ពួកស្រីមេម៉ាយក៏ឈរជិតគាត់ទាំងយំ ព្រមទាំងបង្ហាញអាវ និងសំលៀកបំពាក់ទាំងប៉ុន្មាន ដែលតេប៊ីថាបានធ្វើឲ្យ ពីកាលនាងនៅជាមួយនៅឡើយ។ កិច្ចការ ៩:៣៩
ក្នុងរយៈពេលពីរបីថ្ងៃ មុនពេលឪពុកខ្ញុំលាចាកលោក មានគ្រូពេទ្យម្នាក់ឈ្មោះរេជល(Rachel) បានចូលមកក្នុងបន្ទប់ព្យាបាលគាត់ ហើយសួរគាត់ថា តើគាត់ចង់ឲ្យនាងជួយកោរពុកមាត់ឲ្យគាត់ទេ? ពេលរេជលយកឡាមមកកោរពុកមាត់ឲ្យគាត់ នាងក៏បានពន្យល់គាត់ថា នាងចង់កោរពុកមាត់ឲ្យគាត់ ព្រោះចាស់ៗ ក្នុងជំនាន់របស់គាត់ចូលចិត្តកោរពុកមាត់ឲ្យបានស្អាតជារៀងរាល់ថ្ងៃ។ រេជលបានមើលឃើញតម្រូវការរបស់គាត់ ហើយក៏បានបង្ហាញចេញនូវចិត្តសប្បុរស ភាពថ្លៃថ្នូ និងការគោរពដល់គាត់។ ការយកចិត្តទុកដាក់ដ៏សុភាពរបស់នាង បានធ្វើឲ្យខ្ញុំនឹកចាំ អំពីមិត្តភក្តិខ្ញុំឈ្មោះ ជូលី(Julie) ដែលនៅតែលាបក្រចកដៃឲ្យម្តាយចាស់ជរា ព្រោះជូលីចង់ឲ្យម្តាយរបស់ខ្លួននៅតែមានសម្រស់ស្អាត។
បទគម្ពីរកិច្ចការជំពូក៩ បានចែងអំពីសិស្សម្នាក់ឈ្មោះ តេប៊ីថា ដែលបានបង្ហាញចេញនូវចិត្តសប្បុរស ដោយចែកខោអាវដែលខ្លួនបានដេរ ឲ្យអ្នកក្រ(ខ.៣៦,៣៩)។ ពេលនាងស្លាប់ ដោយសារជំងឺ មិត្តភក្តិរបស់នាងជាច្រើនបានមកជួបជុំគ្នាពេញបន្ទប់របស់នាង ដោយទួញយំ ដើម្បីកាន់ទុក្ខស្រ្តីដ៏សប្បុរស ដែលចូលចិត្តជួយអ្នកដទៃ។
តែរឿងរបស់តេប៊ីថា នៅមិនបានចប់ត្រឹមនេះទេ។ ពេលដែលសាវ័កពេត្រុសបានមកដល់ គាត់ក៏បានលត់ជង្គង់នៅក្បែរសពនាង ហើយអធិស្ឋាន។ ដោយព្រះចេស្តារបស់ព្រះ គាត់ក៏បានហៅឈ្មោះនាងថា “តេប៊ីថាអើយ ចូរនាងក្រោកឡើង”។ នាងក្រោកឡើង នាងក៏បើកភ្នែកឃើញពេត្រុស រួចឡើងអង្គុយ។ ពេលមិត្តភក្តិរបស់នាងបានដឹងថា នាងនៅមានជីវិត ដំណឹងអំពីការអស្ចារ្យនេះបានឮសុះសាយពេញទីក្រុង ហើយមនុស្សជាច្រើនក៏បានទទួលជឿព្រះអម្ចាស់(ខ.៤២)។
ព្រះគម្ពីរមិនបានប្រាប់យើងថា តេប៊ីថាបានធ្វើអ្វីខ្លះ នៅពេលក្រោយមកទៀតទេ។ យើងជឿថា គាត់ប្រហែលបន្តធ្វើការល្អដូចមុនទៀត ដោយជួយបំពេញតម្រូវការរបស់អ្នកទ័លក្រ។—CINDY HESS KASPER
តើអ្នកស្គាល់នរណាខ្លះ ដែលតែងតែព្យាយាមជួយអ្នកដទៃ? តើធ្វើដូចម្តេចឲ្យអ្នកអាចដឹង អំពីតម្រូវការរបស់អ្នកដទៃ?
ឱព្រះវរបិតា សូមព្រះអង្គបើកភ្នែកទូលបង្គំ ជារៀងរាល់ថ្ងៃ ឲ្យមើលឃើញមនុស្ស ដែលកំពុងមានការឈឺចាប់ និងការខ្វះខាត នៅជុំវិញទូលបង្គំ។ សូមព្រះអង្គបើកចិត្តទូលបង្គំ ឲ្យធ្វើអ្វីដែលបង្ហាញគេឲ្យស្គាល់សេចក្តីស្រឡាញ់របស់ព្រះអង្គ។
គម្រោងអានព្រះគម្ពីរ រយៈពេល១ឆ្នាំ : ជនគណនា ១៧-១៩ និង ម៉ាកុស ៦:៣០-៥៦