នោះក៏បន្ទាបព្រះអង្គទ្រង់ ទាំងចុះចូលស្តាប់បង្គាប់ រហូតដល់ទីមរណៈ គឺទ្រង់ទទួលសុគតជាប់ឈើឆ្កាងផង។ ភីលីព ២:៨
ជាញឹកញាប់ ខ្ញុំច្រើនតែអស់សំណើច នឹងថ្ងៃបុណ្យជាតិមិនផ្លូវការជាច្រើន ដែលគេបាននាំគ្នាបង្កើតឡើង នៅសហរដ្ឋអាមេរិក។ គ្រាន់តែក្នុងខែកុម្ភៈ គេមានទិវានំផ្អែម ទិវាអ្នកលេបផ្លែដាវ និងថែមទាំងមានទិវាអបអរនំរបស់ឆ្កែទៀតផង។ អ្វីដែលគួរឲ្យចាប់អារម្មណ៍បំផុតនោះ គឺគេបានហៅថ្ងៃនេះថា ទិវាបន្ទាបខ្លួន។ គេបានទទួលស្គាល់ជាសកលថា ការបន្ទាបខ្លួន ជាគុណធម៌មួយ ដែលសមនឹងឲ្យយើងអបអរ។ តែគួរឲ្យស្តាយណាស់ ដែលគេមិនតែងតែឲ្យតម្លៃការបន្ទាបខ្លួនឡើយ។
នៅសម័យបុរាណ គេបានចាត់ទុកការបន្ទាបខ្លួន ជាចំណុចខ្សោយ មិនមែនគុណធម៌នោះទេ ហើយគេក៏បានឲ្យតម្លៃមកលើកិត្តិសព្ទវិញ។ គេបានលើកទឹកចិត្តមនុស្សឲ្យអួតសំញែងជោគជ័យរបស់ខ្លួន ហេតុនេះហើយ គេតែងតែព្យាយាមលើកដំកើងខ្លួនឯងជានិច្ច គឺមិនដែលបន្ទាបចុះទេ។ ការបន្ទាបខ្លួនគឺមានន័យថា ដាក់ខ្លួនឲ្យទាបជាងគេ ប្រៀបដូចជាអ្នកបម្រើ ដែលទៀបជាងចៅហ្វាយនាយអញ្ចឹងដែរ។ តែអ្នកប្រវត្តិសាស្រ្តបានមានប្រសាសន៍ថា ផ្នត់គំនិតនេះក៏បានផ្លាស់ប្តូរ នៅពេលដែលគេធ្វើគុតព្រះយេស៊ូវនៅលើឈើឆ្កាង។ កាលនោះ ព្រះដែលមានសិរីរុងរឿងជាព្រះ បានលះបង់សិរីល្អ ដើម្បីធ្វើជា “អ្នកបម្រើ” ហើយបានបន្ទាបព្រះកាយដល់អស់ព្រះជន្ម ដើម្បីសង្គ្រោះមនុស្សជាតិឲ្យរួចពីបាប(ភីលីព ២:៦-៨)។ ការបន្ទាបព្រះកាយរបស់ព្រះអង្គ បាននាំឲ្យមនុស្សមានការយល់ដឹងជាថ្មី អំពីការបន្ទាបខ្លួន។ នៅចុងសតវត្សរ៍ទី១ ដោយសារការអ្វីដែលព្រះយេស៊ូវបានធ្វើ សូម្បីតែអ្នកនិពន្ធដ៏ល្បីល្បាញដែលមិនជឿព្រះ ក៏បានចាត់ទុកការបន្ទាបខ្លួនជាគុណធម៌ផងដែរ។
រៀងរាល់ពេលគេឲ្យតម្លៃគ្រីស្ទបរិស័ទណាម្នាក់ ដោយសារគាត់បានបន្ទាបខ្លួន នោះយើងអាចដឹងថា ព្រះទ្រង់កំពុងធ្វើការតាមរយៈដំណឹងល្អដែលបានកែប្រែជីវិតរបស់គាត់ហើយ។ ព្រោះបើគ្មានព្រះយេស៊ូវទេ នោះគេក៏មិនបានចាត់ទុកការបន្ទាបខ្លួនជាគុណធម៌ដ៏ល្អដែរ ហើយសូម្បីតែទិវាបន្ទាបខ្លួនក៏គ្មានដែរ។ ព្រះគ្រីស្ទបានលះបង់សិរីល្អដ៏ខ្ពង់ខ្ពស់របស់ព្រះអង្គ ដើម្បីយើងរាល់គ្នា ដោយបើកបង្ហាញឲ្យយើងស្គាល់លក្ខណៈនៃការបន្ទាបព្រះកាយរបស់ព្រះ ក្នុងប្រវត្តិសាស្រ្តមនុស្សជាតិ។—SHERIDAN VOYSEY
តើពិភពលោកនឹងទៅជាយ៉ាងណា បើគេនៅតែចាត់ទុកការបន្ទាបខ្លួន ជាភាពកម្សោយ? តើអ្នកអាចយកតម្រាប់តាមព្រះយេស៊ូវ ក្នុងទំនាក់ទំនងអ្វី នៅថ្ងៃនេះ?
ឱព្រះយេស៊ូវ ទូលបង្គំសូមសរសើរដំកើងព្រះអង្គ សម្រាប់ការបន្ទាបព្រះកាយ ដើម្បីសង្រ្គោះទូលបង្គំ។ សូមព្រះអង្គជួយទូលបង្គំឲ្យបន្ទាបខ្លួន ចំពោះព្រះអង្គ នៅថ្ងៃនេះ ដើម្បីឆ្លើយតបយ៉ាងសក្តិសម ចំពោះព្រះអង្គ។
គម្រោងអានព្រះគម្ពីរ រយៈពេល១ឆ្នាំ : ជនគណនា ៤-៦ និង ម៉ាកុស ៤:១-២០