គេនឹងរត់ទៅឥតដែលហត់ ហើយនឹងដើរឥតដែលល្វើយឡើយ។ អេសាយ ៤០:៣១
មានពេលមួយមិត្តភក្ដិខ្ញុំម្នាក់បានប្រាប់ខ្ញុំថា គាត់មិនអាចបន្តធ្វើការងាររបស់គាត់បានទៀតទេ។ គាត់បាននិយាយទាំងទឹកភ្នែក ខណៈពេលដែលយើងជជែកគ្នា អំពីស្ថានភាពដ៏អស់សង្ឃឹម ដែលនាងកំពុងជួបប្រទះ ក្នុងការងារជាពេទ្យ ក្នុងអង្គការអន្តរជាតិ។ គាត់សារភាពថា គាត់បានដឹងថា ព្រះបានត្រាស់ហៅគាត់ ឲ្យធ្វើការជាពេទ្យ តែគាត់មានអារម្មណ៍ថា ពិបាកខ្លាំងពេក ហើយក៏អស់ទឹកចិត្តធ្វើការ។ ខ្ញុំក៏សង្កេតឃើញពពកនៃភាពហត់នឿយកំពុងគ្របសង្កត់ពីលើគាត់ផងដែរ បានជាខ្ញុំប្រាប់គាត់ថា “ខ្ញុំដឹងថាឯងមានអារម្មណ៍អស់សង្ឃឹមនៅពេលនេះ តែចូរទូលសូមព្រះ ឲ្យប្រទានទិសដៅ ដែលអ្នកកំពុងស្វែងរក និងទូលសូមកម្លាំង ដើម្បីតស៊ូនឹងទុក្ខលំបាក”។ នៅពេលនោះ នាងក៏បានសម្រេចចិត្តស្វែងរកបំណងព្រះទ័យព្រះ ដោយការអធិស្ឋាន។ មិនយូរប៉ុន្មាន មិត្តភក្តិម្នាក់នេះក៏បានទទួលកម្លាំងជាថ្មី ដោយស្គាល់បំណងព្រះទ័យព្រះ។ នាងមិនគ្រាន់តែបានបន្តធ្វើការជាគ្រូពេទ្យប៉ុណ្ណោះទេ តែព្រះទ្រង់ថែមទាំងបានប្រទានកម្លាំង ឲ្យនាងបម្រើមនុស្សកាន់តែច្រើនឡើង ដោយធ្វើដំណើរទៅកាន់មន្ទីរពេទ្យ នៅទូទាំងប្រទេស។
ក្នុងនាមយើងជាអ្នកជឿព្រះយេស៊ូវ យើងតែងតែអាចងាកទៅរកព្រះ ដើម្បីទទួលជំនួយ និងការលើកទឹកចិត្ត ពេលណាយើងមានអារម្មណ៍ថា យើងមានបន្ទុកធ្ងន់ពេក ព្រោះ “ទ្រង់មិនដែលល្វើយឡើយ ក៏មិនដែលអស់កំឡាំងផង”(អេសាយ ៤០:២៨)។ ហោរាអេសាយបានលើកឡើងថា ព្រះវរបិតានៃយើងដែលគង់នៅស្ថានសួគ៌ “ទ្រង់រមែងចំរើនកំឡាំង ដល់អ្នកដែលល្វើយ ហើយចំណែកអ្នកដែលគ្មានកំឡាំងសោះ នោះទ្រង់ក៏ប្រទានឲ្យ”(ខ.២៩)។ ព្រះទ្រង់មានកម្លាំងដ៏អស់កល្បជានិច្ច តែព្រះអង្គក៏ជ្រាបផងដែរថា យើងនឹងអស់កម្លាំងកាយ និងកម្លាំងចិត្ត នៅពេលខ្លះ(ខ.៣០)។ តែពេលណាយើងងាកទៅរកព្រះអង្គ ដើម្បីទទួលកម្លាំង ជាជាងព្យាយាមជម្នះបញ្ហាប្រឈម តែម្នាក់ឯង ព្រះអង្គនឹងស្អាងយើងឡើងវិញ ឲ្យមានភាពស្រស់ថ្លាឡើង ហើយប្រទានយើងនូវការប្ដេជ្ញាចិត្តបន្តដំណើរទៅមុខទៀត ដោយជំនឿ។—KIMYA LODER
តើអ្នកបានព្យាយាមជម្នះបញ្ហាដ៏ពិបាកតែម្នាក់ឯង នៅពេលណា? តើអ្នកនឹងងាកទៅរកព្រះអង្គយ៉ាងដូចម្តេច ដើម្បីទទួលជំនួយ?
ឱព្រះអម្ចាស់ ទូលបង្គំសូមអរព្រះគុណព្រះអង្គ សម្រាប់ការជួយទូលបង្គំ ពេលណាបញ្ហាប្រឈមក្នុងជីវិត ហាក់ដូចជាមិនអាចស៊ូទ្រាំបាន។
For further study, read Why Doesn’t God Answer Me? Trusting in Times of Doubt and Trial at DiscoverySeries.org/HP112.
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : និក្ខមនំ ២៣-២៤ និង ម៉ាថាយ ២០:១-១៦