អ្នកគង្វាលល្អ

ឯ​អ្នក​គង្វាល គេ​តែង​មើល​ហ្វូង​ចៀម​ខ្លួន នៅ​ថ្ងៃ​ដែលគេ​នៅជា​មួយ​នឹង​ហ្វូង​ចៀម​ដែល​ខ្ចាត់ខ្ចាយ​ជា​យ៉ាងណា នោះ​អញ​នឹង​ថែ​មើល​ហ្វូង​ចៀម​របស់​អញ។ អេសេគាល ៣៤:១២

ពេល​លោក​គ្រូ​គង្វាល​វ័ររិន(Warren) បាន​ទទួល​ដំណឹង​ថា សមាជិក​ពួក​ជំនុំ​របស់​គាត់​ម្នាក់​បាន​រត់ចោល​ភរិយា និង​ក្រុម​គ្រួសារ គាត់​ក៏បាន​ទូល​សូម​ព្រះអង្គ ឲ្យ​គាត់​បាន​ជួប​បុរស​នោះ នៅពេល​ណាមួយ ដើម្បីឲ្យ​គាត់​អាច​និយាយ​គ្នា។ គាត់​ក៏បាន​ជួបគ្នា​មែន! ពេល​លោក​គ្រូ​វ័ររិន​ដើរ​ចូលក្នុង​ភោជនីយដ្ឋាន​មួយ គាត់​ក៏បាន​ឃើញ​បុរស​នោះ នៅកន្លែង​គិតលុយ​ក្បែរ​នោះ។ ពួក​គេ​ក៏បាន​ជជែកគ្នា​ស៊ីជម្រៅ និង​អធិស្ឋាន​ជាមួយគ្នា​ផង​ដែរ។

ក្នុងនាម​លោក​គ្រូ​វ័ររិន​ជា​គ្រូគង្វាល គាត់​កំពុង​បំពេញ​តួនាទី​ជា​អ្នកគង្វាល សម្រាប់​អស់អ្នក ដែល​នៅក្នុង​សហគមន៍​នៃ​ពួក​ជំនុំ​របស់​គាត់ ដែល​សូម្បីតែ​ព្រះ​អម្ចាស់​ក៏បាន​មាន​បន្ទូល​តាមរយៈ​ហោរា​អេសេគាល​ថា ព្រះអង្គ​ក៏​មើលថែ​ហ្វូង​ចៀម​របស់​ព្រះអង្គ​ផង​ដែរ។ ព្រះ​អង្គ​បាន​សន្យា​ថា នឹង​ថែរក្សា​ហ្វូង​ចៀម​របស់​ព្រះអង្គ​ដែល​ខ្ចាត់ខ្ចាយ ដោយ​សង្គ្រោះ​ពួក​គេ និង​ប្រមូល​ផ្តុំ​ពួក​គេ(អេសេគាល ៣៤:១២-១៣)។ ព្រះអង្គ​នឹង​ឃ្វាល​ហ្វូង​ចៀម​របស់​ព្រះអង្គ “នៅ​ទីវាល​ល្អ” ហើយ “នឹង​ស្វែងរក​សត្វ​ណា​ដែល​វង្វេងបាត់” សត្វ​ណា​ដែល​បាក់ជើង នោះ​ព្រះអង្គ “នឹង​រុំ​អប​ឲ្យ”(ខ.១៤-១៦)។ សេចក្តី​ស្រឡាញ់​របស់​ព្រះអង្គ​បាន​បង្ហាញ​ចេញ​មក ដូច​ដែល​បាន​ពិពណ៌នា ក្នុង​បទ​គម្ពីរ​នេះ​ឯង។ ព្រះ​បន្ទូល​ក្នុង​កណ្ឌ​គម្ពីរ​អេសេគាល ជា​បទ​ទំនាយ​អំពីអ្វី​ដែល​ព្រះអង្គ​នឹង​ធ្វើ​នៅពេលអនាគត តែ​ក៏បាន​ឆ្លុះបញ្ចាំង​អំពី​ដួង​ព្រះទ័យ​ដ៏​អស់​កល្ប​របស់​ព្រះ ដ៏​ជា​អ្នកគង្វាល ដែល​បាន​បង្ហាញ​ចេញ​មក តាមរយៈ​អង្គ​ព្រះយេស៊ូវ​។

ទោះ​យើង​ស្ថិត​ក្នុង​ស្ថានភាព​ណាក៏ដោយ ព្រះ​ទ្រង់​តែងតែ​ឈោង​មក​រក​យើង​ម្នាក់​ៗ ដើម្បី​ជួយ​សង្គ្រោះ និង​ថែរក្សា​យើង ឲ្យ​សម្រាក​នៅ​វាលស្មៅ​ខៀវខ្ចី។ ព្រះអង្គ​សព្វ​ព្រះទ័យ​ឲ្យ​យើង ដើរតាម​ព្រះអង្គ ជា​អ្នកគង្វាល​ដ៏​ល្អ ដែល​បាន​លះបង់​ព្រះជន្ម​ទ្រង់ ដើម្បី​ហ្វូង​ចៀម​របស់​ព្រះអង្គ(មើល យ៉ូហាន ១០:១៤-១៥)។—AMY BOUCHER PYE

តើ​ព្រះយេស៊ូវ​ដែល​ជា​អ្នកគង្វាល​ល្អ បាន​ថែរក្សា​អ្នក​ដូចម្តេច​ខ្លះ? តើ​អ្នកមាន​របួស​អ្វី ដែល​ត្រូវការ​ឲ្យ​ព្រះអង្គ​ប្រោស​ឲ្យ​ជា ឬ​មាន​ភាព​កម្សោយ​អ្វី ដែល​នាំឲ្យ​អ្នក​ត្រូវការ​កម្លាំង?

ឱ​ព្រះ​អម្ចាស់ ព្រះអង្គ​ស្រឡាញ់​ទូលបង្គំ សូម្បីតែ​នៅពេល​ដែល​ទូលបង្គំ​វង្វេង​ចេញពី​ព្រះអង្គ។ សូម​ព្រះអង្គ​ជួយ​ទូលបង្គំ ឲ្យ​នៅ​ជាប់​ក្នុង​ក្រោល​ចៀម​ព្រះអង្គ ដើម្បីឲ្យ​ទូលបង្គំ​អាច​ទទួល​សេចក្តី​ស្រឡាញ់ និង​ការ​ថែរក្សា​របស់​ព្រះអង្គ។

គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : លេវី​វិន័យ ១-៣ និង ម៉ាថាយ ២៤:១-២៨

Share this post:
Facebook
Twitter
LinkedIn
WhatsApp

More articles