឱកាសរំឭកអំពីកំហុសនីមួយៗដែលគាត់ធ្លាប់មាន ហើយចាំថា ខ្លួនមិនទាន់មានកំហុសទាំងនោះនៅឡើយ។
រឿងដូចនេះ អាចធ្វើឲ្យយើងមានទឹកមុខញញឹម និងរំឭកយើងអំពីភាពកម្សោយរបស់យើងជាមនុស្ស ហើយដាស់តឿនយើង កុំឲ្យបន្តប្រកាន់ទោសអ្នកដទៃទៀត។ តើមានអ្វីជួយយើងឲ្យឈប់ប្រកាន់ទោសចំពោះុំអ្នកដែលបានធ្វើខុសមកលើយើង? គឺយើងត្រូវពឹងផ្អែកទៅលើព្រះដ៏ធំប្រសើរ ដ្បិតព្រះអង្គជាព្រះដែលអត់ទោស ដូចដែលបទគម្ពីរ ទំនុកដំកើង ១០៣:៨-១២ បានពិពណ៌នាអំពីព្រះអង្គ។
ខ.៨-១០ បានចែងថា : “ព្រះយេហូវ៉ាទ្រង់មានសេចក្តីមេត្តាករុណា ហើយនឹងអាណិតអាសូរ ទ្រង់យឺតនឹងខ្ញាល់ ហើយមានសេចក្តីសប្បុរសដ៏បរិបូរ ទ្រង់នឹងមិនបន្ទោសជាដរាប ក៏មិនប្រកាន់ជារៀងរាបតទៅដែរ ទ្រង់មិនបានប្រព្រឹត្តនឹងយើង
តាមអំពើបាបរបស់យើងទេ ក៏មិនបានសងតាមអំពើទុច្ចរិតរបស់យើងដែរ”។ នេះជាបទគម្ពីរដែលគួរឲ្យកត់សំគាល់។ ពេលយើងអានព្រះគម្ពីរអមដោយការអធិស្ឋាន ការទូលសូមព្រះអង្គជួយយើង អាចកែប្រែចិត្តគំនិតយើង ឲ្យងាកចេញពីការសងសឹក ឬការដាក់ទោសមកលើអ្នកដែលបានធ្វើខុសមកលើយើង ហើយក៏អាចបណ្តាលចិត្តយើងឲ្យអធិស្ឋាន ឲ្យខ្លួនឯង និងអ្នកដែលបានធ្វើខុសមកលើយើងផងដែរ។—ARTHUR JACKSON
តើអ្នកចង់សងសឹកមកលើនរណា ដែលបានធ្វើខុសមកលើអ្នក? តើអ្នកអាចសុំឲ្យនរណាអធិស្ឋានឲ្យអ្នកនៅថ្ងៃនេះ?
ឱព្រះនៃសេចក្តីមេត្តា សេចក្តីសប្បុរស និងការអត់ទោស សូមព្រះអង្គជួយទូលបង្គំ ឲ្យមានសេចក្តីមេត្តា និងការអត់ទោស ដល់អ្នកដែលបានធ្វើខុសមកលើទូលបង្គំ។
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : និក្ខមនំ ១៦-១៨ និង ម៉ាថាយ ១៨:១-២០