ដូច្នេះ ត្រូវឲ្យយើងរាល់គ្នា មកដល់បល្ល័ង្កនៃព្រះគុណ ដោយក្លាហាន ដើម្បីនឹងទទួលសេចក្តីមេត្តា ហើយរកបានព្រះគុណសំរាប់នឹងជួយដល់ពេលត្រូវការចុះ។ ហេព្រើរ ៤:១៦
យានរុករក ដែលគេបានដាក់ឈ្មោះឲ្យថា ស៊ូទ្រាំ បានចុះចតនៅលើភពអង្គារ ដែលជាភពពណ៌ក្រហម នៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១។ ពេលនោះ ក្រុមការងារដែលពិនិត្យមើលការចុះចតរបស់វា បានអត់ទ្រាំនឹងបញ្ហាដែលគួរឲ្យភ័យខ្លាច មានរយៈពេល៧នាទី។ បន្ទាប់ពីយានអវកាសនោះ បានបញ្ចប់ការធ្វើដំណើរពីផែនដីមកភពអង្គារ ដែលមានចម្ងាយ៤៦៩លានគីឡូម៉ែត្រ វាត្រូវធ្វើការចុះចត ដោយទម្រង់ការដ៏ស្មុគស្មាញ ដោយខ្លួនឯង។ ការបញ្ជូនសញ្ញាពីភពអង្គារ ត្រូវចំណាយពេលបួនប្រាំនាទីទំរាំមកដល់ផែនដី ដូចនេះ អង្គការណាសាមិនបានទទួលដំណឹងអ្វីពីយានរុករកនោះ ក្នុងអំឡុងពេលចុះចតឡើយ។ ការមិនអាចទំនាក់ទំនងនេះ បានធ្វើឲ្យក្រុមការងារមានការភ័យខ្លាច ដោយសារពួកគេបានចំណាយកម្លាំង និងធនធានជាច្រើន ដើម្បីធ្វើបេសកកម្មនេះ។
ជួនកាល យើងប្រហែលមានអារម្មណ៍ភ័យខ្លាច ពេលណាយើងមិនបានទទួលការឆ្លើយតបពីព្រះ ចំពោះការអធិស្ឋានរបស់យើង។ ក្នុងព្រះគម្ពីរប៊ីប យើងឃើញថា មានមនុស្សជាច្រើនដែលបានទទួលការឆ្លើយតបភ្លាមៗពីព្រះ(មើល ដានីយ៉ែល ៩:២០-២៣) ហើយអ្នកផ្សេងទៀត ក៏បានរង់ចាំការឆ្លើយតបរបស់ព្រះ អស់រយៈយ៉ាងយូរ(មើលរឿងរបស់នាងហាណា ក្នុង ១សាំយ៉ូអែល ១:១០-២០)។ តែមានការពន្យារពេលក្នុងការឆ្លើយតបមួយ ដែលបានធ្វើឲ្យនាងម៉ារា និងម៉ាថាមានការភ័យខ្លាចយ៉ាងខ្លាំង គឺនៅពេលដែលពួកគេសូមព្រះយេស៊ូវឲ្យជួយប្រោសជំងឺលោកឡាសា ជាប្អូនប្រុសរបស់ពួកគេ(យ៉ូហាន ១១:៣)។ ព្រះយេស៊ូវបានពន្យារពេលក្នុងការធ្វើដំណើរ ហើយប្អូនប្រុសរបស់ពួកគេក៏បានស្លាប់(ខ.៦-៧,១៤-១៥)។ ប៉ុន្តែ ៤ថ្ងៃក្រោយមក ព្រះគ្រីស្ទក៏បានឆ្លើយតប ដោយប្រោសលោកសាឡាឲ្យរស់ឡើងវិញ(ខ.៤៣-៤៤)។
ការរង់ចាំការឆ្លើយតប ចំពោះកាអធិស្ឋានរបស់យើង អាចមានការពិបាក។ តែព្រះទ្រង់អាចកម្សាន្តចិត្ត និងជួយយើង ពេលណាយើង “យើងរាល់គ្នា មកដល់បល្ល័ង្កនៃព្រះគុណ ដោយក្លាហាន ដើម្បីនឹងទទួលសេចក្តីមេត្តា ហើយរកបានព្រះគុណសំរាប់នឹងជួយដល់ពេលត្រូវការ”(ហេព្រើរ ៤:១៦)។—DAVE BRANON
តើអ្នកកំពុងអធិស្ឋានអំពីរឿងអ្វីខ្លះ តែហាក់ដូចជាមិនឃើញព្រះអង្គឆ្លើយតប? តើព្រះទ្រង់អាចជួយបង្កើនជំនឿរបស់អ្នកយ៉ាងណាខ្លះ ខណៈពេលដែលអ្នកកំពុងរង់ចាំព្រះអង្គឆ្លើយតប?
ឱព្រះនៃសេចក្តីស្រឡាញ់ ព្រះអង្គជ្រាបថា មានអ្វីខ្លះ នៅក្នុងចិត្តទូលបង្គំ។ សូមព្រះអង្គជួយទូលបង្គំឲ្យទុកចិត្តព្រះអង្គ ខណៈពេលដែលទូលបង្គំរង់ចាំព្រះអង្គឆ្លើយតបការអធិស្ឋានរបស់ទូលបង្គ។
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : និក្ខមនំ ២១-២២ និង ម៉ាថាយ ១៩