ព្រឹក

តើជាការកាត់ស្រាយ ឬជាសេចក្តីពិត?
ដោយUltimately with R.C. Sproul
February 13, 2023
ពេលណាយើងមិនយល់ស្របនឹងនរណាម្នាក់ អំពីការបង្រៀនព្រះគម្ពីរ យើងមិនអាចគ្រាន់តែញាក់ស្មា ហើយនិយាយថា “នេះគ្រាន់តែជាការកាត់ស្រាយរបស់អ្នក” នោះទេ។ នៅថ្ងៃនេះ លោកគ្រូ អរ ស៊ី ស្ព្រោល(R.C. Sproul) សូមរំឭកយើងថា ការបម្រើព្រះនៃសេចក្តីពិត គឺរាប់បញ្ចូលការយល់ព្រះបន្ទូលព្រះអង្គ ឲ្យបានត្រឹមត្រូវ។ អត្ថបទ ខ្ញុំមិនដឹងថា មានពេលប៉ុន្មានដងហើយ ក្នុងជីវិតខ្ញុំ បន្ទាប់ពីខ្ញុំបានចែកចាយអំពីបទគម្ពីរណាមួយ មានគេនិយាយមកខ្ញុំថា “នេះគ្រាន់តែជាការយល់ឃើញរបស់អ្នក” ឬ “នេះជាការកាត់ស្រាយរបស់អ្នកប៉ុណ្ណោះ”។ រឿងនេះងាយយល់ទេ។ ពេលណាអ្នកនិយាយចេញជាពាក្យសម្ដី ឬពេលណា អ្នកប្រកាន់គោលជំហរ ឬក៏ធ្វើការអះអាង ឬមួយបង្ហាញនូវការប៉ះពាល់ចិត្ត នោះអ្នកច្បាស់ជាកំពុងតែបង្ហាញការយល់ឃើញរបស់អ្នកហើយ។ អ្នកច្បាស់ជាកំពុងតែបង្ហាញនូវការកាត់ស្រាយរបស់អ្នក។ ជាញឹកញាប់ ខ្ញុំឆ្ងល់ថា ពេលគេនិយាយដូចនេះមកកាន់ខ្ញុំ តើគេចង់មានន័យដូចម្តេច។ តើគេកំពុងតែប្រាប់ខ្ញុំថា ដោយសារនេះជាការកាត់ស្រាយរបស់ខ្ញុំ នោះខ្ញុំប្រាកដជានិយាយខុសមែនទេ? ខ្ញុំមិនគិតថា គេកំពុងតែយល់ឃើញដូចនេះទេ។ ខ្ញុំក៏មិនគិតថា គេកំពុងតែបញ្ចេញចារិកកាចដាក់ខ្ញុំ ឬខ្វះការគួរសមចំពោះខ្ញុំ ពេលណាគេនិយាយដូចនេះដាក់ខ្ញុំនោះឡើយ។ តើពួកគេចង់មានន័យដូចម្តេច? ពួកគេប្រហែលចង់មានន័យថា “អ្នកមានការកាត់ស្រាយរបស់អ្នក។ ខ្ញុំមានការកាត់ស្រាយរបស់ខ្ញុំ។ អ្នកផ្សេងទៀតក៏មានការកាត់ស្រាយរបស់គេ។ យើងរាល់គ្នាសុទ្ធតែមានការកាត់ស្រាយខុសៗគ្នា ទោះគេមិនយល់ស្របគ្នាក៏ដោយ ក៏មិនអីដែរ។ នេះជាការជៀសវាងជម្លោះ”។ ប៉ុន្តែ តើគេមិនខ្វល់អំពីសេចក្តីពិតទេឬ? ជាការពិតណាស់ ទំព័រនីមួយៗក្នុងព្រះគម្ពីរសញ្ញាថ្មី សុទ្ធតែមានការយកចិត្តទុកដាក់ ចំពោះសេចក្តីពិត ព្រោះព្រះទ្រង់ជាព្រះនៃសេចក្តីពិត ដូចនេះ ការកាត់ស្រាយក៏ត្រូវមានភាពត្រឹមត្រូវតាមសេចក្តីពិតក្នុងព្រះគម្ពីរដែរ។
ប្រភេទ
ល្ងាច

សេចក្តីស្រឡាញ់ដែលអរសប្បាយ
ដោយLisa Samra
February 13, 2023
ដែលប្តីថ្មោងថ្មីមានចិត្តរីករាយចំពោះប្រពន្ធយ៉ាងណា នោះព្រះនៃឯងនឹងមានសេចក្តីរីករាយចំពោះឯងយ៉ាងនោះដែរ។ អេសាយ ៦២:៥ ប្រេនឌិន(Brendan) និងខេធី(Katie) បានមើលមុខគ្នា ដោយទឹកមុខញញឹមស្រស់។ ពេលឃើញក្តីអំណរដ៏បរិសុទ្ធបានលេចឡើងនៅលើផ្ទៃមុខពួកគេ អ្នកប្រហែលមិននឹកស្មានថា ពួកគេបានជួបការពិបាកប៉ុណ្ណា ពេលដែលផែនការរៀបអាពាហ៍ពិពាហ៍របស់ពួកគេ មានការផ្លាស់ប្តូរជាញឹកញាប់ ដោយសាររដ្ឋបានដាក់បំរាមក្នុងពេលរីករាលដាលនៃជំងឺកូវីត១៩។ ទោះពិធីមង្គលការរបស់ពួកគេ មានសមាជិកគ្រួសារទាំងសង្ខាងតែ២៤នាក់ចូលរួមក៏ដោយ ក៏ក្តីអំណរ និងសន្តិភាព បានបង្ហាញចេញមក តាមរយៈអ្នកទាំងពីរ ខណៈពេលដែលអ្នកទាំងពីរកំពុងសន្យាចំពោះគ្នាទៅវិញទៅមក ដោយសេចក្តីស្រឡាញ់ និងបង្ហាញការដឹងគុណដល់សេចក្តីស្រឡាញ់របស់ព្រះ ដែលបានទ្រទ្រង់ពួកគេ។ រឿងនេះបានធ្វើឲ្យខ្ញុំនឹកចាំ អំពីការពិពណ៌នារបស់ហោរាអេសាយ ជាលក្ខណៈប្រៀបប្រដូចអំពីក្តីអំណរដែលគូស្វាមីភរិយាថ្មីមានចំពោះគ្នា ដើម្បីឆ្លុះបញ្ចាំងអំពីក្តីអំណរ និងសេចក្តីស្រឡាញ់ដែលព្រះទ្រង់មានចំពោះរាស្រ្តព្រះអង្គ។ ក្នុងការពិពណ៌នាបែបកំណាព្យដ៏ពីរោះ អំពីការប្រោសលោះ ដែលព្រះទ្រង់បានសន្យាថា នឹងប្រទានរាស្រ្តព្រះអង្គ ហោរាអេសាយ បានរំឭកពួកគេថា សេចក្តីសង្រ្គោះដែលព្រះទ្រង់បានប្រទានពួកគេបានឆ្លុះបញ្ចាំង អំពីធាតុពិតនៃការរស់នៅ ក្នុងពិភពលោកដែលប្រេះបែក បានជាព្រះអង្គនឹងប្រទានការកម្សាន្តចិត្តដល់អ្នកដែលមានចិត្តខ្ទេចខ្ទាំ និងក្តីអំណរដល់អ្នកដែលទួញយំ ព្រមទាំងការផ្គត់ផ្គង់សម្រាប់ការខ្វះខាតរបស់រាស្រ្តព្រះអង្គ(អេសាយ ៦១:១-៣)។ ព្រះទ្រង់បានប្រទានជំនួយដល់រាស្រ្តព្រះអង្គ ព្រោះព្រះអង្គនឹងមានសេចក្តីរីករាយចំពោះយើង(៦២:៥)។ ព្រះទ្រង់មានព្រះទ័យរីករាយចំពោះយើង ហើយសព្វព្រះទ័យនឹងមានទំនាក់ទំនងជាមួយយើង។ នេះជាសេចក្តីពិតដែលគួរឲ្យកត់សំគាល់។ សូម្បីតែនៅពេលដែលយើងជួបការលំបាក ដោយសារយើងកំពុងរស់នៅក្នុងលោកិយដែលប្រេះបែក យើងមានព្រះដែលស្រឡាញ់យើង មិនមែនដោយបង្ខំ តែដោយក្តីអំណរ និងសេចក្តីស្រឡាញ់ដែលស្ថិតស្ថេរអស់កល្ប(ទំនុកដំកើង ១៣៦:១)។—LISA M. SAMRA
តើមានរឿងអ្វីខ្លះ ដែលធ្វើឲ្យអ្នកនឹកចាំ អំពីសេចក្តីស្រឡាញ់របស់ព្រះ? តើក្តីស្រឡាញ់ដ៏រីករាយរបស់ព្រះអង្គ បាននាំឲ្យអ្នកមានអំណរយ៉ាងណាខ្លះ?
ឱព្រះនៃសេចក្តីស្រឡាញ់ ទូលបង្គំសូមអរព្រះគុណព្រះអង្គ ដ្បិតព្រះអង្គមានព្រះទ័យរីករាយចំពោះទូលបង្គំ ដោយក្តីស្រឡាញ់។
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : លេវីវិន័យ ១៥-១៦ និង ម៉ាថាយ ២៧:១-២៦