នំម៉ាណាប្រចាំថ្ងៃ

ព្រឹក

ការថ្វាយបង្គំគឺលើសពីការច្រៀង

ការថ្វាយបង្គំគឺលើសពីការច្រៀង

ដោយUltimately with R.C. Sproul

February 7, 2023

យើង​ខុស​ធ្ងន់​ណាស់ បើ​យើង​គិតថា ការថ្វាយបង្គំ​របស់​យើង​រាប់បញ្ចូល​តែ​ពាក្យ​ដែល​យើង​ច្រៀង​ថ្វាយ​ដល់​ព្រះ តែ​មិនរាប់​បញ្ចូល​ពាក្យ​ពេចន៍​ដែល​ព្រះអង្គ​មាន​បន្ទូល​មកកាន់​យើង។ នៅ​ថ្ងៃនេះ​ដែរ លោក​អរ ស៊ី ស្រ្ពោល(R.C. Sproul) សូម​លើកឡើង អំពី​ការដែល​យើង​ត្រូវ​មាន​ការយល់​ដឹង​ទាំងស្រុង តាម​ព្រះគម្ពីរ អំពី​ការថ្វាយបង្គំ ដែល​មាន​ព្រះ​ទ្រង់​ជា​ចំណុច​កណ្តាល។ អត្ថបទ ឆ្នាំមុន ក្នុង​សន្និបាត​នៃ​ការ​ផ្សព្វផ្សាយ​ជំនឿ​ក្នុង​ប្រទេស​ប្រចាំឆ្នាំ ដែល​ហៅ​កាត់​ថា សន្និបាត NRB មាន​មនុស្ស៧ ឬ៨ពាន់​នាក់ បាន​ចូលរួម។ ពួក​គេ​មាន​កម្ម​វិធី​ថ្វាយបង្គំ​ដ៏​វែង​មួយ មាន​រយៈពេល​ប្រហែល២ម៉ោង ដែល​ការ​ចែង​ចាយ​ព្រះបន្ទូល គួរតែ​ជា​ចំណុច​សំខាន់​បំផុត​នៃ​កម្មវិធី​នេះ។ ហើយ​ខ្ញុំ​ចាំ​ច្បាស់​ថា នៅ​ថ្ងៃ​នោះ មុន​ពេល​គេ​អាន​ព្រះគម្ពីរ និង​ចែកចាយ​ព្រះបន្ទូល គេ​បាន​ច្រៀង​បទចម្រៀង​ជា​ច្រើន អស់​រយៈពេល៤០នាទី ហើយ​អ្នកដឹកនាំ​ក៏បាន​និយាយ​ថា “យើង​ត្រូវ​ចំណាយពេល​ថ្វាយបង្គំ​ព្រះ​ជាមុន​សិន មុននឹង​យើង​ស្តាប់​ព្រះបន្ទូល​”។ រហូតមកដល់​សព្វថ្ងៃ​នេះ ខ្ញុំ​នៅតែ​ហួសចិត្ត ដោយសារ​រឿង​នេះ។ តើ​ពួក​ជំនុំ​សម័យ​បច្ចុប្បន្ន​កំពុងតែ​មាន​បញ្ហា​អ្វី បាន​ជា​ពួក​គេ​កាត់​ផ្តាច់​ការ​ចែក​ចាយ​ព្រះបន្ទូល ចេញពី​ការថ្វាយបង្គំ ធ្វើ​មើលតែ​ការ​ស្តាប់​ព្រះបន្ទូល​ព្រះ​ដោយ​ការ​ផ្ចង់ចិត្ត មិនមែន​ជាផ្នែក​មួយ​ដ៏​សំខាន់​នៃ​ការថ្វាយបង្គំ។ តើ​ការ​ថ្វាយ​ដង្វាយ១ភាគ១០ ដល់​ព្រះអម្ចាស់ នៅពេល​ព្រឹក​ថ្ងៃអាទិត្យ​បាន​ឈប់​ធ្វើជា​ផ្នែក​ដ៏​សំខាន់​នៃ​ការថ្វាយបង្គំ ចាប់តាំងពី​ពេលណា? តើ​ការអធិស្ឋាន​បាន​ឈប់​ធ្វើជា​ផ្នែក​ដ៏​សំខាន់​នៃ​ការ​ជួបជុំគ្នា​របស់​ពួក​បរិសុទ្ធ ក្នុង​ការថ្វាយបង្គំ ចាប់តាំងពី​ពេលណា​ដែរ? បើ​យើង​មិនបាន​ឲ្យ​តម្លៃ​មក​លើ​ធាតុផ្សំ​ដ៏​សំខាន់​ទាំងនេះ ក្នុង​កម្មវិធី​ថ្វាយបង្គំ​ព្រះ​ទេ នោះ​មានន័យថា យើង​កំពុងតែ​មានការ​យល់​ខុស​អំពី​ការថ្វាយបង្គំ​ព្រះ​ហើយ។ ការយល់​ខុស​នេះ ក៏បាន​នាំឲ្យ​សហគមន៍​គ្រីស្ទបរិស័ទ​មានការ​ដាច់​ចេញ​កាន់តែ​ឆ្ងាយ​ពី​សេចក្តី​ពិត​របស់​ព្រះ ហើយ​បាន​បណ្តាល​ឲ្យ​រាស្រ្ត​ព្រះអង្គ មាន​ភាព​ងងឹត​ងងល់​អំពី​ចារិក​លក្ខណៈ​របស់​ព្រះអង្គ។  

ប្រភេទ

ល្ងាច

អ្នកគង្វាលល្អ

អ្នកគង្វាលល្អ

ដោយAmy Boucher Pye

February 7, 2023

ឯ​អ្នក​គង្វាល គេ​តែង​មើល​ហ្វូង​ចៀម​ខ្លួន នៅ​ថ្ងៃ​ដែលគេ​នៅជា​មួយ​នឹង​ហ្វូង​ចៀម​ដែល​ខ្ចាត់ខ្ចាយ​ជា​យ៉ាងណា នោះ​អញ​នឹង​ថែ​មើល​ហ្វូង​ចៀម​របស់​អញ។ អេសេគាល ៣៤:១២ ពេល​លោក​គ្រូ​គង្វាល​វ័ររិន(Warren) បាន​ទទួល​ដំណឹង​ថា សមាជិក​ពួក​ជំនុំ​របស់​គាត់​ម្នាក់​បាន​រត់ចោល​ភរិយា និង​ក្រុម​គ្រួសារ គាត់​ក៏បាន​ទូល​សូម​ព្រះអង្គ ឲ្យ​គាត់​បាន​ជួប​បុរស​នោះ នៅពេល​ណាមួយ ដើម្បីឲ្យ​គាត់​អាច​និយាយ​គ្នា។ គាត់​ក៏បាន​ជួបគ្នា​មែន! ពេល​លោក​គ្រូ​វ័ររិន​ដើរ​ចូលក្នុង​ភោជនីយដ្ឋាន​មួយ គាត់​ក៏បាន​ឃើញ​បុរស​នោះ នៅកន្លែង​គិតលុយ​ក្បែរ​នោះ។ ពួក​គេ​ក៏បាន​ជជែកគ្នា​ស៊ីជម្រៅ និង​អធិស្ឋាន​ជាមួយគ្នា​ផង​ដែរ។ ក្នុងនាម​លោក​គ្រូ​វ័ររិន​ជា​គ្រូគង្វាល គាត់​កំពុង​បំពេញ​តួនាទី​ជា​អ្នកគង្វាល សម្រាប់​អស់អ្នក ដែល​នៅក្នុង​សហគមន៍​នៃ​ពួក​ជំនុំ​របស់​គាត់ ដែល​សូម្បីតែ​ព្រះ​អម្ចាស់​ក៏បាន​មាន​បន្ទូល​តាមរយៈ​ហោរា​អេសេគាល​ថា ព្រះអង្គ​ក៏​មើលថែ​ហ្វូង​ចៀម​របស់​ព្រះអង្គ​ផង​ដែរ។ ព្រះ​អង្គ​បាន​សន្យា​ថា នឹង​ថែរក្សា​ហ្វូង​ចៀម​របស់​ព្រះអង្គ​ដែល​ខ្ចាត់ខ្ចាយ ដោយ​សង្គ្រោះ​ពួក​គេ និង​ប្រមូល​ផ្តុំ​ពួក​គេ(អេសេគាល ៣៤:១២-១៣)។ ព្រះអង្គ​នឹង​ឃ្វាល​ហ្វូង​ចៀម​របស់​ព្រះអង្គ “នៅ​ទីវាល​ល្អ” ហើយ “នឹង​ស្វែងរក​សត្វ​ណា​ដែល​វង្វេងបាត់” សត្វ​ណា​ដែល​បាក់ជើង នោះ​ព្រះអង្គ “នឹង​រុំ​អប​ឲ្យ”(ខ.១៤-១៦)។ សេចក្តី​ស្រឡាញ់​របស់​ព្រះអង្គ​បាន​បង្ហាញ​ចេញ​មក ដូច​ដែល​បាន​ពិពណ៌នា ក្នុង​បទ​គម្ពីរ​នេះ​ឯង។ ព្រះ​បន្ទូល​ក្នុង​កណ្ឌ​គម្ពីរ​អេសេគាល ជា​បទ​ទំនាយ​អំពីអ្វី​ដែល​ព្រះអង្គ​នឹង​ធ្វើ​នៅពេលអនាគត តែ​ក៏បាន​ឆ្លុះបញ្ចាំង​អំពី​ដួង​ព្រះទ័យ​ដ៏​អស់​កល្ប​របស់​ព្រះ ដ៏​ជា​អ្នកគង្វាល ដែល​បាន​បង្ហាញ​ចេញ​មក តាមរយៈ​អង្គ​ព្រះយេស៊ូវ​។ ទោះ​យើង​ស្ថិត​ក្នុង​ស្ថានភាព​ណាក៏ដោយ ព្រះ​ទ្រង់​តែងតែ​ឈោង​មក​រក​យើង​ម្នាក់​ៗ ដើម្បី​ជួយ​សង្គ្រោះ និង​ថែរក្សា​យើង ឲ្យ​សម្រាក​នៅ​វាលស្មៅ​ខៀវខ្ចី។ ព្រះអង្គ​សព្វ​ព្រះទ័យ​ឲ្យ​យើង ដើរតាម​ព្រះអង្គ ជា​អ្នកគង្វាល​ដ៏​ល្អ ដែល​បាន​លះបង់​ព្រះជន្ម​ទ្រង់ ដើម្បី​ហ្វូង​ចៀម​របស់​ព្រះអង្គ(មើល យ៉ូហាន ១០:១៤-១៥)។—AMY BOUCHER PYE

តើ​ព្រះយេស៊ូវ​ដែល​ជា​អ្នកគង្វាល​ល្អ បាន​ថែរក្សា​អ្នក​ដូចម្តេច​ខ្លះ? តើ​អ្នកមាន​របួស​អ្វី ដែល​ត្រូវការ​ឲ្យ​ព្រះអង្គ​ប្រោស​ឲ្យ​ជា ឬ​មាន​ភាព​កម្សោយ​អ្វី ដែល​នាំឲ្យ​អ្នក​ត្រូវការ​កម្លាំង?

ឱ​ព្រះ​អម្ចាស់ ព្រះអង្គ​ស្រឡាញ់​ទូលបង្គំ សូម្បីតែ​នៅពេល​ដែល​ទូលបង្គំ​វង្វេង​ចេញពី​ព្រះអង្គ។ សូម​ព្រះអង្គ​ជួយ​ទូលបង្គំ ឲ្យ​នៅ​ជាប់​ក្នុង​ក្រោល​ចៀម​ព្រះអង្គ ដើម្បីឲ្យ​ទូលបង្គំ​អាច​ទទួល​សេចក្តី​ស្រឡាញ់ និង​ការ​ថែរក្សា​របស់​ព្រះអង្គ។

គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : លេវី​វិន័យ ១-៣ និង ម៉ាថាយ ២៤:១-២៨