ហើយក៏យកគាត់ទៅដាក់គុក … តែព្រះយេហូវ៉ាទ្រង់គង់ជាមួយនឹងយ៉ូសែប ហើយក៏ផ្តល់សេចក្តីសប្បុរសដល់គាត់ ព្រមទាំងធ្វើឲ្យមេភូឃុំអាណិតមេត្តាដល់គាត់ផង។ លោកុប្បត្តិ ៣៩:២០-២១
កាលថ្ងៃទី២០ ខែកក្កដា ឆ្នាំ១៩៦៩ លោកនេល អាមស្រ្តង(Neil Armstrong) និងលោកប៊ូស អាលឌី្រន(Buzz Aldrin) បានបោះជំហានចេញពីយានចុះចតនៅលើស្ថានព្រះចន្ទ ហើយក៏បានក្លាយជាមនុស្សទី១ ដែលបានដើរនៅលើផ្ទៃខាងលើនៃស្ថានព្រះចន្ទ។ តែជាញឹកញាប់ យើងមិនបានគិតអំពីមនុស្សទី៣ នៅក្នុងក្រុមរបស់ពួកគេ គឺលោកម៉ៃឃល ខូលីន(Michael Collins) ដែលជាអ្នកបើកបរយានអវកាសអាប៉ូឡូទី១១។
បន្ទាប់ពីមិត្តរួមក្រុមរបស់លោកខូលីនបានចុះតាមជណ្តើរ ដើម្បីធ្វើតេស្តផ្ទៃខាងលើនៃស្ថានព្រះចន្ទ គាត់បានរង់ចាំម្នាក់ឯង នៅពីលើផ្នែកម្ខាងទៀតដ៏សែនឆ្ងាយនៃស្ថានព្រះចន្ទ។ ក្នុងអំឡុងពេលនោះ គាត់មិនមានការទាក់ទងជាមួយលោកនេល និងលោកប៊ូស ឬមនុស្សណាម្នាក់នៅផែនដីឡើយ។ ទីបញ្ជាការរបស់អង្គការណាសាក៏បានធ្វើអត្ថាធិប្បាយថា “ចាប់តាំងពីសម័យលោកអ័ដាមមក មិនដែលមានមនុស្សណាម្នាក់ដែល ស្ថិតនៅដាច់ឆ្ងាយពីគេតែម្នាក់ឯង ដូចលោកម៉ៃ ខូលីនឡើយ”។
មានពេលខ្លះយើងមានអារម្មណ៍ឯកោទាំងស្រុង។ សូមយើងស្រមៃថា តើលោកយ៉ូសែប ដែលជាកូនរបស់លោកយ៉ាកុប មានអារម្មណ៍យ៉ាងណា ពេលដែលគាត់ត្រូវគេពង្រត់ចេញពីស្រុកកំណើត ទៅទឹកដីអេស៊ីព្ទ បន្ទាប់ពីពួកបងៗរបស់គាត់បានលក់គាត់ឲ្យធ្វើជាទាសករ(លោកុប្បត្តិ ៣៧:២៣-២៨)។ បន្ទាប់មក គាត់កាន់តែមានភាពឯកោមួយកំរិតទៀត ពេលដែលគេចាប់គាត់ដាក់គុក ដោយសារការចោទបង្ខូច(៣៩:១៩-២០)។
តើលោកយ៉ូសែបអាចមានជីវិតរស់យ៉ាងដូចម្តេច នៅក្នុងគុក ក្នុងទឹកដីបរទេស ដោយគ្មានគ្រួសារនៅក្បែរ? សូមយើងចាំថា កាលលោកយ៉ូសែបកំពុងជាប់គុក ព្រះអម្ចាស់បានគង់នៅជាមួយគាត់(ខ.២០-២១)។ បទគម្ពីរលោកុប្បត្តិ ជំពូក៣៩ បានរំឭកយើង៤ដង អំពីសេចក្តីពិតដ៏កម្សាន្តចិត្តនេះ។
តើអ្នកកំពុងតែមានអារម្មណ៍ឯកោ ឬនៅដាច់ឆ្ងាយពីអ្នកដទៃឬទេ? ចូរយើងបន្តប្រកាន់ខ្ជាប់តាមសេចក្តីពិតដែលបានចែងអំពីព្រះវត្តមានព្រះ គឺដូចដែលព្រះយេស៊ូវបានមានបន្ទូលសន្យាដោយផ្ទាល់ថា “មើល ខ្ញុំក៏នៅជាមួយនឹងអ្នករាល់គ្នាជារាល់ថ្ងៃដែរ ដរាបដល់បំផុតកល្ប”(ម៉ាថាយ ២៨:២០)។ ដោយសារព្រះយេស៊ូវ ជាព្រះអង្គសង្គ្រោះរបស់អ្នក តែងតែគង់នៅក្បែរអ្នកជានិច្ច នោះអ្នកមិនដែលឯកកោឡើយ។—DAVE BRANON
តើអ្នកមានអារម្មណ៍ឯកោបំផុតនៅពេលណា? តើព្រះបន្ទូលសន្យារបស់ព្រះយេស៊ូវ អំពីការគង់នៅជាមួយយើង បានកម្សាន្តចិត្តអ្នកយ៉ាងណាខ្លះ?
ឱព្រះវរបិតាដែលគង់នៅស្ថានសួគ៌ សូមព្រះអង្គជួយទូលបង្គំ ឲ្យនឹកចាំថា ព្រះអង្គតែងតែគង់នៅជាមួយទូលបង្គំ ដូចដែលព្រះអង្គបានគង់នៅជាមួយលោកយ៉ូសែប តាមព្រះបន្ទូលសន្យាក្នុងព្រះគម្ពីរ។
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : និក្ខមនំ ៣៩-៤០ និង ម៉ាថាយ ២៣:២៣-៣៩