ព្រឹក

ព្រះទ្រង់អាចប្រើសត្វស្វាបាប៊ូន និងសត្វលា
ដោយJames Banks
February 27, 2023
រួចព្រះយេហូវ៉ាទ្រង់បើកមាត់លា វាក៏និយាយទៅបាឡាមថា តើខ្ញុំបានធ្វើអ្វីដល់លោក បានជាលោកវាយខ្ញុំ៣ដងហើយនេះ។ ជនគណនា ២២:២៨ ជែក(Jack)ជាសត្វស្វា ដែលដឹងអំពីរបៀបផ្លាស់ប្តូរទិសដៅរបស់ផ្លូវដែក ដើម្បីឲ្យរថភ្លើងធ្វើដំណើរតាមទិសដៅដ៏ត្រឹមត្រូវ។ ក្នុងរយៈពេលដែលវាធ្វើការនៅស្ថានីយរថភ្លើងអស់រយៈពេល៩ឆ្នាំ វាមិនដែលខកខានក្នុងការផ្លាស់ប្តូរផ្លូវរថភ្លើង ពេលដែលរថភ្លើងធ្វើដំណើរជិតមកដល់ស្ថានីយរថភ្លើងទីក្រុងអ៊ូទេនហេក ប្រទេសអាហ្វ្រិកខាងត្បូង ដោយប្រើសម្លេងហួចជាសញ្ញាបង្ហាញទិសដៅដែលខ្លួនត្រូវទៅ។ លោកចេម វ៉ាយ(James Wide) ដែលជាអ្នកធ្វើសញ្ញាបញ្ជារថភ្លើង បានចិញ្ចឹមវា ហើយវាក៏បានបម្រើគាត់វិញ។ លោកវ៉ាយបានបាត់បង់ជើងទាំងពីរ កាលគាត់ធ្លាក់ពីលើទូរថភ្លើងដែលកំពុងផ្លាស់ទី។ គាត់បានបង្រៀនជែកឲ្យជួយធ្វើកិច្ចការខ្លះៗ ក្នុងផ្ទះ ហើយមិនយូរប៉ុន្មានជែកក៏បានធ្វើជាជំនួយការរបស់គាត់ នៅស្ថានីយរថភ្លើងផងដែរ ដោយរៀនអំពីរបៀបឆ្លើយតប ចំពោះការឲ្យសញ្ញារបស់រថភ្លើងពីចម្ងាយ ដោយលើកគន្លឹះ ដើម្បីផ្លាស់ប្តូរទិសដៅរបស់ផ្លូវដែក។ ព្រះគម្ពីរក៏បានចែងអំពីសត្វមួយប្រភេទទៀត ដែលបានជួយមនុស្សម្នាក់ តាមរបៀបដ៏គួរឲ្យភ្ញាក់ផ្អើល។ លោកបាឡាម ជាហោរារបស់សាសន៍ដទៃ ដែលបានបម្រើស្តេចមួយអង្គ ដែលចង់ធ្វើការអាក្រក់មកលើសាសន៍អ៊ីស្រាអែល។ ពេលដែលលោកបាឡាមកំពុងជិះសត្វលារបស់គាត់ ទៅជួយស្តេចអង្គនោះ “ព្រះយេហូវ៉ាទ្រង់បើកមាត់លា វាក៏និយាយទៅបាឡាម”(ជនគណនា ២២:២៨)។ ព្រះទ្រង់បានប្រើសត្វលាឲ្យនិយាយ ដើម្បីបើកភ្នែកលោកបាឡាម(ខ.៣១) ឲ្យបានដឹងអំពីគ្រោះថ្នាក់ដែលកំពុងរង់ចាំគាត់ ហើយរារាំងគាត់មិនឲ្យធ្វើអាក្រក់មកលើរាស្រ្តព្រះអង្គ។ សត្វស្វាបាប៊ូនអាចធ្វើការនៅស្ថានីយរថភ្លើងបាន ហើយសត្វលារបស់លោកបាឡាមក៏ចេះនិយាយ។ បើព្រះទ្រង់អាចប្រើសត្វដ៏អស្ចារ្យទាំងនេះ ដើម្បីបំពេញគោលបំណងដ៏ល្អបាន នោះយើងក៏មិនពិបាកនឹងជឿថា ព្រះអង្គក៏អាចប្រើយើងផងដែរ។ ចូរយើងមើលទៅព្រះអង្គ ហើយស្វែងរកកម្លាំងពីព្រះអង្គ ដើម្បីឲ្យយើងអាចសម្រេចកិច្ចការថ្វាយព្រះអង្គ លើសពីការរំពឹងគិតរបស់យើងទៅទៀត។—JAMES BANKS
តើអ្នកបានឃើញព្រះទ្រង់ប្រើនរណាខ្លះ លើសពីការរំពឹងគិត? តើអ្នកអាចត្រៀមខ្លួនដូចម្តេចខ្លះ ដើម្បីឲ្យព្រះអង្គប្រើអ្នកនៅថ្ងៃនេះ?
ឱព្រះអម្ចាស់ សូមព្រះអង្គប្រើទូលបង្គំឲ្យបម្រើព្រះអង្គ! សូមប្រើជើង និងមាត់ទូលបង្គំ តាមបំណងព្រះទ័យព្រះអង្គ។ សូមជួយទូលបង្គំ ឲ្យរស់នៅថ្វាយព្រះអង្គ នៅថ្ងៃនេះ។
គម្រោងអានព្រះគម្ពីរ រយៈពេល១ឆ្នាំ : ជនគណនា ២០-២២ និង ម៉ាកុស ៧:១-១៣
ល្ងាច

តើមានអ្វីដែលព្រះអង្គមិនអាចធ្វើបានទេ?
ដោយUltimately with R.C. Sproul
February 27, 2023
តើព្រះទ្រង់អាចបង្កើតថ្មធំពេក ដែលទ្រង់មិនអាចលើកវារួចឬ? នៅថ្ងៃនេះដែរ លោកគ្រូ អរ ស៊ី ស្រ្ពោល(R.C. Sproul) សូមពន្យល់អំពីអត្ថន័យរបស់ពាក្យ ព្រះដ៏មានគ្រប់ចេស្ដា។ អត្ថបទ ក្នុងថ្នាក់រៀននីមួយៗ នៅសាលាព្រះគម្ពីរ ដែលខ្ញុំធ្លាប់បានទៅបង្រៀន ខ្ញុំតែងតែជួបសិស្សដែលសួរសំណួរពិបាកៗ ដូចនេះថា “លោកគ្រូ តើលោកគ្រូជឿថា ព្រះមានគ្រប់ព្រះចេស្ដាទេ?” បាទខ្ញុំជឿ “តើលោកគ្រូជឿថា ព្រះអង្គអាចធ្វើការគ្រប់យ៉ាងបាន?” បាទខ្ញុំជឿ។ “តើលោកគ្រូជឿថា គ្មានការអ្វីដែលព្រះអង្គធ្វើមិនកើតទេ?” បាទខ្ញុំជឿ។ “បើអញ្ចឹង តើលោកគ្រូជឿថា តើព្រះអង្គអាចបង្កើតថ្មធំពេក ដែលព្រះអង្គមិនអាចលើកវារួចឬទេ?” បើខ្ញុំនិយាយថា ខ្ញុំជឿថា ព្រះអង្គអាចបង្កើតថ្មធំពេក ដែលព្រះអង្គមិនអាចលើករួច នោះមានន័យថា មានការខ្លះព្រះអង្គមិនអាចធ្វើបានទេ ហើយព្រះអង្គមិនមែនជាព្រះមានគ្រប់ចេស្ដានោះឡើយ។ ហើយបើខ្ញុំនិយាយថា ទេ ព្រះអង្គមិនអាចបង្កើតថ្មធំពេក ដែលព្រះអង្គមិនអាចលើកវាបាន នោះមានន័យថា ការនិយាយដូចនេះ គឺមិនខុសពីការនិយាយថា ព្រះទ្រង់មិនមែនជាព្រះគ្រប់ចេស្តា ព្រោះមានការខ្លះព្រះអង្គមិនអាចធ្វើបាន។ មានចម្លើយដ៏ត្រឹមត្រូវមួយ សម្រាប់សំណួរនេះ។ ចម្លើយនោះសាមញ្ញណាស់។ តើព្រះទ្រង់អាចបង្កើតថ្មធំពេក ដែលព្រះអង្គមិនអាចលើកបានឬ? ជាការពិតណាស់ ព្រះអង្គមិនអាចបង្កើតថ្មធំពេក ដែលព្រះអង្គមិនអាចលើកបាននោះឡើយ។ ហេតុអ្វី? ព្រោះព្រះអង្គមានគ្រប់ព្រះចេស្ដា។ ហេតុអ្វី? ព្រោះគ្មានអ្វីដែលព្រះអង្គមិនអាចធ្វើបាននោះទេ។ ហើយការដែលព្រះអង្គមានគ្រប់ចេស្តា មិនមែនមានន័យថា ព្រះអង្គអាចធ្វើអ្វីក៏បាននោះទេ។ ព្រះអង្គមិនអាចកុហក ព្រះអង្គមិនអាចឈប់ធ្វើជាព្រះផង ហើយធ្វើជាមនុស្សផងក្នុងពេលតែមួយ និងក្នុងទំនាក់ទំនងតែមួយនោះឡើយ។ ព្រះអង្គមិនអាចធ្វើអំពើបាប។ ហើយដរាបណាព្រះអង្គនៅតែជាព្រះ ការអ្វីក៏ដោយដែលព្រះអង្គបង្កើត នោះព្រះអង្គក៏គ្រប់គ្រងផងដែរ។