ផ្លាស់ប្រែឲ្យដូចព្រះ ដែលជាគ្រូរបស់យើង

សិស្ស​មិនមែន​លើស​ជាង​គ្រូ​ទេ តែ​អ្នកណា​ដែល​បាន​គ្រប់លក្ខណ៍ នោះ​នឹង​បាន​ដូចជា​គ្រូ​ដែរ។ លូកា ៦:៤០

ក្នុង​វីដេអូ​ដ៏​ល្បីល្បាញ​មួយ ក្នុង​បណ្ដាញ​សង្គម គេ​ឃើញ​កូនសិស្ស​ការ៉ាតេដូ​ខ្សែ​ក្រ​វ៉ាត់​សរ អាយុ៣ឆ្នាំ​ម្នាក់ កំពុង​ធ្វើត្រាប់​តាម​គ្រូ​បង្វឹក​របស់​នាង។ នាង​មានចិត្ត​ឆេះឆួល និង​ការ​ជឿជាក់ ក្នុង​ការ​ហ្វឹកហាត់​នេះ​ណាស់ បាន​ជា​នាង​ខិតខំ​យកតម្រាប់តាម​សកម្មភាព និង​ការ​និយាយ​ស្តី​របស់​គ្រូ​បង្វឹក តាមរបៀប​ដែល​គួរឲ្យ​ស្រឡាញ់​ខ្លាំង​ណាស់។ យ៉ាងហោចណាស់ នាង​ធ្វើ​បាន​ល្អ​គួរសម។

ព្រះយេស៊ូវ​ធ្លាប់​មាន​បន្ទូល​ថា “សិស្ស​មិនមែន​លើស​ជាង​គ្រូ​ទេ តែ​អ្នកណា​ដែល​បាន​គ្រប់លក្ខណ៍ នោះ​នឹង​បាន​ដូចជា​គ្រូ​ដែរ”(លូកា ៦:៤០)។ ព្រះអង្គ​បាន​ប្រាប់​សិស្ស​ព្រះអង្គ​ថា ការ​យក​តម្រាប់​តាម​ព្រះអង្គ ក៏​រាប់​បញ្ចូល​ការ​មានចិត្ត​សប្បុរស សេចក្តី​ស្រឡាញ់ និង​មិន​ថ្កោល​ទោស​អ្នកដទៃ​ផង​ដែរ(ខ.៣៧-៣៨) ហើយក៏​ស្គាល់​អ្នក​ដែល​ពួក​គេ​ដើរតាម​ផង​ដែរ បាន​ជា​ព្រះអង្គ​មាន​បន្ទូល​ថា “តើ​មនុស្ស​ខ្វាក់​អាច​នឹង​ដឹក​មនុស្ស​ខ្វាក់​បាន​ឬទេ តើ​មិន​ធ្លាក់​ទៅ​ក្នុង​រណ្តៅ​ទាំង២​នាក់​ទេ​ឬ​អី”(ខ.៣៩)។ សិស្ស​របស់​ព្រះអង្គ​ចាំបាច់​ត្រូវ​ដឹង​ថា ខ្នាត​គំរូ​នេះ​មិន​មាននៅ​ក្នុង​ការ​បង្រៀន​របស់​ពួក​ផា​រិ​ស៊ី ដែល​ជា​មនុស្ស​ខ្វាក់​កំពុង​ដឹកនាំ​មនុស្ស​ទៅ​រក​សេចក្តី​ហិន​វិនាស(ម៉ាថាយ ១៥:១៤)។ ហើយ​ពួក​គេ​ចាំបាច់​ត្រូវ​ដឹង​អំពី​សារៈសំខាន់​នៃ​ការ​ដើរតាម​គ្រូ​របស់​ពួក​គេ។ ដូចនេះ គោលដៅ​របស់​សិស្ស​ព្រះយេស៊ូវ​ គឺ​ត្រូវ​ផ្លាស់​ប្រែ​ឲ្យ​មាន​លក្ខណៈ​ដូច​ព្រះយេស៊ូវ​។ ហេតុនេះ​ហើយ ពួក​គេ​ចាំបាច់​ត្រូវ​ផ្ដោត​អារម្មណ៍​យ៉ាង​ប្រុងប្រយ័ត្ន មក​លើ​ការ​បង្រៀន​របស់​ព្រះអង្គ អំពី​សេចក្តី​សប្បុរស និង​សេចក្តី​ស្រឡាញ់ ហើយ​អនុវត្ត​តាម​ផង​ដែរ។

ក្នុង​នាម​យើង​ជា​អ្នកជឿ ដែល​ត្រាប់តាម​ព្រះយេស៊ូវ​ ចូរ​យើង​ថ្វាយ​ជីវិត​យើង​ដាច់​ដល់​ព្រះ ដែល​ជា​គ្រូ​របស់​យើង ដើម្បីឲ្យ​យើង​អាច​ផ្លាស់​ប្រែ​មាន​លក្ខណៈ​ដូច​ព្រះអង្គ ក្នុង​ការចេះដឹង ប្រាជ្ញា និង​អាកប្ប​កិរិយា។ មានតែ​ព្រះអង្គ​ទេ ដែល​អាច​ជួយ​យើង​ឲ្យ​រស់នៅ ដោយ​ឆ្លុះបញ្ចាំង​ឲ្យ​គេ​ស្គាល់ផ្លូវ​របស់​ព្រះអង្គ ដែល​សប្បុរស និង​ពេញដោយ​ក្តី​ស្រឡាញ់។—MARVIN WILLIAMS

តើ​អ្នក​ចង់​ត្រាប់​តាម​ព្រះយេស៊ូវ​ នៅត្រង់​ចំណុច​ណាខ្លះ ក្នុង​ពេល​សព្វថ្ងៃ​នេះ? តើ​ព្រះគ្រីស្ទ​មាន​ចំណុច​ណា ដែល​អ្នក​មាន​ការពិបាក​បំផុត ក្នុង​ការ​ត្រាប់តាម?

ឱ​ព្រះយេស៊ូវ​ ជា​គ្រូ​ដ៏​ធំ​ប្រសើរ សូម​ព្រះអង្គ​ជួយ​ទូលបង្គំ ឲ្យ​រស់នៅ ​ដោយ​​ត្រាប់តាម​ព្រះអង្គ ជា​រៀងរាល់ថ្ងៃ។

គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : និក្ខមនំ ២៩-៣០ និង ម៉ាថាយ ២១:២៣-៤៦

Share this post:
Facebook
Twitter
LinkedIn
WhatsApp

More articles