រួចព្រះយេហូវ៉ាទ្រង់បើកមាត់លា វាក៏និយាយទៅបាឡាមថា តើខ្ញុំបានធ្វើអ្វីដល់លោក បានជាលោកវាយខ្ញុំ៣ដងហើយនេះ។ ជនគណនា ២២:២៨
ជែក(Jack)ជាសត្វស្វា ដែលដឹងអំពីរបៀបផ្លាស់ប្តូរទិសដៅរបស់ផ្លូវដែក ដើម្បីឲ្យរថភ្លើងធ្វើដំណើរតាមទិសដៅដ៏ត្រឹមត្រូវ។ ក្នុងរយៈពេលដែលវាធ្វើការនៅស្ថានីយរថភ្លើងអស់រយៈពេល៩ឆ្នាំ វាមិនដែលខកខានក្នុងការផ្លាស់ប្តូរផ្លូវរថភ្លើង ពេលដែលរថភ្លើងធ្វើដំណើរជិតមកដល់ស្ថានីយរថភ្លើងទីក្រុងអ៊ូទេនហេក ប្រទេសអាហ្វ្រិកខាងត្បូង ដោយប្រើសម្លេងហួចជាសញ្ញាបង្ហាញទិសដៅដែលខ្លួនត្រូវទៅ។
លោកចេម វ៉ាយ(James Wide) ដែលជាអ្នកធ្វើសញ្ញាបញ្ជារថភ្លើង បានចិញ្ចឹមវា ហើយវាក៏បានបម្រើគាត់វិញ។ លោកវ៉ាយបានបាត់បង់ជើងទាំងពីរ កាលគាត់ធ្លាក់ពីលើទូរថភ្លើងដែលកំពុងផ្លាស់ទី។ គាត់បានបង្រៀនជែកឲ្យជួយធ្វើកិច្ចការខ្លះៗ ក្នុងផ្ទះ ហើយមិនយូរប៉ុន្មានជែកក៏បានធ្វើជាជំនួយការរបស់គាត់ នៅស្ថានីយរថភ្លើងផងដែរ ដោយរៀនអំពីរបៀបឆ្លើយតប ចំពោះការឲ្យសញ្ញារបស់រថភ្លើងពីចម្ងាយ ដោយលើកគន្លឹះ ដើម្បីផ្លាស់ប្តូរទិសដៅរបស់ផ្លូវដែក។
ព្រះគម្ពីរក៏បានចែងអំពីសត្វមួយប្រភេទទៀត ដែលបានជួយមនុស្សម្នាក់ តាមរបៀបដ៏គួរឲ្យភ្ញាក់ផ្អើល។ លោកបាឡាម ជាហោរារបស់សាសន៍ដទៃ ដែលបានបម្រើស្តេចមួយអង្គ ដែលចង់ធ្វើការអាក្រក់មកលើសាសន៍អ៊ីស្រាអែល។ ពេលដែលលោកបាឡាមកំពុងជិះសត្វលារបស់គាត់ ទៅជួយស្តេចអង្គនោះ “ព្រះយេហូវ៉ាទ្រង់បើកមាត់លា វាក៏និយាយទៅបាឡាម”(ជនគណនា ២២:២៨)។ ព្រះទ្រង់បានប្រើសត្វលាឲ្យនិយាយ ដើម្បីបើកភ្នែកលោកបាឡាម(ខ.៣១) ឲ្យបានដឹងអំពីគ្រោះថ្នាក់ដែលកំពុងរង់ចាំគាត់ ហើយរារាំងគាត់មិនឲ្យធ្វើអាក្រក់មកលើរាស្រ្តព្រះអង្គ។
សត្វស្វាបាប៊ូនអាចធ្វើការនៅស្ថានីយរថភ្លើងបាន ហើយសត្វលារបស់លោកបាឡាមក៏ចេះនិយាយ។ បើព្រះទ្រង់អាចប្រើសត្វដ៏អស្ចារ្យទាំងនេះ ដើម្បីបំពេញគោលបំណងដ៏ល្អបាន នោះយើងក៏មិនពិបាកនឹងជឿថា ព្រះអង្គក៏អាចប្រើយើងផងដែរ។ ចូរយើងមើលទៅព្រះអង្គ ហើយស្វែងរកកម្លាំងពីព្រះអង្គ ដើម្បីឲ្យយើងអាចសម្រេចកិច្ចការថ្វាយព្រះអង្គ លើសពីការរំពឹងគិតរបស់យើងទៅទៀត។—JAMES BANKS
តើអ្នកបានឃើញព្រះទ្រង់ប្រើនរណាខ្លះ លើសពីការរំពឹងគិត? តើអ្នកអាចត្រៀមខ្លួនដូចម្តេចខ្លះ ដើម្បីឲ្យព្រះអង្គប្រើអ្នកនៅថ្ងៃនេះ?
ឱព្រះអម្ចាស់ សូមព្រះអង្គប្រើទូលបង្គំឲ្យបម្រើព្រះអង្គ! សូមប្រើជើង និងមាត់ទូលបង្គំ តាមបំណងព្រះទ័យព្រះអង្គ។ សូមជួយទូលបង្គំ ឲ្យរស់នៅថ្វាយព្រះអង្គ នៅថ្ងៃនេះ។
គម្រោងអានព្រះគម្ពីរ រយៈពេល១ឆ្នាំ : ជនគណនា ២០-២២ និង ម៉ាកុស ៧:១-១៣