នំម៉ាណាប្រចាំថ្ងៃ

ព្រឹក

ព្រះបរមងាររបស់ព្រះគ្រីស្ទ

ព្រះបរមងាររបស់ព្រះគ្រីស្ទ

ដោយUltimately with R.C. Sproul

February 21, 2023

បើ​អ្នក​ចង់​មានការ​យល់ដឹង​កាន់តែ​ស៊ីជម្រៅ អំពី​សេចក្តី​ពិត​ដែល​ថា ព្រះយេស៊ូវ​ជា​នរណា ចូរ​ផ្តោត​អារម្មណ៍​ទៅលើ​ព្រះ​បរម​ងារ ដែល​ព្រះអង្គ​មាន ក្នុង​ព្រះ​គម្ពីរប៊ីប​ចុះ។ នៅ​ថ្ងៃនេះ​ដែរ លោកគ្រូ​អរ ស៊ី ស្ព្រោល(R.C. Sproul) នឹង​បង្ហាញ​នូវ​ភាព​ស្ញប់ស្ញែង ចំពោះ​ព្រះគ្រីស្ទ​ដែល​គ្មានអ្វី​អាច​ប្រៀប​នឹង​ព្រះអង្គ​បាន។ អត្ថបទ បើ​អ្នក​ចង់​មានការ​យល់ដឹង​កាន់តែ​ច្បាស់ អំពី​ព្រះយេស៊ូវ​ ចូរ​គិត​អំពី​ព្រះ​បរម​ងារ​របស់​ព្រះអង្គ​ចុះ។ ខ្ញុំ​ចាំ​ថា ប៉ុន្មាន​ឆ្នាំមុន មាន​សាលា​ព្រះគម្ពីរ​មួយ​នៅ​សហរដ្ឋអាមេរិក ដែល​បាន​គ្រោង​ធ្វើ​សន្និសិត​មួយ ក្នុង​បរិវេណ​សាលា គឺ​ការ​ជួបជុំ​សិក្សា​មួយ ហើយ​ពួក​គេ​បាន​អញ្ជើញ​ទេវវិទូ​ដ៏​ល្បីល្បាញ ឲ្យ​មក​ចែកចាយ​ទេវសាស្ត្រ​អំពី​ព្រះគ្រីស្ទ។ ហើយ​គ្រូ​នេះ​មានការ​រៀន​សូ​ត្រ​ខ្ពង់ខ្ពស់​ណាស់ ដោយ​ការ​ទទួលស្គាល់​ពីសា​លា​នានា។ ហើយ​អ្នក​ត្រូវ​ដឹង​ថា នៅ​សកលវិទ្យាល័យ ឬ​ស្ថាប័ន​អប់រំ សន្និសិត​នេះ​មិនមែន​ជា​ការ​ជួបជុំ​ធម្មតា​ទេ ហើយក៏​មិនមែន​ជា​កម្មវិធី​ថ្វាយបង្គំ​ព្រះ​ដែរ។ ហើយ​គាត់​បាន​ធ្វើឲ្យ​គេ​រាល់គ្នា​មានការ​ភ្ញាក់ផ្អើល ព្រោះ​គាត់​បាន​ឡើងឈរ​នៅចំពោះមុខ​អ្នកចូលរួម​ទាំងអស់ ហើយ​និយាយ​ថា “នេះ​ជា​អ្វី​ដែល​ខ្ញុំ​ចង់​ឲ្យ​អ្នករាល់គ្នា​រៀន អំពី​ព្រះយេស៊ូវ​នៅ​ថ្ងៃនេះ”។ ហើយ​គាត់​មិនបាន​លើកឡើង​នូវ​ការវិភាគ​អំពី​ទេវសាស្ត្រ​អំពី​ព្រះគ្រីស្ទ​នោះ​ទេ តែ​ផ្ទុយទៅវិញ គាត់​បាន​ចំណាយពេល​ឈរ​នៅ​ទីនោះ​អស់៥៤នាទី ហើយ​បាន​អាន​ព្រះ​បរម​ងារ​របស់​ព្រះយេស៊ូវ​ ដែល​មាន​ចែង​ក្នុង​ព្រះ​គម្ពីរប៊ីប។ គាត់​មិនបាន​បញ្ចេញ​យោបល់​អ្វី​ទេ ក៏​មិនបាន​ធ្វើការវិភាគ ឬ​ការ​កាត់​ស្រាយ​អ្វី​ដែរ គឺ​គ្រាន់តែ​ឈរ​និយាយ​ថា “ព្រះយេស៊ូវ​ជា​ព្រះគ្រីស្ទ ព្រះអម្ចាស់ ព្រះរាជបុត្រា​នៃ​ស្តេច​ដាវីឌ ព្រះរាជបុត្រា​នៃ​ព្រះ សត្វ​សឹង្ហ​នៃ​ពូជអំបូរ​យូដា កូនចៀម​នៃ​ព្រះ ជា​សេចក្តី​សុចរិត​របស់​យើង ជា​ព្រះអម្ចាស់​នៃ​សន្តិភាព អ្នកបម្រើ​ដែល​បាន​រងទុក្ខ ព្រះអង្គ​សង្គ្រោះ ព្រះអម្ចាស់ ជា​ផ្កា​កុលាប​ដែល​ដុះ​នៅ​វាល​សា​រ៉ុន ជា​ផ្កា​កំភ្លឹង​ដែល​ដុះ​នៅ​ច្រកភ្នំ ជាស​ម្តេច​សង្ឃ​ដ៏​ធំ​ប្រសើរ​របស់​យើង ជា​បល្ល័ង្ក​នៃ​សេចក្តី​មេត្តា”។ ហើយ​គាត់​បាន​បន្ត​អាន​ដូចនេះ អស់​រយៈពេល៤៥នាទី ដោយ​មិនបាន​បញ្ចេញ​យោបល់​បែប​ទេវសាស្ត្រ​ឡើយ។ ពេល​គាត់​អាន​ចប់ សហគមន៍​ទេវ​សាស្រ្ត​ទាំងមូល​នៅ​សាលា​ព្រះគម្ពីរ​នោះ បាន​ស្តាប់​ឮ​គាត់​អាន​ព្រះ​បរម​ងារ​របស់​ព្រះយេស៊ូវ​តែ​ប៉ុណ្ណោះ ដូច​មាន​ចែង​ក្នុង​ព្រះគម្ពីរ។ ពួក​គេ​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង។ នេះ​ជា​បទពិសោធន៍​ដ៏​ល្អ ដែល​ពួក​គេ​បាន​ទទួល​ក្នុង​ពេល​ដ៏​ខ្លី។ ដូចនេះ ពេលណា​យើង​និយាយ​អំពី​ព្រះយេស៊ូវ​ យើង​ត្រូវតែ​និយាយ​អំពី​លក្ខណៈ​សម្បត្តិ​របស់​ព្រះអង្គ​ ដែល​គ្មានអ្វី​អាច​ប្រៀបផ្ទឹម​នឹង​ព្រះអង្គ​បាន​ឡើយ។

ប្រភេទ

ល្ងាច

ការពារចិត្តរបស់អ្នក

ការពារចិត្តរបស់អ្នក

ដោយKirsten Holmberg

February 21, 2023

ចូរ​រក្សា​ចិត្ត ដោយ​អស់ពី​ព្យាយាម ដ្បិត​អស់ទាំង​ផល​នៃ​ជីវិត សុទ្ធតែ​ចេញពី​ក្នុងចិត្ត​មក។ សុភាសិត ៤:២៣ លោក​អ័ប្រា​ហាំ វ៉ល​ដ៍(Abraham Wald) ជា​អ្នកជំនាញ​ផ្នែក​គណិតវិទ្យា មានកំណើត​នៅ​ប្រទេស​ហុងគ្រី។ គាត់​បាន​ប្រើ​ជំនាញ​គាត់ ជា​ប្រយោជន៍​ដល់​កិច្ចប្រឹងប្រែង ក្នុង​សង្គ្រាម​លោក​លើក​ទី២ បន្ទាប់ពី​គាត់​បាន​ផ្លាស់មក​រស់នៅ​សហរដ្ឋអាមេរិក នៅ​ឆ្នាំ១៩៣៨។ កងទ័ព​អាមេរិក​បាន​ស្វែង​រក​វិធីការ​ពារ​យន្តហោះ​ចម្បាំង​របស់​ខ្លួន ពី​ការ​បាញ់ប្រហារ​របស់​កងទ័ព​សត្រូវ ដូចនេះ គេ​ក៏បាន​ឲ្យ​លោ​កវ៉ល និង​មិត្ត​រួមការ​ងារ​របស់​គាត់ ក្នុង​ក្រុម​ស្រាវជ្រាវ​ស្ថិតិ រិះរក​វិធី​សាស្រ្ត​ការពារ​យន្តហោះ​របស់​កងទ័ព​ឲ្យ​កាន់តែ​មាន​សុវត្ថិភាព។ ពួក​គេ​ក៏បាន​ចាប់ផ្តើម​ធ្វើការ​ពិនិត្យ​យន្តហោះ​ដែល​បាន​វិលត្រឡប់​ពី​សមរភូមិ​វិញ ដើម្បី​រកមើល​ចំណុច​ដែល​ខូចខាត​ខ្លាំង​ជាងគេ នៅ​លើ​យន្តហោះ។ តែ​គេ​ក៏បាន​សរសើរ​លោក​វ៉ល ដែល​បាន​រក​ឃើញថា ចំណុច​ខូចខាត​របស់​យន្តហោះ​ដែល​បាន​វិលត្រឡប់​ពី​សមរភូមិ​វិញ គ្រាន់តែ​បាន​តំណាង​ឲ្យ​ផ្នែក​របស់​យន្តហោះ​ដែល​សត្រូវ​បាញ់ត្រូវ តែ​មិន​បាន​ធ្វើឲ្យ​យន្តហោះ​ធ្លាក់។ គាត់​ក៏បាន​ដឹង​ថា គេ​ត្រូវ​រកមើល​ផ្នែក​ដែល​ត្រូវការ​ការពារ​បន្ថែម នៅ​លើ​យន្តហោះ​ដែល​សត្រូវ​បាន​បាញ់ធ្លាក់។ យន្តហោះ​ដែលគេ​បាញ់ត្រូវ​ចំ​ម៉ាស៊ីន ដែល​ជាផ្នែក​ងាយ​រងគ្រោះ​បំផុត បាន​ធ្លាក់​បាត់​ហើយ ដូចនេះ គេ​មិន​អាច​យក​ពួកវា​មក​ពិនិត្យ​បាន​ទេ។ ស្តេច​សាឡូម៉ូន​បាន​បង្រៀន​យើង អំពី​របៀបការ​ពារ​ចិត្ត​របស់​យើង ជាផ្នែក​ដែល​ងាយ​រងគ្រោះ​បំផុត។ គឺ​ដូចដែល​ទ្រង់​បាន​បង្រៀន​បុត្រា​ទ្រង់ ឲ្យ​រក្សា ឬ​ការពារ​ចិត្ត ឲ្យអស់​ពី​ព្យាយាម ព្រោះ “អស់ទាំង​ផល​នៃ​ជីវិត សុទ្ធតែ​ចេញពី​ក្នុងចិត្ត​មក”(សុភាសិត ៤:២៣)។ សេចក្តី​បង្រៀន​របស់​ព្រះ ដឹកនាំ​យើង ក្នុង​ការរស់នៅ ដោយ​បញ្ចៀស​យើង មិន​ឲ្យ​សម្រេចចិត្ត​ខុស និង​បង្រៀន​យើង​ឲ្យ​ផ្ដោត​ចិត្ត​ទៅលើ​អ្វី​ដែល​ត្រឹមត្រូវ។ បើ​យើង​ការពារ​ចិត្ត​យើង ដោយ​ស្តាប់​តាម​ការ​បង្រៀន​ព្រះអង្គ ជើង​យើង​នឹង​ចៀសចេញ​ពី​សេចក្តី​អាក្រក់ ហើយ​មាន​ភាព​ខ្ជាប់ខ្ជួន ក្នុង​ការ​ធ្វើដំណើរ​ជាមួយ​ព្រះអង្គ(ខ.២៧)។ យើង​ដើរចូល​ទៅ​ក្នុងទឹក​ដី​របស់​ខ្មាំងសត្រូវ​ខាងវិញ្ញាណ ជា​រៀងរាល់ថ្ងៃ តែ​ដោយសារ​ប្រាជ្ញា​របស់​ព្រះ ការពារ​ចិត្តគំនិត​យើង នោះ​យើង​អាច​បន្ត​ផ្តោត​ទៅលើ​បេសកកម្ម​របស់​យើង ដើម្បីឲ្យ​យើង​រស់នៅ ឲ្យបាន​ល្អ ថ្វាយ​សិរីល្អ​ដល់​ព្រះ។—KIRSTEN HOLMBERG

តើ​ចិត្ត​របស់​អ្នក​ងាយ​រងគ្រោះ ដោយសារអ្វី​ខ្លះ នៅពេល​នេះ? តើ​ប្រាជ្ញា​មក​ពី​ព្រះ អាច​ការពារ​អ្នក​ដូចម្តេច​ខ្លះ?

ឱ​ព្រះ​អម្ចាស់ សូម​ព្រះអង្គ​ការពារ​ចិត្ត​ទូលបង្គំ ឲ្យ​រួចផុត​ពី​សេចក្តី​អាក្រក់។ ទូលបង្គំ​សូម​ចូល​ជ្រកកោន ក្នុង​ព្រះអង្គ។

គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : ជនគណនា ១-៣ និង ម៉ាកុស ៣