មើលឃើញតម្រូវការ

ពួក​ស្រី​មេម៉ាយ​ក៏​ឈរ​ជិត​គាត់​ទាំង​យំ ព្រមទាំង​បង្ហាញ​អាវ និង​សំលៀកបំពាក់​ទាំងប៉ុន្មាន ដែល​តេ​ប៊ី​ថា​បាន​ធ្វើឲ្យ ពី​កាល​នាង​នៅជា​មួយ​នៅឡើយ។ កិច្ចការ ៩:៣៩

ក្នុង​រយៈពេល​ពីរបី​ថ្ងៃ មុន​ពេល​ឪពុក​ខ្ញុំ​លាចាក​លោក មាន​គ្រូពេទ្យ​ម្នាក់​ឈ្មោះ​រេ​ជល(Rachel) បាន​ចូល​មក​ក្នុង​បន្ទប់​ព្យាបាល​គាត់ ហើយ​សួរ​គាត់​ថា តើ​គាត់​ចង់​ឲ្យ​នាង​ជួយ​កោរ​ពុកមាត់​ឲ្យ​គាត់​ទេ? ពេល​រេ​ជល​យក​ឡាម​មក​កោរ​ពុកមាត់​ឲ្យ​គាត់ នាង​ក៏បាន​ពន្យល់​គាត់​ថា នាង​ចង់​កោរ​ពុក​មាត់​ឲ្យ​គាត់ ព្រោះ​ចាស់​ៗ ក្នុង​ជំនាន់​របស់​គាត់​ចូលចិត្ត​កោរ​ពុកមាត់​ឲ្យបាន​ស្អាត​ជា​រៀងរាល់ថ្ងៃ។ រេ​ជលបាន​មើលឃើញ​តម្រូវការ​របស់​គាត់ ហើយក៏​បាន​បង្ហាញ​ចេញ​នូវ​ចិត្តសប្បុរស ភាព​ថ្លៃ​ថ្នូ និង​ការគោរព​ដល់​គាត់។ ការ​យកចិត្ត​ទុកដាក់​ដ៏​សុភាព​របស់​នាង បាន​ធ្វើឲ្យ​ខ្ញុំ​នឹក​ចាំ អំពី​មិត្ត​ភក្តិ​ខ្ញុំ​ឈ្មោះ ជូ​លី(Julie) ដែល​នៅតែ​លាប​ក្រចកដៃ​ឲ្យ​ម្តាយ​ចាស់ជរា ព្រោះ​ជូ​លី​ចង់​ឲ្យ​ម្តាយ​របស់​ខ្លួន​នៅតែ​មាន​សម្រស់​ស្អាត។

បទ​គម្ពីរ​កិច្ចការ​ជំពូក៩ បាន​ចែង​អំពី​សិស្ស​ម្នាក់​ឈ្មោះ តេ​ប៊ី​ថា ដែល​បាន​បង្ហាញ​ចេញ​នូវ​ចិត្ត​សប្បុរស ដោយ​ចែក​ខោអាវ​ដែល​ខ្លួន​បាន​ដេរ ឲ្យ​អ្នកក្រ(ខ.៣៦,៣៩)។ ពេល​នាង​ស្លាប់ ដោយសារ​ជំងឺ មិត្ត​ភក្តិ​របស់​នាង​ជាច្រើន​បាន​មក​ជួបជុំគ្នា​ពេញ​បន្ទប់​របស់​នាង ដោយ​ទួញ​យំ ដើម្បី​កាន់ទុក្ខ​ស្រ្តី​ដ៏​សប្បុរស ដែល​ចូលចិត្ត​ជួយ​អ្នកដទៃ។

តែ​រឿង​របស់​តេ​ប៊ី​ថា នៅ​មិនបាន​ចប់​ត្រឹម​នេះ​ទេ។ ពេល​ដែល​សាវ័ក​ពេត្រុស​បាន​មកដល់ គាត់​ក៏បាន​លត់​ជង្គង់​នៅ​ក្បែរ​សព​នាង ហើយ​អធិស្ឋាន។ ដោយ​ព្រះ​ចេស្តា​របស់​ព្រះ គាត់​ក៏បាន​ហៅឈ្មោះ​នាង​ថា “តេ​ប៊ី​ថា​អើយ ចូរ​នាង​ក្រោក​ឡើង”។ នាង​ក្រោក​ឡើង នាង​ក៏​បើកភ្នែក​ឃើញ​ពេត្រុស រួច​ឡើង​អង្គុយ។ ពេល​មិត្ត​ភក្តិ​របស់​នាង​បានដឹង​ថា នាង​នៅ​មាន​ជីវិត ដំណឹង​អំពី​ការ​អស្ចារ្យ​នេះ​បានឮ​សុះសាយ​ពេញទីក្រុង ហើយ​មនុស្សជា​ច្រើន​ក៏បាន​ទទួល​ជឿ​ព្រះអម្ចាស់(ខ.៤២)។

ព្រះគម្ពីរ​មិន​បាន​ប្រាប់​យើង​ថា តេ​ប៊ី​ថា​បាន​ធ្វើអ្វី​ខ្លះ នៅពេល​ក្រោយ​មក​ទៀត​ទេ។ យើង​ជឿ​ថា គាត់​ប្រហែល​បន្ត​ធ្វើការល្អ​ដូចមុន​ទៀត ដោយ​ជួយ​បំពេញ​តម្រូវការ​របស់​អ្នក​ទ័លក្រ។—CINDY HESS KASPER

តើ​អ្នក​ស្គាល់​នរណា​ខ្លះ ដែល​តែងតែ​ព្យាយាម​ជួយ​អ្នកដទៃ? តើ​ធ្វើ​ដូចម្តេច​ឲ្យ​អ្នក​អាច​ដឹង អំពី​តម្រូវការ​របស់​អ្នកដទៃ?

ឱ​ព្រះ​វរបិតា សូម​ព្រះអង្គ​បើកភ្នែក​ទូលបង្គំ ជា​រៀង​រាល់ថ្ងៃ ឲ្យ​មើលឃើញ​មនុស្ស ដែល​កំពុង​មានការ​ឈឺចាប់ និង​ការ​ខ្វះខាត នៅ​ជុំវិញ​ទូលបង្គំ។ សូម​ព្រះអង្គ​បើក​ចិត្ត​ទូលបង្គំ ឲ្យ​ធ្វើអ្វី​ដែល​បង្ហាញ​គេ​ឲ្យ​ស្គាល់​សេចក្តី​ស្រឡាញ់​របស់​ព្រះអង្គ។

គម្រោងអានព្រះគម្ពីរ រយៈពេល១ឆ្នាំ : ជនគណនា ១៧-១៩ និង ម៉ាកុស ៦:៣០-៥៦

Share this post:
Facebook
Twitter
LinkedIn
WhatsApp

More articles