ព្រឹក

ព្រះបរមងាររបស់ព្រះគ្រីស្ទ
ដោយUltimately with R.C. Sproul
February 20, 2023
បើអ្នកចង់មានការយល់ដឹងកាន់តែស៊ីជម្រៅ អំពីសេចក្តីពិតដែលថា ព្រះយេស៊ូវជានរណា ចូរផ្តោតអារម្មណ៍ទៅលើព្រះបរមងារ ដែលព្រះអង្គមាន ក្នុងព្រះគម្ពីរប៊ីបចុះ។ នៅថ្ងៃនេះដែរ លោកគ្រូអរ ស៊ី ស្ព្រោល(R.C. Sproul) នឹងបង្ហាញនូវភាពស្ញប់ស្ញែង ចំពោះព្រះគ្រីស្ទដែលគ្មានអ្វីអាចប្រៀបនឹងព្រះអង្គបាន។ អត្ថបទ បើអ្នកចង់មានការយល់ដឹងកាន់តែច្បាស់ អំពីព្រះយេស៊ូវ ចូរគិតអំពីព្រះបរមងាររបស់ព្រះអង្គចុះ។ ខ្ញុំចាំថា ប៉ុន្មានឆ្នាំមុន មានសាលាព្រះគម្ពីរមួយនៅសហរដ្ឋអាមេរិក ដែលបានគ្រោងធ្វើសន្និសិតមួយ ក្នុងបរិវេណសាលា គឺការជួបជុំសិក្សាមួយ ហើយពួកគេបានអញ្ជើញទេវវិទូដ៏ល្បីល្បាញ ឲ្យមកចែកចាយទេវសាស្ត្រអំពីព្រះគ្រីស្ទ។ ហើយគ្រូនេះមានការរៀនសូត្រខ្ពង់ខ្ពស់ណាស់ ដោយការទទួលស្គាល់ពីសាលានានា។ ហើយអ្នកត្រូវដឹងថា នៅសកលវិទ្យាល័យ ឬស្ថាប័នអប់រំ សន្និសិតនេះមិនមែនជាការជួបជុំធម្មតាទេ ហើយក៏មិនមែនជាកម្មវិធីថ្វាយបង្គំព្រះដែរ។ ហើយគាត់បានធ្វើឲ្យគេរាល់គ្នាមានការភ្ញាក់ផ្អើល ព្រោះគាត់បានឡើងឈរនៅចំពោះមុខអ្នកចូលរួមទាំងអស់ ហើយនិយាយថា “នេះជាអ្វីដែលខ្ញុំចង់ឲ្យអ្នករាល់គ្នារៀន អំពីព្រះយេស៊ូវនៅថ្ងៃនេះ”។ ហើយគាត់មិនបានលើកឡើងនូវការវិភាគអំពីទេវសាស្ត្រអំពីព្រះគ្រីស្ទនោះទេ តែផ្ទុយទៅវិញ គាត់បានចំណាយពេលឈរនៅទីនោះអស់៥៤នាទី ហើយបានអានព្រះបរមងាររបស់ព្រះយេស៊ូវ ដែលមានចែងក្នុងព្រះគម្ពីរប៊ីប។ គាត់មិនបានបញ្ចេញយោបល់អ្វីទេ ក៏មិនបានធ្វើការវិភាគ ឬការកាត់ស្រាយអ្វីដែរ គឺគ្រាន់តែឈរនិយាយថា “ព្រះយេស៊ូវជាព្រះគ្រីស្ទ ព្រះអម្ចាស់ ព្រះរាជបុត្រានៃស្តេចដាវីឌ ព្រះរាជបុត្រានៃព្រះ សត្វសឹង្ហនៃពូជអំបូរយូដា កូនចៀមនៃព្រះ ជាសេចក្តីសុចរិតរបស់យើង ជាព្រះអម្ចាស់នៃសន្តិភាព អ្នកបម្រើដែលបានរងទុក្ខ ព្រះអង្គសង្គ្រោះ ព្រះអម្ចាស់ ជាផ្កាកុលាបដែលដុះនៅវាលសារ៉ុន ជាផ្កាកំភ្លឹងដែលដុះនៅច្រកភ្នំ ជាសម្តេចសង្ឃដ៏ធំប្រសើររបស់យើង ជាបល្ល័ង្កនៃសេចក្តីមេត្តា”។ ហើយគាត់បានបន្តអានដូចនេះ អស់រយៈពេល៤៥នាទី ដោយមិនបានបញ្ចេញយោបល់បែបទេវសាស្ត្រឡើយ។ ពេលគាត់អានចប់ សហគមន៍ទេវសាស្រ្តទាំងមូលនៅសាលាព្រះគម្ពីរនោះ បានស្តាប់ឮគាត់អានព្រះបរមងាររបស់ព្រះយេស៊ូវតែប៉ុណ្ណោះ ដូចមានចែងក្នុងព្រះគម្ពីរ។ ពួកគេមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។ នេះជាបទពិសោធន៍ដ៏ល្អ ដែលពួកគេបានទទួលក្នុងពេលដ៏ខ្លី។ ដូចនេះ ពេលណាយើងនិយាយអំពីព្រះយេស៊ូវ យើងត្រូវតែនិយាយអំពីលក្ខណៈសម្បត្តិរបស់ព្រះអង្គ ដែលគ្មានអ្វីអាចប្រៀបផ្ទឹមនឹងព្រះអង្គបានឡើយ។
ប្រភេទ
ល្ងាច

ការពារចិត្តរបស់អ្នក
ដោយKirsten Holmberg
February 20, 2023
ចូររក្សាចិត្ត ដោយអស់ពីព្យាយាម ដ្បិតអស់ទាំងផលនៃជីវិត សុទ្ធតែចេញពីក្នុងចិត្តមក។ សុភាសិត ៤:២៣ លោកអ័ប្រាហាំ វ៉លដ៍(Abraham Wald) ជាអ្នកជំនាញផ្នែកគណិតវិទ្យា មានកំណើតនៅប្រទេសហុងគ្រី។ គាត់បានប្រើជំនាញគាត់ ជាប្រយោជន៍ដល់កិច្ចប្រឹងប្រែង ក្នុងសង្គ្រាមលោកលើកទី២ បន្ទាប់ពីគាត់បានផ្លាស់មករស់នៅសហរដ្ឋអាមេរិក នៅឆ្នាំ១៩៣៨។ កងទ័ពអាមេរិកបានស្វែងរកវិធីការពារយន្តហោះចម្បាំងរបស់ខ្លួន ពីការបាញ់ប្រហាររបស់កងទ័ពសត្រូវ ដូចនេះ គេក៏បានឲ្យលោកវ៉ល និងមិត្តរួមការងាររបស់គាត់ ក្នុងក្រុមស្រាវជ្រាវស្ថិតិ រិះរកវិធីសាស្រ្តការពារយន្តហោះរបស់កងទ័ពឲ្យកាន់តែមានសុវត្ថិភាព។ ពួកគេក៏បានចាប់ផ្តើមធ្វើការពិនិត្យយន្តហោះដែលបានវិលត្រឡប់ពីសមរភូមិវិញ ដើម្បីរកមើលចំណុចដែលខូចខាតខ្លាំងជាងគេ នៅលើយន្តហោះ។ តែគេក៏បានសរសើរលោកវ៉ល ដែលបានរកឃើញថា ចំណុចខូចខាតរបស់យន្តហោះដែលបានវិលត្រឡប់ពីសមរភូមិវិញ គ្រាន់តែបានតំណាងឲ្យផ្នែករបស់យន្តហោះដែលសត្រូវបាញ់ត្រូវ តែមិនបានធ្វើឲ្យយន្តហោះធ្លាក់។ គាត់ក៏បានដឹងថា គេត្រូវរកមើលផ្នែកដែលត្រូវការការពារបន្ថែម នៅលើយន្តហោះដែលសត្រូវបានបាញ់ធ្លាក់។ យន្តហោះដែលគេបាញ់ត្រូវចំម៉ាស៊ីន ដែលជាផ្នែកងាយរងគ្រោះបំផុត បានធ្លាក់បាត់ហើយ ដូចនេះ គេមិនអាចយកពួកវាមកពិនិត្យបានទេ។ ស្តេចសាឡូម៉ូនបានបង្រៀនយើង អំពីរបៀបការពារចិត្តរបស់យើង ជាផ្នែកដែលងាយរងគ្រោះបំផុត។ គឺដូចដែលទ្រង់បានបង្រៀនបុត្រាទ្រង់ ឲ្យរក្សា ឬការពារចិត្ត ឲ្យអស់ពីព្យាយាម ព្រោះ “អស់ទាំងផលនៃជីវិត សុទ្ធតែចេញពីក្នុងចិត្តមក”(សុភាសិត ៤:២៣)។ សេចក្តីបង្រៀនរបស់ព្រះ ដឹកនាំយើង ក្នុងការរស់នៅ ដោយបញ្ចៀសយើង មិនឲ្យសម្រេចចិត្តខុស និងបង្រៀនយើងឲ្យផ្ដោតចិត្តទៅលើអ្វីដែលត្រឹមត្រូវ។ បើយើងការពារចិត្តយើង ដោយស្តាប់តាមការបង្រៀនព្រះអង្គ ជើងយើងនឹងចៀសចេញពីសេចក្តីអាក្រក់ ហើយមានភាពខ្ជាប់ខ្ជួន ក្នុងការធ្វើដំណើរជាមួយព្រះអង្គ(ខ.២៧)។ យើងដើរចូលទៅក្នុងទឹកដីរបស់ខ្មាំងសត្រូវខាងវិញ្ញាណ ជារៀងរាល់ថ្ងៃ តែដោយសារប្រាជ្ញារបស់ព្រះ ការពារចិត្តគំនិតយើង នោះយើងអាចបន្តផ្តោតទៅលើបេសកកម្មរបស់យើង ដើម្បីឲ្យយើងរស់នៅ ឲ្យបានល្អ ថ្វាយសិរីល្អដល់ព្រះ។—KIRSTEN HOLMBERG
តើចិត្តរបស់អ្នកងាយរងគ្រោះ ដោយសារអ្វីខ្លះ នៅពេលនេះ? តើប្រាជ្ញាមកពីព្រះ អាចការពារអ្នកដូចម្តេចខ្លះ?
ឱព្រះអម្ចាស់ សូមព្រះអង្គការពារចិត្តទូលបង្គំ ឲ្យរួចផុតពីសេចក្តីអាក្រក់។ ទូលបង្គំសូមចូលជ្រកកោន ក្នុងព្រះអង្គ។
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : ជនគណនា ១-៣ និង ម៉ាកុស ៣