ចូរឲ្យគ្រប់គ្នាធ្វើតាមដែលសំរេចក្នុងចិត្តចុះ មិនមែនដោយស្តាយ ឬដោយបង្ខំឡើយ ដ្បិតព្រះទ្រង់ស្រឡាញ់ដល់អ្នកណាដែលថ្វាយដោយអំណរ។ ២កូរិនថូស ៩:៧
កាលប្រេនដា(Brenda) កំពុងតែដើរទៅរកច្រកចេញរបស់ផ្សាទំនើប វត្ថុមួយមានពណ៌ផ្កាឈូក នៅកន្លែងគេដាក់តាំងទំនិញបានទាក់ភ្នែកគាត់យ៉ាងខ្លាំង។ គាត់ក៏បានងាកទៅរកវត្ថុនោះ ឃើញ “អាវក្រៅពណ៌ផ្កាឈូក”មួយ ហើយក៏បានឈរស្ងៀមនៅទីនោះ។ គាត់គិតឃើញថា ហូលី(Holly) ប្រាកដជាស្រឡាញ់អាវក្រៅនេះមិនខាន។ ហូលីជាមិត្តរួមការងាររបស់ប្រេនដា ជាស្រ្តីមេម៉ាយកូនមួយ កំពុងមានបញ្ហាហិរញ្ញវត្ថុ ហើយប្រេនដាដឹងថា ហូលីកំពុងត្រូវការអាវក្រៅដ៏កក់ក្តៅមួយ ហើយទន្ទឹមនឹងនោះ ប្រេនដាក៏ដឹងផងដែរថា មិត្តភក្តិម្នាក់នេះនឹងមិនចំណាយប្រាក់ទិញអាវក្រៅ ដែលមានតម្លៃថ្លៃដូចនេះឡើយ។ បន្ទាប់ពីមានការស្ទាក់ស្ទើរមួយសន្ទុះ ប្រេនដាក៏បានដកកាបូបលុយចេញមក ដោយទឹកមុខញញឹម ហើយក៏បានទិញអាវក្រៅនោះ ដោយឲ្យគេដឹកទៅដល់ផ្ទះរបស់ហូលី។ នាងក៏បានសរសេរនៅលើក្រដាស់តូចមួយ ដោយមិនបញ្ចេញឈ្មោះ ដាក់ជាមួយអាវនោះថា “អ្នកជាមនុស្សដែលគួរឲ្យស្រឡាញ់ខ្លាំងណាស់”។ ប្រេនដាក៏បានដើរបណ្តើរ រាំបណ្តើរទៅរករថយន្តរបស់នាង ដោយអំណរ។
ក្តីអំណរក៏ជាលទ្ធផល ដែលទទួលបានពីការឲ្យអំណោយអ្វីមួយដល់នរណាម្នាក់ តាមការបណ្តាលចិត្តពីព្រះ។ គឺដូចដែលសាវ័កប៉ុលបានបង្រៀនពួកជំនុំនៅទីក្រុងកូរិនថូស អំពីការឲ្យអំណោយ ដោយចិត្តសប្បុរសយ៉ាងដូចនេះថា “ចូរឲ្យគ្រប់គ្នាធ្វើតាមដែលសំរេចក្នុងចិត្តចុះ មិនមែនដោយស្តាយ ឬដោយបង្ខំឡើយ ដ្បិតព្រះទ្រង់ស្រឡាញ់ដល់អ្នកណាដែលថ្វាយដោយអំណរ”(២កូរិនថូស ៩:៧)។ គាត់ក៏បានកត់សម្គាល់ផងដែរថា “អ្នកណាដែលព្រោះដោយកំណាញ់ នោះនឹងច្រូតបានតិច ហើយអ្នកណាដែលព្រោះដោយសទ្ធា នោះនឹងច្រូតបានច្រើនវិញ”(ខ.៦)។
មានពេលដែលយើងដាក់ដង្វាយចូលថង់ដង្វាយ ក្នុងព្រះវិហារ ហើយក៏មានពេលដែលយើងដាក់ដង្វាយតាមអនឡាញ សម្រាប់ការងារបម្រើព្រះដ៏សំខាន់ណាមួយ។ ហើយក៏មានពេល ដែលព្រះទ្រង់ដឹកនាំយើង ឲ្យឆ្លើយតបចំពោះតម្រូវការរបស់មិត្តភក្តិ ដោយធ្វើអ្វីមួយសម្រាប់គាត់ ដែលជាការបង្ហាញចេញនូវសេចក្តីស្រឡាញ់របស់ព្រះអង្គ ដោយឲ្យអង្ករមួយបាវ ជួយចាក់សាំងមួយលីត្រ ឬទិញអាវឲ្យគាត់ពាក់ជាដើម។—ELISA MORGAN
តើអ្នកចង់បង្ហាញសេចក្តីស្រឡាញ់របស់ព្រះ ដល់នរណានៅថ្ងៃនេះ? តើការឲ្យអំណោយ ដោយចិត្តសប្បុរសអាចនាំឲ្យអ្នកមានអំណរប៉ុណ្ណា?
ឱព្រះវរបិតានៃសេចក្តីស្រឡាញ់ ព្រះអង្គបានប្រទានព្រះរាជបុត្រាព្រះអង្គមកយើងខ្ញុំ ធ្វើជាអំណោយ ហេតុនេះ យើងខ្ញុំក៏ចង់ឲ្យអំណោយដល់អ្នកដទៃផងដែរ។ សូមព្រះអង្គជួយយើងខ្ញុំ ឲ្យឆ្លើយតបចំពោះការបណ្តាលចិត្តយ៉ាងស្រទន់ពីព្រះអង្គ ឲ្យបំពេញតម្រូវការរបស់អ្នកដទៃ។
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : និក្ខមនំ ១៩-២០ និង ម៉ាថាយ ១៨:២១-៣៥